ភ្នំពេញ : ការធ្វើអ្នកមានមិនមែនជារឿងសាមញ្ញពេកនោះទេ ប៉ុន្តែក៏មិនពិបាករហូតធ្វើមិនបាននោះដែរ ប្រសិនជាយើងចេះវិធីគ្រប់គ្រងសាច់ប្រាក់ និងមានយុទ្ឋសាស្រ្តច្បាស់លាស់។
តើឧកញ៉ាធំៗនៅកម្ពុជា ដែលមានប្រាក់រាប់រយលានដុល្លារ មានវិធីសន្សំប្រាក់យ៉ាងដូចម្តេច? លោកជំទាវ លឹម ឈីវហូរ អគ្គនាយកក្រុមហ៊ុនអ៊ែតវូដ អគ្គនាកតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងក្រុមហ៊ុនជាច្រើនទៀតបានប្រាប់វិធីសាស្រ្ត ដើម្បីឲ្យប្រជាពលរដ្ឋអាចសន្សំប្រាក់បានដើម្បីវិនិយោគ។
លោកជំទាវបានមានប្រសាសន៍ឲ្យដឹងនៅពេលថ្មីៗនេះថា គ្មានអ្នកណាម្នាក់ កើតមានមានប្រាក់នោះទេ ដូច្នេះដើម្បីក្លាយជាអ្នកមានបាន គឺមានតែការសន្សំប្រាក់ប៉ុណ្ណោះ ឧទាហរណ៍ ពីរនាក់ប្តីប្រពន្ឋមានប្រាក់ខែចូលគ្នាបាន៥០០ទៅ១០០០ដុល្លារ ពួកគេអាចសន្សំសំចៃ និងដកប្រាក់ខ្លះទិញផ្ទះឬទិញដី ដើម្បីវិនិយោគឬសម្រាប់រស់នៅ ព្រោះសម័យនេះផ្ទះមានលក់បង់រំលោះ ហេតុនេះយើងបានបង់រំលោះបានងាយស្រួល។
លោកជំទាវបានបន្តថា : “បើយើងសន្សំប្រាក់ និងបង់រំលោះផ្ទះក្នុងរយៈពេល៥ទៅ១០ឆ្នាំក្រោយ ផ្ទះនឹងឡើងថ្លៃ ពេលនោះយើងអាចមានលុយទាំងដុំកាន់ហើយ”។លោកជំទាវបានបន្តថា “ ប្អូនៗអាចចាយវាយ និងសន្សំដោយអត់ធ្មត់បន្តិច នឹងទទួលបានលុយហើយ ហើយ១០ឆ្នាំក្រោយ យើងអាចមានលុយដើម្បីវិនិយោគហើយ”។
លោកជំទាវបានបន្តថា តាមការសិក្សារបស់ក្រុមហ៊ុនរបស់លោកជំទាវបានរកឃើញថា វិស័យសំណង់ និងអចលនទ្រព្យនៅបន្តរីកចំរើនរយៈពេលវែងបន្ថែមទៀត ដោយសារការរីកចំរើនសេដ្ឋកិច្ចសង្គម កំណើប្រជាសាស្រ្ត ហើយអ្នកវិនិយោកអន្តរជាតិជាច្រើន បាននិងកំពុងចូលមកកាន់ទីផ្សារកម្ពុជាកាន់តែច្រើននាពេលខាងមុខ ពិសេសអ្នកវិនិយោគមកពីប្រទេសចិន៕
ប្រភព : Property area