Register Already an agent ? Login

ស្វែង​យល់ពី​​អាស៊ាន​! ប្រទេស​ឥណ្ឌូនេស៊ី​ កំពុង​សាងសង់​អគារ​ខ្ពស់​កប់​ពពក​បង្អួត​ពិភពលោក​

ភ្នំពេញ៖ ប្រទេសឥណ្ឌូនេស៊ីគឺជាប្រទេសមួយស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានសេដ្ឋកិច្ចរីកចម្រើន និងលូតលាស់ ព្រមទាំងមានអគារខ្ពស់កប់ពពកជាច្រើនផងដែរ ។ នាពេលបច្ចុប្បន្នប្រទេសមួយនេះ បាននិងកំពុងតែសាងសង់អគារខ្ពស់កប់ពពកថ្មីមួយទៀត ដើម្បីបង្អួតពិភពលោក និងដើម្បីទាក់ទាញអ្នកវិនិយោគិន និងទេសចរណ៍ក្នុងតំបន់ និងពិភពលោក។

អគារដែលប្រទេសមួយនេះ កំពុងតែសាងសង់ មានឈ្មោះថា Signature Tower ស្ថិតនៅក្នុងទីក្រុង Jakarta ដែលជាទីក្រុងដ៏ធំរបស់ខ្លួន។ នៅពេលសាងសង់រួចហើយនោះ អគារនេះ នឹងមានកំពស់ ៦៣៨ម៉ែត្រ ជាពិសេសនឹងក្លាយទៅជាអគារខ្ពស់កពពកលំដាប់ទី៦ នៅក្នុងពិភពលោក។

អគារនេះ ត្រូវបានគេស្នើសាងសង់នៅក្នុងឆ្នាំ ២០១០ តែត្រូវបានពន្យាពេលរហូតដល់ឆ្នាំ ២០១៥ ទើបចាប់ផ្តើមសាងសង់តែត្រូវផ្អាក់ទៅវិញ ដោយសារតែខ្វះខាតថវិការសាងសង់។ លុះដល់ឆ្នាំ ២០១៦ ត្រូវបានខ្ចីលុយពីធនាគារក្នុងចំណាយសាងសង់អគារនេះឡើងវិញក្នុងទំហំទឹកប្រាក់ចំនួន ១.៥ ១២ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់សាងសង់បន្ត ដោយបានផ្តល់អោយក្រុមហ៊ុនចិនមួយឈ្មោះថា China State Construction Engineering ជាអ្នកទទួលការខុសត្រូវក្នុងការសាងសង់នូវអគារនេះ។

អគារខ្ពស់កប់ពពកមួយនេះ គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ឡើងវិញរបស់ក្រុមហ៊ុន SCBD នៅលើទំហំដី ៤៥ ហិកតា នៅជិត អគារ Semanggi Interchange និងនៅខាងត្បូងស្តាត Gelora Bung Karno Statdium ។ អគារនេះ ស្ថិតនៅក្នុងតំបន់ ត្រីកោណមាសនៃទីក្រុង Jakarta (Golden Triangle of Jakarta) ដែលជាតំបន់អភិវឌ្ឍន៍ដ៏សំខាន់បំផុតរបស់ទីក្រុង។ នៅពេលគេសាងសង់អគារនេះរួចរាល់ហើយនោះ គឺសម្រាប់ប្រើប្រាស់រួម ដូចជាកន្លែងចតថយន្ត កន្លែងកម្សាន្ត ការិយាល័យធ្វើការ និង កន្លែងស្នាក់នៅជាដើម។

អគារនេះ ជាកម្មសិទ្ធិគ្រប់គ្រងដោយក្រុមហ៊ុន PT Grahamas Adisentosa និង ក្រុមហ៊ុន PT Danayasa Arthatama ហើយគ្រោងនិងបញ្ចប់សាងសង់ជាផ្លូវការនៅក្នុងឆ្នាំ ២០២២៕

ប្រភព : Property area