ភ្នំពេញ : ក្រុមហ៊ុនអន្តរជាតិមួយឈ្មោះ Six Sences Krabey Island បានប្រកាសពីគំរោងវិនិយោគដ៏ធំរបស់ខ្លួន ដើម្បីបង្កើតរមណីយដ្ឋាន សណ្ឋាគារនៅទឹកដីកោះក្របីក្នុងខេត្តព្រះសីហនុ។
យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រុមហ៊ុនខាងលើនេះ បានឲ្យដឹងកាលពីពេលថ្មីៗនេះថា រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅកោះក្របី នៃខេត្តព្រះសីហនុ ដែលស្ថិតក្នុងតំបន់រាម។ គំរោងនេះគ្របដណ្តប់ទៅលើផ្ទៃដី១៥ហិកតា។
ការរចនារមណីយ ដ្ឋាន Six Senses គឺបានផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍បែបនិរន្ដរភាព សំដៅដល់ការការពារនិងថែរក្សាបរិស្ថានឲ្យនៅមានលក្ខណៈដូចដើម។
សេចក្តីប្រកាសដដែលបានឲ្យដឹងថា រមណីយដ្ឋាន Six Sensesគឺមានវីឡាដាច់ដោយឡែកពីគ្នាចំនួន៤០ ដែលវីឡានីមួយៗមានបំពាក់ទៅដោយអាងហែលទឹក និង លម្អរដោយសម្ភារៈធ្វើពីវត្ថុធាតុធម្មជាតិ ព្រមទាំងបានផ្សារភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាទំនើបផងដែរ។
តំណាងរបស់ក្រុមហ៊ុន Six Scences Krabey Islandបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា លោកបានសង្កេតឃើញថា ប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំង ជាពិសេសក្នុងខេត្តព្រះសីហនុ។ ហេតុនេះវាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការផ្តោតទៅលើកំណើនអភិវឌ្ឍន៏ដែលប្រកបទៅ ដោយនិរន្តរភាព»។
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោកតាំង សុចិត្រគ្រឹះស្នាបានអំពាវនាវម្តងហើយម្តងទៀតឲ្យអ្នកវិនិយោគជាតិ អន្តរជាតិវិនិយោគសាងសង់ផ្ទះសំណាក់ និងស ណ្ឋាគារបន្ថែមនៅក្នុងខេត្តនេះ ដែលបច្ចុប្បន្នខេត្តកំពុងប្រឈមការខ្វះខាតបន្ទប់ជាច្រើន ដោយសារការកើនឡើងនូវចំនួនភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគចិន ពិសេសអ្នកវិនិយោគចិនបានជួលសណ្ឋាគារភាគច្រើន ដើម្បីរៀបចំជាកាស៊ីណូ ហើយពួកគេមិនទទួលភ្ញៀវសម្រាប់ចូលស្នាក់នៅនោះទេ។
លោកបន្តថា “ទោះជាចំនួនសណ្ឋាគារផ្កាយ៥ ដែលមានបន្ទប់ចំនួនប្រមាណ២០០០នឹងដាក់ដំណើរការចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយក្តី ប៉ុន្តែចំនួនបន្ទប់នៅតែខ្វះខាត ហេតុនេះការវិនិយោគបន្ថែម ពិតជាមានសារៈសំខាន់ណាស់ ដើម្បីឆ្លើយតបតម្រូវការរបស់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ”៕
ប្រភព : Property area