Register Already an agent ? Login

មន្រ្តីជំនាញប្រាប់ពីហេតុផលដែលគម្រោងសាងសង់ព្រលានយន្តហោះ កោះកុងបានពន្យាពេលសាងសង់

ភ្នំពេញ៖ មន្រ្តីជំនាញរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានអះអាងថា ក្រុមហ៊ុនTianjin Union Development Group (TUDG) បានពន្យាពេលសាងសង់ព្រលានយន្តហោះអន្តរជាតិខេត្តកោះកុងមួយរយៈខ្លី ដោយសារការធ្លាក់ភ្លៀងខ្លាំង។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ិន ចាន់សិរីវុត្ថាបានថ្លែងឲ្យដឹងនៅដើមសប្តាហ៍នេះថា ភាគីក្រុមហ៊ុនសាងសង់ព្រលាន​យន្តហោះនេះបានមកជួបជាមួយមន្រ្តីជំនាញ និងមន្រ្តីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋា​នអាកាសចរណ៍ស៊ីវិលចំនួនពីរលើកមកហើយ ដើម្បីបង្ហាញពីគំរោងរបស់ពួកគេ និងសកម្មភាពនៃការចាប់ផ្តើមគំរោងនេះ។លោកបន្តថា ប៉ុន្តែបច្ចុប្បន្នព្រលានយន្តហោះនេះសាងសង់យឺត ដោយសារភ្លៀងធ្លាក់ខ្លាំង។

ក្រុមហ៊ុន Tianjin Union Development Group បានទទួលដីសម្បទានពីរដ្ឋាភិ​បាលជាង៥ម៉ឺនហិកតា ដែលគ្របដណ្តប់ស្រុកស្រុកពីររបស់ខេត្តកោះកុង ជាអ្នក​សាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីនេះ។ ក្រុមហ៊ុននេះគ្រោងបោះទុនវិនិយោគប្រមាណ៥០០០លានដុល្លារអាមេរិក ហើយនៅពេលថ្មីៗនេះក្នុងជំនួបជាមួ​យរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថ្នាក់ដឹកនាំក្រុមហ៊ុននេះ បានប្រកាសគំរោងវិនិយោគដាច់ដោយឡែកមួយ គឺសាងសង់លំនៅដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្មសំ​រាប់វិស្សមកាលតម្លាំ១២០០លានដុល្លារអាមេរិក។

លោកស៊ិន ចាន់សិរីវុត្ថាបានបន្តថា សកម្មភាពឈូសឆាយទីតាំងសាងសង់ ព្រលានយន្តហោះអន្តរជាតិថ្មីនេះ បានចាប់ផ្តើមតាំងពីដើមឆ្នាំនេះមកម្លេស ប៉ុន្តែសកម្មភាពហាក់មានភាពយឺតៗ ដោយសាររដូវភ្លៀង ប៉ុន្តែនៅពេលបញ្ចប់រដូវភ្លៀងសកម្ម​ភាពនៃការសាងសង់នឹងត្រូវពន្លឿនហើយ។

ទោះជាយ៉ាងណាតាមព៌តមានរបស់ក្រុមហ៊ុននេះ នាពេលកន្លងមកបានឲ្យដឹងថា រដ្ឋាភិបាល​កម្ពុជាបានអនុម័ត នូវគំរោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ដែលវិនិយោ​គដោយក្រុមហ៊ុន Tianjin Union Development Group ជាក្រុមហ៊ុនដែលបាន និងកំពុងវិនិយោគលើរមណីយដ្ឋាន​ទេសចរណ៍លំដាប់អន្តរជាតិនៅខេត្តកោះកុង។

តំណាងក្រុមហ៊ុន Tainjin Union Development Group លោកស្រីប៊ែលឡា ហ្សាងធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា ការធ្វើផែមការសាងសង់ព្រលាន​យន្តហោះលំដាប់អន្តរជាតិនេះ បានបញ្ចប់ហើយ និងកំពុងត្រៀមរៀបចំផែនការដើម្បីធ្វើការសាងសង់។ ព្រលានយន្តហោះនេះ អាចទទួលអ្នកដំណើរបាន១០លាននាក់ក្នុងមួយឆ្នាំ និងអាចចុះចតយន្តហោះខ្នាតធំ Boeing 380 ហើយក្រុមហ៊ុនបានធ្វើការសិក្សាពីភូមិសាស្រ្ត និងកំណត់ទីតាំងសម្រាប់ព្រលានយន្តហោះ​នេះរួចហើយ។

តាមព៌តមានរបស់ក្រុមហ៊ុនដដែលនេះបានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងដំណើរការគំរោងរមណីយដ្ឋាន លំដាប់ប្រណីតនៅខេត្តកោះកុងរួចហើយ ដែលរួមមានសណ្ឋាគារលំដាប់ផ្កាយ៥ភោជនីយដ្ឋាន ទីលានវាយកូនហ្គោលលំដាប់អន្តរជាតិជាដើម។​

ទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជាលោកហូ វណ្ឌីបានថ្លែងថា ការមានព្រលានយន្តហោះថ្មីមួយទៀត នឹងហុចសក្តានុពលសម្រាប់វិស័យអាកាសចរណ៍នៅកម្ពុជា ជាពិសេសផ្តល់ឲ្យមានជម្រើសកាន់តែច្រើនថែមទៀត សម្រាប់ក្រុមហ៊ុនអាកាសចរ​ណ៍នានា ដែលអាចហោះហើរត្រង់មកកម្ពុជា ហើយប្រសិនជាព្រលាន​ថ្មីនេះមានស្តង់ដាអន្តរជាតិ វានឹងអាចទាក់ទាញក្រុមហ៊ុនអាកាសចរណ៍មកពីប្រទេសថៃ និងខេត្តរបស់ថៃដែលជាប់នឹងកម្ពុជា អាចភ្ជាប់បណ្តាញហោះហើរទៅវិញទៅមក។

លោកបន្តថា “ខ្ញុំស្វាគមន៍គំរោងវិនិយោគដ៏ល្អនេះ ដែលវានឹងជួយជំរុញកំនើនសេដ្ឋកិច្ច និងទាក់ទាញទេសចរណ៍មកទស្សនាកម្ពុជា កាន់តែច្រើនថែមទៀត”។

ការវិនិយោគនេះជាផ្នែកមួយនៃវិថីសូត្រ ខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ប្រទេ​សចិន មកកម្ពុជា ដែលរដ្ឋាភិបាលប្រទេសទាំងពីរ បានគាំទ្រគ្នាទៅវិញទៅមក​ ហើយកម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចរណ៍ចិន២លាននាក់នៅឆ្នាំ២០២០ខាងមុខនេះ៕

ប្រភព : Property area