ភ្នំពេញ៖ ស្របពេលចរន្តពុះដីឡូត៍លក់មានការកើនឡើងយ៉ាងគំហុក ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកជំនាញអចលនទ្រព្យកម្ពុជាបានអះអាងថា ការពុះដីឡូត៍លក់បើគ្មានការទប់ស្កាត់ និងមានយន្តការច្បាស់លាស់ នឹងធ្វើឲ្យប៉ះពាល់ឬរារាំងដល់ការអភិវឌ្ឍទីក្រុងនាពេលអនាគត។
លោកបណ្ឌិតគីម ហ៊ាងប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១ តុលាកន្លងមកថា បើនិយាយពីដីឡូត៍ និងសេចក្តីប្រកាសថ្មីៗរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់វាជាពេលសមស្រប ហើយរំពឹងថាសេចក្តីប្រកាសថ្មីនេះនឹងមានប្រសិទ្ឋិភាព ប៉ុន្តែលោកគិតថាសេចក្តីប្រកាសថ្មីនេះហាក់មិនមានភាពច្បាស់លាស់នោះទេ។
លោកបន្តថា “ការអភិវឌ្ឍដីឡូត៍នៅកម្ពុជា ជិតក្លាយជាជំងឺមហារីកហើយ ខណៈដែលប្រជាពលរដ្ឋគិតថាល្អ ប៉ុន្តែផែនការ១០ទៅ២០ឆ្នាំក្រោយ ដីឡូត៍នឹងធ្វើឲ្យរដ្ឋាភិបាលពិបាកពង្រីកក្រុង អភិវឌ្ឍន៍ទីក្រុងឲ្យទំនើប និងទាន់សម័យ ដោយសារជាប់គាំងនឹងដីឡូត៍នេះឯង។
លោកលាងគង់ យិនស្ថាបនិកគេហទំព័រ Propertyarea.asiaដែលបានតាមដានការវិវត្តន៍នៅក្នុងផ្នែកនេះ បានយល់ស្របនឹងការលើកឡើងរបស់លោកបណ្ឌិតគីម ហ៊ាងដោយលោកបានថ្លែងថា តំបន់ដីឡូត៍ ជាតំបន់គ្មានការអភិវឌ្ឍ ហើយបើទោះជាមានការសាងសង់លំនៅដ្ឋាន ក៏លំនៅដ្ឋានតំបន់នោះគ្មានរបៀបរៀបរយនោះទេ ព្រោះអ្នកអភិវឌ្ឍដីឡូត៍ភាគច្រើនបានលក់តែដី ដោយមិនបានរៀបចំហេដ្ឋារចនាសម្ព័ន្ឋ ឬគំរូលំនៅដ្ឋានដែលគួរសាងសង់នៅលើដីនោះទេ។
លោកបានបន្តលើកជាសំណួរថា អ្នកអភិវឌ្ឍន៍ដីឡូត៍បានប្រកាសពីគំរោងផ្លូវ ប្រព័ន្ឋលូក្នុងគំរោងរបស់ខ្លួន ប៉ុន្តែសួរថាតើផ្លូវពួកគេធ្វើសមស្របតាមស្តង់ដា និងប្រព័ន្ឋបង្ហូរមានភាពច្បាស់លាស់ឬទេ? តើត្រូវបង្ហូរទៅទីណា ទឹកភ្លើងនៅឯណា? អ្នកណាជាអ្នកចំណាយជាដើម?។
លោកបន្តថា “អ្នកលក់ដីឡូត៍ភាគច្រើនចំណេញកប់ក្តោងរួចទៅហើយ ហេតុនេះបើទិញដីឡូត៍ដើម្បីយកចំណេញ គឺមានឳកាសចំណេញតិចតួចណាស់។
លោកលាងគង់ យិនបានសំណូមពរឲ្យក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់គួរកំណត់បទដ្ឋានច្បាស់លាស់មួយ សម្រាប់អ្នកអភិវឌ្ឍន៍ដីឡូត៍ គួរតែមានការរៀបចំប្រព័ន្ឋហេដ្ឋារចនាសម្ព័ន្ឋច្បាស់លាស់ គួរមានគំរូលំនៅដ្ឋានមួយសមស្របដែលអ្នកទិញដីឡូត៍ត្រូវសាងសង់ដូចៗគ្នា និងគួរកំណត់រយៈពេលច្បាស់លាស់ថា បន្ទាប់ពីទិញរយៈពេលប៉ុន្មានត្រូវសាងសង់លំនៅដ្ឋានរបស់ខ្លួន ព្រោះបច្ចុប្បន្នតំបន់ដីឡូត៍គ្មានការអភិវឌ្ឍច្បាស់លាស់នោះទេ។
បញ្ហានេះមិនត្រឹមតែកើតនៅកម្ពុជានោះទេ ប៉ុន្តែវាបានកើតមាននៅប្រទេសវៀតណាមផងដែរ ប៉ុន្តែរដ្ឋាភិបាលវៀតណាមបានចេញច្បាប់ទប់ស្កាត់ចរន្តពុះដីឡូត៍លក់បានទាន់ពេលវេលា៕
ប្រភព : Property area