នំពេញ: ស្របពេលទីផ្សារអចលនទ្រព្យមានសកម្មភាពផុសផុល ការវិនិយោគលើវិស័យនេះទាមទារភាពឆ្លាតវៃផងដែរ ដើម្បីទទួលបានឳកាសចំណេញ និងកាត់បន្ថយហានិភ័យ។
លោកច្រឹក សុខនីមអគ្គនាយកក្រុមហ៊ុនCentury21 Mekongដែលមានជំនាញទិញលក់លំនៅដ្ឋាននៅតាមបុរីនានាបានថ្លែងថា ការទិញអចលនទ្រព្យទាំងនេះ វាអាស្រ័យលើលក្ខខ័ណ្ឌប្រាក់ចំណូល និងលំហូរសាច់ប្រាក់របស់អ្នកវិនិយោគនិមួយៗ។
វិនិយោគទិញដី
ប្រសិនជាចង់វិនិយោគលើដីធ្លី អ្នកវិនិយោគត្រូវដឹងថា ការវិនិយោគបែបនេះមិនមានលំហូរសាច់ប្រាក់ភ្លាមៗនោះទេ។ហេតុនេះអ្នកវិនិយោគលើដីធ្លីត្រូវមើលលក្ខខ័ណ្ឌប្រាក់ចំណូលរបស់ខ្លួន ព្រោះប្រសិនជាខ្ចីលុយពីធនាគារទិញដី ហើយស្ថានភាពលំហូរសាច់ប្រាក់របស់ខ្លួន មិនមានភាពល្អប្រសើរគួរកុំទិញអី។ ផ្ទុយទៅវិញ ប្រសិនជាអ្នកវិនិយោគមានសាច់ប្រាក់៥០ភាគរយ ហើយខ្ចីលុយធនាគារ៥០ភាគរយ និងមានលំហូរសាច់ប្រាក់អាចដំណើរការបាន គួរវិនិយោគលើដីធ្លីមានឳកាសចំណេញច្រើនជាង។
ការវិនិយោគលើដីធ្លីគួរមើលតំបន់ ដែលស្ថិតក្នុងផែនការអភិវឌ្ឍន៍របស់ រដ្ឋាភិបាល គួរពិនិត្យលើប្លង់ដីឲ្យបានច្បាស់លាស់ ដើម្បីបញ្ចៀសជម្លោះណាមួយ និងគួរមើលពីសក្តានុពលនៅទីតាំងដីរបស់ខ្លួន។
ទិញផ្ទះល្វែង
ការទិញផ្ទះល្វែង ក៏មានឳកាសចំណេញផងដែរ ហើយក៏ជាការវិនិយោគមានលំហូរសាច់ប្រាក់ផងដែរ ព្រោះផ្ទះល្វែងអាចជួលបាន ប៉ុន្តែអ្នកទិញក៏គួរពិនិត្យមើលលំហូរសាច់ប្រាក់របស់ខ្លួន និងទំហំឥណទានដែលត្រូវខ្ចី និងសងត្រលប់ទៅធនាគារបាន។ ការទិញផ្ទះល្វែងនៅតំបន់សម្រាប់រស់នៅ និងតំបន់ពាណិជ្ជកម្ម ផ្ទះល្វែងនៅតំបន់ពាណិជ្ជកម្ម មានឳកាសចំណេញខ្ពស់ជាង ប៉ុន្តែក៏មានតំលៃថ្លៃជាងតំបន់លំនៅដ្ឋានសម្រាប់រស់នៅធម្មតាផងដែរ។
ការទិញផ្ទះល្វែង ក៏គួរពិនិត្យទៅលើទីតាំង និងលក្ខខ័ណ្ឌច្បាប់ផងដែរ ដើម្បីបញ្ចៀសហានិភ័យ ដែលធ្វើឲ្យអត្រាចំណេញទាប និងមានហានិភ័យខ្ពស់។
ការទិញខុនដូ
ខុនដូជាវិស័យថ្មីមួយ ដែលទើបមានការពេញនិយមជាបណ្តើរៗនៅកម្ពុជា ។ការវិនិយោគលើខុនដូភាគច្រើនផ្តោតសម្រាប់ជួល យកប្រាក់ត្រលប់មកវិញ ប៉ុន្តែការទុកលក់យកចំណេញ មិនទាន់មានឳកាសចំណេញខ្ពស់ទេ ដោយសារលំនៅដ្ឋានជាប់ដី នៅតាមបុរីនានានៅតែមានតម្លសមស្រប និងមានចំនួនច្រើននៅឡើយ។
ហេតុនេះការទិញខុនដូគួរតែវិនិយោគលើទីតាំង ដែលមានការពេញនិយមច្រើនពីអ្នកស្នាក់នៅ ដូចជា ក្នុងសង្កាត់ទន្លេបាសាក់ សង្កាត់ចតុមុខ សង្កាត់បឹងកេងកង១ជាដើម ដែលជាតំបន់មានមនុស្សរស់នៅច្រើន និងមានការពេញនិយម ពីជនបរទេស៕
ប្រភព : Property area