ភ្នំពេញ៖ មន្ត្រីជាន់ជាន់ខ្ពស់នៃក្រសួងរៀបចំដែនដី គរូបនីយកម្ម និងសំណង់អំពាវនាវឲ្យពលរដ្ឋពលគ្រប់រូបត្រូវតែមានការប្រុងប្រយ័ត្ន និងត្រួតពិនិត្យអោយបានច្បាស់លាស់ទៅលើឯកសារពាក់ព័ន្ធផ្សេង” មុននឹងសម្រេចទីញ ឬលក់ដីបន្ទាប់ពីក្រសួងបានពិនិត្យឃើញថា ការពុះដីឡូតិ៍លក់ហាក់មានភាពអនាធិបតេយ្យយ៉ាងខ្លាំង និងមិនត្រឹមត្រូវតាមច្បាប់ឡើយ។
ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពី ការអភិវឌ្ឍដីនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មបានបញ្ជាក់ថា បន្ទាប់ពីក្រសួងរៀបចំដែនដីបានអនុម័តប្រកាស ត្រូវអនុវត្តទាក់ទងនឹងការអភិវឌ្ឍដីទាំងអស់ រួមទាំងការពុះដីឡូតិ៍ ជាគម្រោងមួយនៅក្នុងការអភិវឌ្ឍដី ត្រូវតែសុំច្បាប់ អនុញ្ញាតពីក្រសួងរៀបចំដែនដី ឬពីសាលារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ទៅតាមទំហំសមត្ថកិច្ច។
លោកបន្តថា “ប្រកាស និងបទដ្ឋានគតិយុត្តិជាច្រើនទៀតរបស់ក្រសួង ជាបទដ្ឋានគតិយុត្តិទាក់ទងទាំងអស់ ទាំងវិស័យឯកជន និងវិស័យវិជ្ជាជីវៈ ហើយគ្រប់សាធារណៈ ជននិងឯកជន ត្រូវតែគោរពតាមគោលការណ៍ច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន ក្នុងករណីដែលមិនគោរពតាមក្រសួង គឺមានតែការដាក់ទណ្ឌកម្ម ដល់អ្នកលក់ដីឡូតិ៍បោកប្រាស់តែម្តង។
លោកប៉ែន សុផល បានឲ្យដឹងទៀតថា តាមគោលការណ៍ច្បាប់ភូមិបាលបានផ្តល់កម្មសិទ្ធិ ហើយរាជរដ្ឋាភិបាលបានរៀបចំប្រព័ន្ធចុះបញ្ជីជាប្រព័ន្ធ និងដាច់ដោយដុំ ដូចនេះប្រជាពលរដ្ឋត្រូវតែពិនិត្យមើលមុននឹងទិញ ថាដីនោះពិតជាបានចុះបញ្ជីត្រឹមត្រូវ និងជាដីរបស់អ្នកដែលបានលក់ ពិតប្រាកដឬអត់។
បញ្ហាដីឡូត៍បច្ចុប្បន្នជារឿងស្មុគ្រស្មាញមួយ ដោយសារការពុះដីឡូត៍ធ្វើឡើងដោយអនាធិបតេយ្យ ដោយមិនមានប្លង់ប្រើប្រាស់ដី មិនមានហេដ្ឋារចនាសម្ព័ន្ឋសមស្រប និងតាមស្តង់ដានៅឡើយ ពិសេសមានអ្នកពុះដីឡូត៍មួយចំនួន បានបោកប្រាស់អតិថិជន ដោយយកដីគេមកលក់ គ្រាន់តែបានកក់ប្រាក់ដល់ម្ចាស់ដីមួយចំនួនប៉ុណ្ណោះ។