Register Already an agent ? Login

ឧកញ៉ា​ធំៗ​ពីរ​រូប​​បង្ហាញពី​គន្លឹះ​ដើម្បី​ក្លាយ​ជា​បុគ្គល​ជោគជ័យ

ភ្នំពេញ : អ្នកណាក៏ចង់ក្លាយជាអ្នកមានទ្រព្យសម្បត្តិច្រើនមែនទេ? ប៉ុន្តែការ​មិនដឹងពីវិធីសាស្រ្តដើម្បីក្លាយជាអ្នកមាន មិនមានចក្ខវិស័យច្បាស់លាស់ ការស្រ​ម័យដើម្បីក្លាយជាអ្នកមានទ្រព្យធនច្រើន ប្រាកដជាមិនជោគជ័យនោះទេ។

គេហទំព័រPropertyarea.asia សូមលើកយកប្រសាសន៍ និងវិធីសាស្រ្តអ្នក ជោគជ័យពីររូបមកបង្ហាញ ដែលពួកគាត់ជាឧកញ៉ាល្បីឈ្មោះក្នុងសង្គមកម្ពុជាផងដែរ។

លោកឧកញ៉ាលី ហួរអគ្គនាយកក្រុមហ៊ុនលី ហួរគ្រុបដែលលោកបានចាប់​ផ្តើមអាជីវកម្មពីជ្រូកមួយក្បាល និងបច្ចុប្បន្នមានក្រុមហ៊ុនក្នុងដៃចំនួន៨បានមាន​ប្រសាសន៍ឲ្យដឹងថា អ្នកចង់ធ្វើជាអ្នកមានត្រូវមានមហិច្ឆតាធំ និងត្រូវមានគោលដៅច្បាស់លាស់ថាខ្លួនចង់បានអ្វី និងធ្វើអ្វី ប៉ុន្តែមិនត្រូវធ្វើអ្វីដែលប្រាសចាកច្បាប់នោះទេ។

លោកឧកញ៉ាបន្តថា “យើងមិនត្រូវអស់សង្ឃឹមក្នុងជីវិត យើងត្រូវតែតស៊ូ និងត្រូវមានមហិច្ឆតា ព្រោះបើគ្មានមហិច្ឆតា យើងធ្វើអ្វីក៏អត់បានដែរ”។

លោកឧកញ៉ាដែលល្បីឈ្មោះតំបូងពីហាងប្តូរប្រាក់លី ហួរនេះបានបន្តថា “កុំគិតទុទិដ្ឋិថាខ្លួនឯងធ្វើមិនបាន គេធ្វើបានក៏យើងធ្វើបានដែរ។ ត្រូវយល់ពីចំណុចនេះ”។លោកបន្តថា “ទំរាំបានដូចសព្វថ្ងៃអាយុខ្ញុំជាង៦០ឆ្នាំហើយ ហើយអ្នកណាថាអ្នកមានស្រួល”។

ចំណែកស្រ្តីដ៏មានឥទ្ឋិពលក្នុងពិភពជំនួញមួយរូបទៀត លោកជំទាវឧក​ញ៉ា​លឹម ឈីវហូរ ក៏មានប្រវត្តិចាប់ផ្តើមការងារជំនួញពីតូចតាច រហូតដល់ក្លាយ ជាឧកញ៉ា និងមានក្រុមហ៊ុនជាបុត្រសម្ព័ន្ឋ នៃក្រុមហ៊ុនអ៊ែតវូដគ្រុបមិនតិចជាង​១០នោះទេ។

លោកជំទាវបានមានប្រសាសន៍ឲ្យដឹងថា គ្មានអ្នកណាម្នាក់ កើតមានមានប្រាក់នោះទេ ដូច្នេះដើម្បីក្លាយជាអ្នកមានបាន គឺមានតែការសន្សំប្រាក់ប៉ុណ្ណោះ ឧទាហរណ៍ ពីរនាក់ប្តីប្រពន្ឋមានប្រាក់ខែចូលគ្នាបាន៥០០ទៅ១០០០ដុល្លារ ពួកគេអាចសន្សំសំចៃ និងដកប្រាក់ខ្លះទិញផ្ទះឬទិញដី ដើម្បីវិនិយោគឬសម្រាប់រស់នៅ ព្រោះសម័យនេះផ្ទះមានលក់បង់រំលោះ ហេតុនេះយើងបានបង់រំលោះបានងាយស្រួល។

លោកជំទាវបានបន្តថា“បើយើងសន្សំប្រាក់ និងបង់រំលោះផ្ទះក្នុងរយៈពេ​ល​​៥ទៅ១០ឆ្នាំក្រោយ ផ្ទះនឹងឡើងថ្លៃ ពេលនោះយើងអាចមានលុយទាំងដុំកាន់ហើយ”។​​លោកជំទាវបានបន្តថា “ប្អូនៗអាចចាយវាយ និងសន្សំដោយអត់ធ្មត់បន្តិច នឹងទទួលបានលុយហើយ ហើយ១០ឆ្នាំក្រោយ យើងអាចមានលុយដើម្បីវិនិយោគហើយ”៕

ប្រភព : Property area