ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអោយដឹងថារយៈពេល៧ខែឆ្នាំ២០១៨នេះ មានក្រុមហ៊ុនប្រកបអាជីវកម្មសាងសង់ និងសិក្សាគម្រោងប្លង់ស្ថាបត្យកម្ម បានមកចុះបញ្ជីនៅក្រសួងរៀបចំដែនដីមានចំនួន២២២៨ ខណៈក្រុមហ៊ុនមានសុពលភាពចំនួន១០៧២ និងមានកំណើនដល់១៣១,៥៩%បើធៀបទៅនឹងឆ្នាំ២០១៧។
លោក ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់អោយដឹងថា ក្នុងរយៈពេលដូចគ្នានៅទូទាំងប្រទេស មានក្រុមហ៊ុនប្រកបអាជីវកម្មសាងសង់ និងសិក្សាគម្រោងប្លង់ស្ថាបត្យកម្ម បានមកចុះបញ្ជីនៅក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់មានចំនួន២២២៨ក្រុមហ៊ុន ក្នុងនោះមានសុពលភាពចំនួន១០៧២ ក្រុមហ៊ុន។ ក្នុងចំណោមក្រុមហ៊ុនបរទេសទាំងនោះ ក្រុមហ៊ុនច្រើនលំដាប់ទី១ គឺមកពីប្រទេសចិន។
លោកបន្តថា “សន្ទុះនៃការរីកចម្រើន ក្នុងវិស័យស្ថាបត្យកម្មសំណង់នឹងកកើតនៅក្នុងទីក្រុងថ្មីៗដ៏ច្រើននេះ ពិតជាឆ្លើយតបនឹងសេចក្ដីត្រូវការ នូវបច្ចេកទេសបច្ចេកវិទ្យាទំនើប និងសម្ភារៈសំណង់សម្បូរបែប ជាកត្តាចាំបាច់ដើម្បីធ្វើឲ្យប្រសើរឡើងនូវផលិតភាព និងគុណភាពការងារ ក្នុងវិស័យស្ថាបត្យកម្មសំណង់ ដើម្បីឆ្លើយតបទៅនឹងស្តង់ដារជាតិ និងអន្ដរជាពិសេសឆ្លើយតបទៅនឹងទីក្រុងឆ្លាតវៃ (SMART CITY)។
លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជា បានអោយដឹងដែរថា សេដ្ឋកិច្ចកម្ពុជាមានកំណើនល្អ និងប្រជាពលរដ្ឋពេញកម្លាំងមានចំនួនច្រើន ហើយលក្ខខ័ណ្ឌនៃការអនុគ្រោះវិនិយោគរបស់កម្ពុជា ពិតមានបានបើកចំហរដល់អ្នកវិនិយោគ ពោលគឺរដ្ឋាភិបាលមានការយោគយល់ នឹងចង់ឲ្យមានអ្នកវិនិយោគច្រើនបង្កើតឲ្យពលរដ្ឋខ្មែរមានការងារធ្វើនៅក្នុងស្រុក។
លោក គីម ហ៊ាង ពន្យល់ថា ជាធម្មតាកាលណាមានកំណើនសាងសង់មានកាន់តែច្រើន សេដ្ឋកិច្ចកាន់តែរឹងមាំ ហើយទាំងអស់គ្នាគួរតែសប្បាយចិត្ត ហើយប្រទេសណាគ្មានការសាងសង់ គឺប្រទេសនោះមិនមានការរីកចម្រើនទេ ហើយប្រទេសកម្ពុជាវិញសេដ្ឋកិច្ចជាតិ កំពុងតែមានការរីកចម្រើន និងបន្តមានភាពរឹងមាំ៕
ប្រភព : Property area