ភ្នំពេញ: នៅទីបំផុតគំរោងសាងសង់អាគារកំពស់៣៨ជាន់ចំនួន៣ និងមានអាងទឹកខាងលើនៃគំរោងRIVIERA នៅទីក្រុងកោះពេជ្របានសម្រេចកែប្រែកំពស់អាគារ និងផ្លាស់ប្តូររចនាសម្ព័ន្ឋអាគាររបស់ខ្លួនហើយ។
ដំបូងឡើយគំរោងនេះគ្រោងសាងសង់អាគារចំនួន៥ ដោយក្នុងនោះអាគារចំនួនពីរមានកំពស់២៨ជាន់(សាងសង់រួច) មានផ្សារទំនើបស្ថិតនៅកណ្តាលគំរោង(ជាប់គាំង)និងសាងសង់អាគារចំនួន៣ទៀត ដែលមានកំពស់៣៨ជាន់ និងមានអាងទឹកខាងលើប្រវែងប្រហែល២០០ម៉ែត្របន្តុបពីលើ។ ប៉ុន្តែរហូតមកដល់ពេលនេះ គំរោងនេះបានបញ្ចប់គ្រោងអាគារចំនួនពីរ ដែលមានកំពស់ជាង២០ជាន់ប៉ុណ្ណោះ និងអាគារមួយទៀតទំនងជាមិនសាងសង់នោះទេ។
ប៉ុន្តែក្រោយមកគំរោងនេះ ត្រូវបានទិញយកដោយក្រុមហ៊ុនGREENLAND GROUPមកពីប្រទេសចិន ដើម្បីសាងសង់សណ្ឋាគារប្រណីតកម្រិតផ្កាយ៥។
លោកទូច សំណាងអគ្គនាយករងក្រុមហ៊ុនOCICដែលគ្រប់គ្រងការអភិវឌ្ឍទីក្រុងកោះពេជ្របានថ្លែងថា គំរោងនេះមិនស្ថិតនៅក្នុងដៃរបស់OCICទៀតឡើយ ព្រោះបច្ចុប្បន្នគំរោងនេះក្រុមហ៊ុនផ្សេងបានវិនិយោគ ហេតុនេះសូមសួរទៅកាន់អ្នកវិនិយោគគំរោងនេះ។
Propertyarea.asia មិនអាចទាក់ទងថ្នាក់ដឹកនាំនៃក្រុមហ៊ុន GREENLAND GROUPដើម្បីពន្យល់បានទេ។
អ្នកជំនាញអចលនទ្រព្យកម្ពុជាមួយរូបបាននិយាយមិនបញ្ចេញឈ្មោះថា គំរោងរបស់ចិនមួយចំនួនបានពន្យាពេលសាងសង់ ឬកាត់បន្ថយគំរោងរបស់ខ្លួននៅកម្ពុជា ដោយសារតែវិបត្តិនៃសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ដែលធ្វើឲ្យក្រុមហ៊ុនចិនជាច្រើនរងការខាតបង់ ដោយសារសង្រ្គាមពាណិជ្ជកម្មនេះ។
ជាក់ស្តែងគំរោងSINO PLAZA ដែលគ្រោងសាងសង់អាគារពាណិជ្ជកម្ម និងលំនៅដ្ឋានចំនួន៥ ស្ថិតនៅទីតាំងអតីតផ្សារបឹងត្របែក បានផ្អាកសកម្មភាពសាងសង់រយៈពេលប្រមាណ៣ខែរួចមកហើយ៕
ប្រភព : Property area