ភ្នំពេញ : អ្នកជំនាញរៀបចំដែនដី និងអាជ្ញាធរស្រុកពញ្ញាឮបានចាប់ផ្តើមរៀបចំប្លង់គោលដើម្បីអភិវឌ្ឍន៍នៅមូលដ្ឋាន ប្រកបដោយចីរភាពខណៈការរីកចម្រើនសេដ្ឋកិច្ចសង្គមបានកើនឡើងយ៉ាងឆាប់រហ័ស។
គណៈអភិបាលអភិបាលស្រុកពញាឮ លោក ថន សុវណ្ណា បានលើកឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយប្លង់គោលប្រើប្រាស់ដី និងពង្រាងផែនការហេដ្ឋារចនាសម្ពន្ធ័សាធារណៈ ដែលប្រារព្ធនៅសាលាស្រុកពញាឮ ខេត្តកណ្តាល នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨កន្លងមកថា ការផ្សាយប្លង់គោលក្នុងការប្រើប្រាស់ដីឲ្យមានប្រសិទ្ធ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ស្រុកទាំងមូល ដើម្បីរៀបចំហេដ្ឋារចនាសម្ពន្ធ័សាធារណៈរួមមាន ផ្លូវ ព្រែក ប្រឡាយ អូរ ស្ទឹង អាងទឹក តំបន់ការពារ និងអភិរក្សផ្សេងៗ ឲ្យបានល្អប្រសើរ ស្របតាមគោលនយោនាយរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាសេនាធិការក្នុងការប្រតិបត្តិផ្ទាល់អំពីដីធ្លីនេះ។
លោក ថន សុវណ្ណា បន្តថា ដើម្បីពង្រឹងការគ្រប់គ្រង់ដីធ្លីឲ្យមានប្រសិទ្ធ ការៀបចំប្លង់គោលសម្រាប់ស្រុកនៅពេលនេះ គឺជាការវិវត្តថ្មីមួយ ក្នុងការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន សម្រាប់ប្រជាពលរដ្ឋ ឧស្សាហកម្ម ទេសចរណ៍ កសិកម្ម និងគម្រោងបង្កើតឋានសុខដុមនៃការរស់នៅ លំហែកាយ និងការប្រកបការងារផ្សេងៗ ជាពិសេសតាមរយៈការអនុវត្តន៍ប្លង់គោលនេះ អាចកាត់បន្ថយនូវទំនាស់ដីធ្លីផ្សេងៗ ដែលធ្លាប់តែមានបញ្ហាកើតឡើងឥតឈប់ឈរនៅក្នុងមូលដ្ឋាននីមួយៗ។
លោកបណ្ឌិត វ៉ាន់ វ៉ាត អនុប្រធានមន្ទីរគនរូបនីយកម្ម ដែនដី និងសំណង់ ខេត្តកណ្តាលបានមានប្រសាសន៍ឲ្យដឹងថា ការកំណត់ព្រំប្រទល់ភូមិ ឃុំ ស្រុក បានច្បាស់លាស់ គឺមានសារៈសំខាន់ខ្លាំងណាស់ នៅក្នុងដំណើរការគ្រប់គ្រង់ដីធ្លីនៅថ្នាក់មូលដ្ឋានដូចជា ការកាន់កាប់ដីមានសុវត្ថិភាព មានយាមការច្បាស់លាស់ ការកាន់កាប់ដីធ្លីមិនជាន់គ្នា ការធ្វើឲ្យមន្រ្តីជំនាញអាចគ្រប់គ្រងបាននូវលើស្ថិតិដីធ្លី និងការកាន់កាប់ដីតាមបែបប្រជាសាស្រ្ត រួមជាមួយការកាត់បន្ថយទម្លាស់ព្រំប្រទល់ដីធ្លី ពិសេសការធានានូវតម្លាភាពកាន់កាប់ដីធ្លីផងដែរ។
លោកបណ្ឌិត វ៉ាន់ វ៉ាត បានអំពាវនាវដល់អាជ្ញាធរគ្រប់ស្រុក ក្រុង ឃុំ សង្កាត់ ក្នុងខេត្តកណ្តាលទាំងអស់ ជួយពន្លឿនកិច្ចការរៀបចំប្លងគោលឲ្យបានលឿនទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍន៍របស់ប្រទេសជាតិយើង ស្របតាមការអនុវត្តន៍គោលនយោយកែទម្រង់ដីធ្លីស៊ីជម្រៅ ដើម្បីពង្រឹកបង្កើននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងបង្កើនការគ្រប់គ្រង់ដីធ្លីឲ្យកាន់តែមានប្រសិទ្ធភាពជូនដល់ប្រជាពលរដ្ឋ ប្រកបដោយសុខដុមនីយកម្មក្នុងប្រទេសទាំងមូល៕
ប្រភព : Property area