ភ្នំពេញ : ផ្សារទំនើបទី១នៅក្រុងព្រះសីហនុ FURI TIMES SQAURE បានប្រកាស បើកសម្ភោធនិងបង្ហាញពីសក្តានុពលរបស់ខ្លួន នារសៀលថ្ងៃទី២០ កញ្ញានេះ ខណៈផ្សារទំនើបនេះនឹងបើកដំណើរការផ្លូវការនៅកំឡូងខែ កញ្ញា ឆ្នាំ២០១៩ខាងមុខនេះ។
អ្នកនាង ជិន ចាន់ឡែន នាយិកាផ្សារទំនើប FURI TIMES SQAURE បានមានប្រសាសន៍ឲ្យក្រុមអ្នកសារព៌តមានដឹងនារសៀលថ្ងៃនេះថា ដោយសារកំនើនទេសចរណ៍ និងអ្នកវិនិយោគអន្តរជាតិនានា ពិសេសជនជាតិចិនកើនឡើង ទើបក្រុមហ៊ុនសហការជាមួយអ្នកវិនិយោគមកពីទីក្រុងម៉ាកាវ ប្រទេសចិន ដើម្បីសាងសង់ផ្សារទំនើបនៅលើផ្ទៃដីទំហំ១ហិកតានេះឡើង។អ្នកនាងបន្តថា ទីក្រុងព្រះសីហនុ មិនទាន់មានផ្សារទំនើបនៅឡើយទេ ខណៈតម្រូវការផ្សារទំនើបកើនឡើង ហេតុនេះទើបយើងសម្រេចចិត្តវិនិយោគគំរោងនេះដែលគ្រោងចំណាយទុនជិត១០លានដុល្លារអាមេរិក។
អ្នកនាងបន្តថា “យើងជឿជាក់ថាគំរោងនេះទទួលបានជោគជ័យ ដោយសារកំនើនប្រជាសាស្រ្ត កំនើនទេសចរណ៍ និងអ្នកវិនិយោគអន្តរជាតិ”។
ផ្សារទំនើបនេះមានកំពស់៤ជាន់ ដែលនឹងនាំយកទៅជាមួយនូវផលិតផលអាហារ ភេសជ្ជៈល្បីៗជាច្រើនទៅជាមួយដូចជា ហាងកាហ្វេអាម៉ាហ្សូន ស្តាបាក់ ស៊ូពើម៉ាឃីត រោងភាពយន្តរីជេនជាដើម។
ផ្សារទំនើបនេះនឹងបើកដំណើរការ២៤ម៉ោងសម្រាប់ជាន់ខាងក្រោម និងបើកត្រឹមម៉ោង៩យប់សម្រាប់ពីជាន់ទី១ដល់ជាន់ទី៤។
អ្នកនាង ជិន ចាន់ឡែន បានបន្តថា ផ្សារទំនើបនេះត្រូវបានឌីសាញឡើងមានលក្ខណៈទំនើប និងសន្សំសំចៃអគ្គិសនី ព្រោះយើងគិតគូដល់បរិស្ថាន និងអនាម័យ។ គំរោងនេះនឹងជួលក្នុងតម្លៃ៥៥ដុល្លារក្នុងមួយម៉ែត្រការ៉េសម្រាប់ជាន់ទី១ និង៤៥ដុល្លារចាប់ពីជាន់ទី២ដល់ជាន់ទី៤។
យោងតាមការសិក្សារបស់ក្រុមហ៊ុន FURI TIMES SQAURE បានឲ្យដឹងថា បច្ចុប្បន្នខេត្តព្រះសីហនុមានប្រជាជនរស់នៅជាង៣០ម៉ឺននាក់ និងមានភ្ញៀវទេសចរណ៍ ជាតិ និងអន្តរជាតិទៅទស្សនាកំសាន្តក្នុងមួយថ្ងៃចន្លោះពី៨០០០ទៅ៩០០០នាក់៕
ប្រភព : Property area