ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្រមានពីតម្លៃលំនៅដ្ឋានឡើងខ្ពស់នៅក្នុងតំបន់អាស៊ី អាចនឹងបង្កអោយមានគំរាមកំហែង ដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់ បើសិនជាគ្មានការផ្លាស់ប្តូរជាបន្ទាន់ ចំពោះគោលនយបាយអោយបានជាក់លាក់នោះទេ។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមានមូលដ្ឋាននៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន បានចេញរបាយការណ៍របស់ខ្លួន (Asian Development Outlook 2018) កាលពីពេលថ្មីៗនេះបានបញ្ជាក់ថា តំលៃនៃការទិញលំនៅដ្ឋានកើនឡើងខ្ពស់ នៅតាមបណ្តាទីក្រុងធំៗមួយចំនួនក្នុងតំបន់អាស៊ី រួមមាន ទីក្រុងប៉េកាំង ទីក្រុងហុងកុង ទីក្រុងគួឡាឡាំពួ ទីក្រុងសេអ៊ូល និងសិង្ហបុរី ចាប់តាំងពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៧ ដោយសារកត្តាមួយចំនួន ដូចជាការកើនឡើងនៃការហូរចូលមូលធន ការធ្វើចំណាកស្រុកពីទីជនបទទៅទីក្រុង ការបន្ធូរបន្ថយគោលនយោបាយឥណទាននិងការរក្សាជំហររូបិយវត្ថុ។
របាយការណ៍នេះបានឱ្យដឹងទៀតថា“ការកើនឡើងយ៉ាងខ្លាំងនេះ កំពុងបង្កឱ្យមានការព្រួយបារម្ភ ព្រោះអចលនទ្រព្យលំនៅដ្ឋាន គឺមានសារៈសំខាន់ណាស់ សម្រាប់មូលធននៅអាស៊ី ភាពប្រែប្រួលនៃតម្លៃលំនៅដ្ឋាន អាចមានផលប៉ះពាល់យ៉ាងខ្លាំងដល់អ្នកមានបំណងក្នុងការទិញលំនៅដ្ឋាន។
ក្រុមអ្នកវិភាគបានសំដែងការព្រួយបារម្ភ ចំពោះតម្លៃលំនៅឋាននៅក្នុងទីក្រុងទាំងនេះ ដែលនឹងបង្កអោយមានការប្រែប្រួលចំពោះ លំហូរលុយចេញទៅខាងក្រៅដើម្បីឆ្លើយតបទៅនឹងការរឹតបន្តឹងសេដ្ឋកិច្ច និងគោលនយោបាយរូបិយវត្ថុ។
ធនាគារអភិវឌ្ឍន៍អាស៊ី បានចេញរបាយការណ៍របស់ខ្លួន ដោយយោងតាមការសិក្សាចំពោះការកើនឡើងតម្លៃលំនៅដ្ឋាន និងការប្រែប្រួលសេដ្ឋកិច្ចមានការធ្លាក់ចុះរយៈពេលវែង និងកាន់តែជ្រៅ៕
ប្រភព : Property area