ភ្នំពេញ៖ ក្រុមហ៊ុនក្នុងស្រុកធំជាងគេនៅកម្ពុជា OCIC គ្រោងវិនិយោគជាង ៣០០០លានដុល្លារអាមេរិក ដើម្បីទីក្រុងរណបជ្រោយចង្វារជាទីក្រុងពាណិជ្ជកម្មនាពេលអនាគត នឹងេរៀបចំទីក្រុងនេះមានលក្ខណៈជា Smart City។
អគ្គនាយករងក្រុមហ៊ុន OCIC លោក ទូច សំណាង បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ទីក្រុងនេះនឹងរៀបចំឡើងតាមបែប Smart City ដោយប្រព័ន្ឋហេដ្ឋារចនាសម្ព័ន្ឋត្រូវបានរៀបចំជាពិសេស ដោយខ្សែភ្លើងនឹងត្រូវកប់ក្រោមដីទាំងអស់ អំពូលភ្លើងនឹងប្រើប្រាស់ប្រភេទអំពូល LED ដែលមានការបំពាក់កាមេរ៉ានិងទឹកកខ្វក់ទាំងអស់ចេញពីទីក្រុងនេះ នឹងត្រូវឆ្លងកាត់ការចម្រោះទាំងអស់មុននឹងបង្ហូរចេញ។
លោកបន្តថា “ការវិនិយោគទីក្រុងបែបស្មាតស៊ីធី ត្រូវចំណាយប្រាក់ច្រើន ប៉ុន្តែដើ ម្បីនិរន្តរភាពបរិស្ថាន និងភាពសុខសាន្ត ក៏ដូចជាផាសុខភាពដល់ប្រជាពលរដ្ឋ ពិតជាអ្វី ដែលយើងត្រូវផ្តោត”។
អគ្គលេខាធិការរងនៃគណៈស្ថាបត្យករកម្ពុជា និងជាស្ថាបត្យករអាស៊ានលោក ទួស សាភឿនបានមានប្រសាសន៍ថា ទីក្រុងឆ្លាតវៃតម្រូវឲ្យមានផែនការធំទូលាយសម្រាប់ទីក្រុងទាំងមូល មិនមែនត្រឹមទីក្រុងរណបនោះទេ។ ទីក្រុងឆ្លាតវៃ គួរតែមានចន្លោះបៃតង ដូចជា សួនច្បារដែលព័ទ្ធជុំវិញអគារសាធារណៈ ដើម្បីឱ្យមនុស្សអាចសម្រាក និងទទួលបានខ្យល់អាកាសបរិសុទ្ធ។
លោកបានបន្ថែមថា “ទីក្រុងឆ្លាតវៃអាចកើតឡើងបានលុះត្រាតែមាន មេដឹកនាំពូកែដែលធ្វើការលើផែនការមេដ៏ទូលំទូលាយក្នុងការអភិវឌ្ឍ ទីក្រុងពោលគឺមានផែនការមេតាមផ្លូវច្បាប់ច្បាស់លាស់ដែលគ្រប់គ្រងលើ ការប្រើប្រាស់ដីសំណុំបែបបទ ការរចនា ឬ ការប៉ុនប៉ងគ្រប់គ្រងលើការអភិវឌ្ឍទីក្រុង”។លោកបន្តថា “តំបន់នីមួយៗត្រូវតែកំណត់ឲ្យបានច្បាស់ថា ជាតំបន់លំនៅឋាន ពាណិជ្ជកម្ម ឬឧស្សាហកម្មដែលនឹងអាចពង្រីកឱកាសនៅក្នុងការអភិវឌ្ឍទីក្រុង និងដែលអាចជួយដល់ការរស់នៅរបស់ប្រជាជន នៅក្នុងទីក្រុងកាន់តែប្រសើរឡើង។
តាមការព្យាករណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានឲ្យដឹងថា គិតត្រឹមឆ្នាំ២០៣០ខាងមុខ ប្រជាជនជិត៨លាននាក់ត្រូវគេរំពឹងថា នឹងរស់នៅក្នុងទីក្រុង ហើយភាគច្រើននៃពួកគេនឹងមករស់នៅក្នុងទីក្រុងភ្នំពេញ។
រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់លោកសាស្រ្តាចារ្យ ភឿង សុភ័ណ្ឌបានថ្លែងថា ការសាងសង់អាគារធំៗ និងការគិតគូរពីបញ្ហាបរិស្ថានជាការងាររបស់យើង ដែលត្រូវផ្តោតយកចិត្តទុកដាក់លើអ្វីដែលគេឲ្យឈ្មោះថា Smart City ព្រោះទីក្រុងបែបឆ្លាតវៃនេះ ទាមទារការគិតគូរច្រើនណាស់ ដើម្បីសម្រេចបាននូវស្តង់ដាទីក្រុងមួយ ដែលមានភាពទាក់ទាញ និងផ្តល់ភាពសុខសាន្តដល់ប្រជាពលរដ្ឋ។
លោកបន្តថា “ការសាងសង់អាគារត្រួវតែធ្វើឡើង ដោយមានទីធ្លាបៃតង កន្លែងលេងកំសាន្ត ការទាញយកពន្លឺព្រះអាទិត្យ មកប្រើជំនួសឬកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី ការដាំដើមឈើក្នុងអាគារ និងប្រព័ន្ឋចម្រោះទឹកកខ្វក់ជាដើម សុទ្ឋតែជារឿងចាំបាច់ ដើម្បីធានានិន្តរភាពនៃការអភិវឌ្ឍ ដោយត្រូវគោរពនូវពាក្យស្លោកការអភិរក្ស ត្រូវដើរទន្ទឹមគ្នានឹងការអភិរ័ក្ស”៕
ប្រភព : Property area