ភ្នំពេញ៖ តម្លៃដីធ្លីនៅក្រុងព្រះសីហនុ បានកើនឡើងដល់ ៤០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ពិសេសតំបន់ឆ្នេរអូរឈើទាល ជាទីតាំងដែលតម្លៃដីធ្លីមានកំនើននិងតម្លៃខ្ពស់ជាងគេ។
យោងតាមការសិក្សារបស់ក្រុមហ៊ុន FURI TIMES SQAURE ដែលបានបញ្ចប់កាលពីពេលថ្មីៗនេះបានរកឃើញថា ខេត្តព្រះសីហនុមានការរីកចម្រើនលឿនស្ទើរមិនគួរឲ្យជឿ និងមានកំនើនប្រជាពលរដ្ឋយ៉ាងច្រើន ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសកំនើននៃជនជាតិចិនដែលបានមកវិនិយោគ និងរស់នៅក្នុងទីក្រុងដ៏ស្រស់ស្អាតនេះ។ការសិក្សាដដែលបានរកឃើញថា តម្លៃដីនៅក្រុងព្រះសីហនុបានកើនឡើងកប់ពពកនៅតាមតំបន់ជាច្រើន ជាក់ស្តែងដីនៅតំបន់អូរឈើទាល ក្រុងព្រះសីហនុបានកើនតម្លៃពី១៥០០ ទៅ២៥០០ដុល្លារកាលពីឆ្នាំ២០១៥ ប៉ុន្តែបច្ចុប្បន្នឡើងពី២០០០ដល់៤០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
ចំណែកដីនៅតំបន់អូរត្រេសបានកើនពី៣០០ ទៅ៥០០ដុល្លារកាលពីឆ្នាំ២០១៥ ដល់ ចន្លោះពី១៥០០ទៅ២៨០០ដុល្លារមួយម៉ែត្រការ៉េផងដែរ។
ការសិក្សានេះបានរកឃើញថា ចំនួនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិទៅទស្សនាក្នុងក្រុងព្រះសីហនុ មានចំនួនចន្លោះពី៧០០០ទៅ៩០០០នាក់ក្នុងមួយថ្ងៃ ក្នុងនោះទេសចរណ៍អន្តរជាតិម្នាក់ចំណាយ១៥០ដុល្លារក្នុងមួយថ្ងៃ ហើយរយៈពេលជាមធ្យមពួកគេស្នាក់នៅចំនួន១សប្តាហ៍។
ជាមួយនឹងកំនើនភ្ញៀវទេសចរណ៍ជាប្រចាំនេះ លោកតាំង សុចិត្រគ្រឹស្នាប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានអំពាវនាវឲ្យអ្នកវិនិយោគជាតិ អន្តរជាតិបន្តវិនិយោគសាងសង់សណ្ឋាគារ ឬផ្ទះសំណាក់ក្នុងខេត្តឲ្យបានច្រើនថែមទៀត ដើម្បីឆ្លើយតបនឹងកំនើននៃតម្រូវការប្រើប្រាស់របស់ភ្ញៀវជាតិ អន្តរជាតិ។
ជាមួយនឹងកំនើននៃការវិនិយោគ និងទេសចរណ៍បានធ្វើឲ្យអ្នករស់នៅក្រុងព្រះសីហនុភាគច្រើនទទួលបានផលប្រយោជន៍ តាមរយៈការលក់ដីដែលមានតម្លៃកើនឡើងខ្ពស់លើសការរំពឹងទុក។ ការជួលផ្ទះដែលទទួលបានតម្លៃថ្លៃ ដោយផ្ទះល្វែងមាន៤ទៅ៥បន្ទប់ ប្រជាពលរដ្ឋអាចជួលបានចន្លោះ៤០០០ទៅ៥០០០ដុល្លារក្នុងមួយខែ ឬច្រើនជាងនេះប្រសិនជាផ្ទះស្ថិតនៅជាប់ផ្លូវឯករាជ្យ ដែលជាផ្លូវមេក្នុងទីក្រុងនេះ៕
ប្រភព : Property area