Register Already an agent ? Login

ដំណឹង​ល្អ! ការសាងសង់​ផ្លូវ​ល្បឿន​លឿន នឹង​ចាប់ផ្តើម​នៅ​ខែវិច្ឆិកា​ខាងមុខមិន​ប្រែប្រួល​ទេ

ភ្នំពេញ៖ មន្ត្រី​ជំនាញ​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​បាន​ថ្លែង​ឲ្យ​ដឹង​ជាថ្មី​ថា គំរោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ក្រុងព្រះសីហនុ​នឹង​ចាប់ផ្តើម​នៅ​កំឡុង​ខែវិច្ឆិកា​ខាងមុខនេះ មិនមាន​ការប្រែប្រួល​នោះទេ។

លោក វ៉ា ស៊ីម​សូរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី១ តុលា​កន្លងមក​ថា គំរោង​សាងសង់​ផ្លូវ​ល្បឿន​លឿន នឹង​ចាប់​ផ្តើមចេញពី​តំបន់​ទំនប់​កប់​ស្រូវ ដែល​ស្ថិតនៅ​ផ្នែក​ខាងស្តាំ​ផ្លូវជាតិ​លេខ៤ និង​រត់​ស្របតាម​ផ្លូវជាតិ​នេះ​ប្រវែង​ប្រមាណ៣០គីឡូម៉ែត្រ មុនពេល​ផ្លូវ​នេះ​បែក​ទៅខាង​ឆ្វេង​ផ្លូវជាតិ​នេះ រហូត​ជិត​ដល់​ក្រុងព្រះសីហនុ ទើប​ផ្លូវ​នេះ​ងាក​មក​ខាងស្តាំ​ដៃ​នៃ​ផ្លូវជាតិ​លេខ៤វិញ។

លោក​បន្តថា “គំរោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ នឹងមាន​ផ្លូវ​រត់​បួន​ខ្សែ​សម្រាប់​រថយន្ត ដោយមាន​ពីរ​គន្លង​សងខាង និង​មាន​សួនច្បារ​ពុះ​ចំ​កណ្តាលផ្លូវ។ ផ្លូវ​នេះ​នឹងមាន​ការសាងសង់​រប​ង ដើម្បី​ការពារ​សត្វពាហនៈ​ឆ្លងកាត់ និង​មិនមាន​ចំណុច​ឆ្លងកាត់​ច្រើន​នោះទេ។លោក​បន្តថា “ផ្លូវ​នេះ​មាន​ប្រវែង​ប្រមាណ១៩០គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ និង​អាច​អនុ​ញ្ញា​ត្ត​ឲ្យ​រថយន្ត​អាច​បើកបរ​ក្នុង​ល្បឿន​លឿន​បាន ព្រោះ​វា​នឹងត្រូវ​កសាង​មាន​លក្ខណៈពិសេស។

យោងតាម​ឯកសារ​ដែល Propertyarea.asia ទទួលបាន នៅក្នុង​ពិធី​ចុះហត្ថលេខា​រវាង​លោក​ទេសរដ្ឋមន្ត្រី​ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​ជាមួយ​លោក Liu Gitao ប្រធាន​ក្រុមហ៊ុន​សំណង់​គមនាគមន៍​ចិន ក្នុង​កំឡុង​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ចិន លោក​លី ខឺ​ឈាង​មក​កម្ពុជា​កាលពី​ឆ្នាំមុន​បាន​បង្ហាញថា ផ្លូវ​ល្បឿន​លឿន​នេះ មាន​ប្រវែង ១៩០,៦៣គីឡូម៉ែត្រ និង​មាន​ទទឹងផ្លូវ​ទំហំ២៤ម៉ែត្រ និង​ធ្វើឡើង​ក្រោមរូបភាព BOT។

លោក វ៉ា ស៊ីម​សូរិយា បាន​បន្ត​ឲ្យ​ដឹងថា ការសាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ នឹងមាន​ទីតាំង​ចំណុច​ឆ្លងកាត់​ប្រមាណ១០កន្លែង ជា​ផ្លូវ​ដែល​លោក​គិតថា​នឹង​ជួយ​ដល់​សេដ្ឋកិច្ចជាតិ ព្រមទាំង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ធ្វើ​ឲ្យ​តម្លៃ​នៃ​ការដឹកជញ្ជូន​របស់​ក​ម្ពុ​ជា​ធ្លាក់ចុះ​ផងដែរ។លោក​បន្តថា តាម​គំរោង​ការសាងសង់​ផ្លូវ​នេះ គ្រោង​ចំណាយ​រយៈពេល៤ឆ្នាំ ទើប​បញ្ចប់​ការសាងសង់ ហេតុនេះ យើង​រំពឹងថា ការសាងសង់​នឹង​អាចធ្វើ​ឡើងឆាប់ៗនេះ។

ទោះជា​យ៉ាងណា​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ការដោះស្រាយ​ផលប៉ះពាល់ នៃ​គំរោង​ផ្លូវ​ល្បឿន​លឿន​នេះ​បានបញ្ចប់​រួចហើយ។

ក្រោយ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ​បញ្ចប់ ផ្លូវ​នេះ​នឹង​ជួយ​សម្រួលការ​ធ្វើដំណើរ​ទៅ​ខេត្ត​ព្រះសីហនុ​កាន់តែ​ខ្លី ជួយ​សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ ធ្វើ​ឲ្យ​សេដ្ឋកិច្ចជាតិ មានការ​រីកចម្រើន​កាន់តែ​ល្អប្រសើរ​ថែមទៀត។

រដ្ឋាភិបាល​បានដាក់​ខេត្ត​ព្រះសីហនុ​ទាំងមូល ជា​តំបន់ឧស្សាហកម្ម នៅក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម ឆ្នាំ២០១៥ ២០១៥ ដែលជា​គោលនយោបាយ​មួយ​ត្រូវ​បានអនុម័ត និង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ខែតុលា ឆ្នាំ២០១៦កន្លងមកនេះ។

ទីប្រឹក្សា​ជាន់ខ្ពស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​លោក​បណ្ឌិត ​ម៉ី កល្យាណ ​បាន​ថ្លែងថា បញ្ហា​ប្រឈម​ក្នុង​សេដ្ឋកិច្ច​របស់​យើង គឺ​ការដឹកជញ្ជូន​មានតម្លៃ​ថ្លៃ ដោយសារ​កង្វះ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ ដែល​រដ្ឋាភិបាល​បាននិងកំពុង​គិតគូ​វិនិយោគ ប៉ុន្តែ​ការសាងសង់​អ្វីមួយ វា​មិន​ចំណាយពេល​មួយថ្ងៃ​ឬមួយ​ឆ្នាំ​ទេ ហេតុនេះ​រដ្ឋាភិបាល​គួរ​ព​ន្លឿ​ន​ការវិនិយោគ​លើផ្លូវ​ល្បឿន​លឿន និង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ដទៃទៀត។

លោក​បន្តថា “ការសាងសង់​ផ្លូវ​ល្បឿន​លឿន ឬ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​នានា ជាការ​បង្កើន​កំណើន​សេដ្ឋកិច្ចជាតិ ព្រោះ​បើ​ចង់​ជំរុញ​កំនើន​សេដ្ឋកិច្ចជាតិ ត្រូវតែ​វិនិយោគ​លើ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ”៕

ប្រភព : Property area