ភ្នំពេញ៖ ស្របពេលដែលការវិនិយោគលើវិស័យអចលនទ្រព្យ កំពុងមានការចាប់អារម្មណ៍ច្រើនពីអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ ការវិនិយោគក្នុងវិស័យនេះក៏មានផលចំណេញ និងហានិភ័យផងដែរ។
ថ្ងៃនេះគេហទំព័រ Propertyarea.asia សូមនាំលោកអ្នក ទៅស្តាប់អ្នកជំនាញ ដែលមានបទពិសោធន៍ លើវិស័យអចលនទ្រព្យជាច្រើនឆ្នាំ និងកំពុងទទួលបានជោគជ័យក្នុងវិស័យនេះ។
លោកឧកញ៉ានួន រិទ្ឋីអគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisalបានថ្លែងឲ្យដឹងថា ការវិនិយោគលើដី និងផ្ទះត្រូវសម្លឹងមើលកត្តាសំខាន់ៗចំនួនបី ទីតាំង តម្លៃ និងពេលវេលា។
ទី១កត្តាទីតាំង
ទីតាំងសំដៅដល់ការវិនិយោគ ដែលអ្នកវិនិយោគត្រូវផ្តោតលើតំបន់មានការអភិវឌ្ឍ និងមានគំរោងអភិវឌ្ឍន៍ច្រើននាពេលអនាគត ព្រោះបើយើងទិញដីនៅតំបន់មិនមានការអភិវឌ្ឍ ឬមិនងាយនឹងមានគំរោងអភិវឌ្ឍន៍ទៅដល់ ការទិញដីនៅទីតាំងបែបនោះ មិនងាយទទួលបានផលចំណេញនោះទេ។
ទី២ កត្តាតម្លៃ
តម្លៃដីក៏ជាអ្វីដែលអ្នកវិនិយោគ គួរផ្តោតការយកចិត្តទុកដាក់ជាចម្បងផងដែរ ព្រោះប្រសិនជាទីតាំងដីនោះមានតម្លៃខ្ពស់ខ្លាំងរួចទៅហើយ អ្នកវិនិយោគក៏មិនអាចទទួលបានផលចំណេញច្រើនផងដែរ ដោយសារតំបន់ខ្លះតម្លៃដីបានឡើងកប់ពពករួចទៅហើយ ហេតុនេះវាមិនធ្វើឲ្យតម្លៃដីនៅទីតាំងនោះឡើងថ្លៃច្រើនទៀតទេ។
ទី៣ កត្តាពេលវេលា
កត្តាពេលវេលា គឺជាប់ទាក់ទងនឹងស្ថានភាពសេដ្ឋកិច្ច សង្គម និងលំហូរទុនវិនិយោគពីក្រៅប្រទេស។ ការកំណត់ពេលវេលាទិញដី ដើម្បីវិនិយោគជារឿងចាំបាច់ផងដែរ ព្រោះបើទិញចំពេលវេលាដីធ្លាក់ថ្លៃជាការល្អ ដោយសារនៅពេលសេដ្ឋកិច្ច សង្គមមានកំនើននិងលំនឹងល្អ គួបផ្សំនឹងលំហូរទុនវិនិយោគពីក្រៅប្រទេសកើនឡើងខ្លាំង តម្លៃដីនោះនឹងកើនឡើងនិងផ្តល់ផលចំណេញច្រើនដល់ អ្នកវិនិយោគនានា។
លោកឧកញ៉ានួន រិទ្ឋីបានបន្តថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ តម្លៃដី និងផ្ទះបានឡើងថ្លៃចន្លោះពី១៥ ទៅ២៥ភាគរយក្នុងមួយឆ្នាំ ហេតុនេះបើសួរថាគួរទិញដីឬទិញផ្ទះយកចំណេញ តើការវិនិយោគមួយណាល្អជាង គឺទិញដីទុកចំ ណេញល្អជាង ព្រោះបើមានលុយក្នុងទំហំដូចគ្នា ការទិញដីបានទំហំធំជាងទិញផ្ទះ ហេតុនេះភាគរយនៃផលចំណេញទទួលបានច្រើនជាង។
ចំណែកការទិញផ្ទះ គឺមិនមែនផ្ទះឡើងថ្លៃទេ គឺដីឡើងថ្លៃទៅវិញទេ ព្រោះផ្ទះរស់នៅកាន់តែយូរ ត្រូវកាត់រំលស់កាន់តែច្រើន ព្រោះផ្ទះកាន់តែចាស់៕
ប្រភព : Property area