ភ្នំពេញ៖ កាលពីទសវត្សរ៍មុន អ្នកវិនិយោគអន្តរជាតិបានសម្លឹងមើលមកកម្ពុជាក្នុងរូបភាពខុសពីបច្ចុប្បន្ន។ ពេលនោះបានចាប់ផ្តើមគំរោងវិនិយោគរបស់ខ្លួន ដោយផ្តោតលើប្រជាជនជាអ្នកមានប្រាក់ច្រើននៅក្នុងស្រុក និងជនបរទេសចូលមកកាន់ប្រទេសនេះ ប៉ុន្តែពេលនេះអ្វីៗបានចាប់ផ្តើមប្រែប្រួលហើយ ដោយសារស្ថានភាពអចលនទ្រព្យ ពិសេសខុនដូថ្លៃបានស្ថិតក្នុងសភាពទ្រឹងនៅក្នុងទីផ្សារ ដែលទើបនឹងងើបឡើងមួយនេះ។
ឥឡូវនេះអ្នកវិនិយោគ និងអ្នកជំនាញសុទ្ឋតែបានចង្អុលបង្ហាញថា ទីផ្សារនេះកំពុងមានការប្រែប្រួលហើយ ព្រោះចំនួនខុនដូប្រណីតកំពុងផ្គត់ផ្គង់លើសតម្រូវការជាក់ស្តែង ប៉ុន្តែទីផ្សារលំនៅដ្ឋាន ពិសេសខុនដូសម្រាប់ប្រជាជនមានជីវភាពទាប និងមធ្យម បាននិងកំពុងហុចផលច្រើនដល់អ្នកវិនិយោគ ស្របពេលតម្រូវការកំពុងកើនឡើងនៅក្នុងក្រុមប្រជាជន ដែលមានប្រាក់ចំណូលមធ្យកំពុងកើនឡើង។
លោកឧកញ៉ា សៀ រិទ្ឋី អគ្គនាយកក្រុមហ៊ុន World Bridge Land ដែលបានបោះទុន១០០លានដុល្លារ វិនិយោគលើលំនៅដ្ឋាននៅជាយក្រុងភ្នំពេញ ដោយផ្តោតលើអ្នកមានប្រាក់ចំណូលទាប និងមធ្យមបានថ្លែងថា លោកវិនិយោគគំរោងនេះ ដើម្បីជួយប្រជាជនឲ្យមានលទ្ឋភាព មានលំនៅដ្ឋានសមរម្យសម្រាប់ស្នាក់នៅ ដោយមិនគិតពីប្រាក់ចំណេញជាធំនោះទេ ព្រោះបើគិតពីប្រាក់ចំណេញជាធំ លោកនឹងមិនវិនិយោគគំរោងនេះទេ។
លោកបន្តថា “ខ្ញុំចង់ជួយប្រជាជនឲ្យមានលំនៅដ្ឋានសមរម្យសម្រាប់រស់នៅ បើខ្ញុំចង់យកប្រាក់ចំណេញច្រើន ខ្ញុំនឹងសាងសង់ខុនដូនៅកណ្តាលក្រុងហើយ”។
លោកឧកញ៉ារូបនេះ បានវិនិយោគដោយជោគជ័យនូវអាគារខុនដូ The Bridge និងគំរោង The PeAk ជាមួយក្រុមហ៊ុន Oxley Holding ដែលមានមូលដ្ឋាននៅប្រទេសឹង្ហបុរី ក្នុងតំលៃទុនវិនិយោគជិត១០០០លានដុល្លារ ដើម្បីចាប់យកអតិថិជនជាអ្នកមានប្រាក់ចំណូលខ្ពស់ ជាលទ្ឋផលគំរោងរបស់លោកជោគជ័យ ព្រោះរហូតមកទល់ពេលនេះខុនដូ The Bridge លក់អស់១០០ភាគរយហើយ ហើយគំរោងខុនដូ និងសណ្ឋាគា Shagri-la ក៏លក់បានជោគជ័យផងដែរ។
នាយកផ្នែកទីផ្សារនៃបុរី VIP លោកយ៉ែន សុខលីនបានលើកឡើងស្រដៀងគ្នាថា ប្រជាពលរដ្ឋប្រមាណ៨០ភាគរយ ដែលទើបចូលមកកាន់ក្រុងភ្នំពេញ ពួកគេមិនទាន់មានលំនៅដ្ឋានតម្លៃសមរម្យទេ។ ដោយមើលឃើញមូលហេតុនេះហើយ ទើបលោកសម្រេចចិត្តវិនិយោគបុរី VIP ដោយផ្តោតលើអ្នកមានជីវភាំមធ្យម និងក្រោមមធ្យម ដែលផ្ទះលក់ក្នុងតម្លៃសមរម្យមួយគឺចាប់ពី២៥០០០ដល់ជាង៤០០០០ដុល្លារអាមេរិក។
លោកបន្តថា “យើងមានសុទិដ្ឋិនិយម យើងជឿជាក់ថាទីផ្សារលំនៅដ្ឋានតម្លៃសមរម្យនៅតែមានតម្រូវការខ្ពស់ពីអតិថិជន”។
អ្នកនាងអាន សុធីតានាយិកាក្រុមហ៊ុន CBRE CAMBODIA បានថ្លែងថា ទីផ្សារនេះកំពុងវិវត្តន៍មកកាន់ប្រជាជនថ្នាក់កណ្តាល ព្រោះតំលៃខុនដូសម្រាប់ក្រុមប្រជាជនថ្នាក់កណ្តាល អាចឲ្យអតិថិជនក្នុងស្រុកអាចទទួលយកបាន ព្រោះនាពេលអនាគតប្រជាជនក្នុងស្រុកនឹងរស់នៅតាមខុនដូកាន់តែច្រើន។អ្នកនាងបន្តថា កន្លងមកអ្នកអភិវឌ្ឍន៍ បានផ្តោតការសាងសង់លើខុនដូលំដាប់ប្រណីត ដែលកំពុងមាននិន្នាការកើនឡើងលើសតម្រូវការរួចទៅហើយ។
អ្នកនាងបន្តថា “ខ្ញុំគិតថាអ្នកអភិវឌ្ឍន៍គួរផ្តោតលើខុនដូសម្រាប់ប្រជាជនថ្នាក់កណ្តាល ព្រោះចំនួនប្រជាជនមានជីវភាពកម្រិតមធ្យមមានចំនួនច្រើន ជាមូលដ្ឋានទីផ្សាររឹងមាំសម្រាប់ធានានិរន្តរភាពវិស័យនេះ”។អ្នកនាងបន្ថែមថា “ការអភិវឌ្ឍប្រសិនជាធ្វើឡើងត្រូវទីផ្សារ មានតំលៃសមស្រប មានគុណភាពល្អពិតជាល្អប្រសើរ ប៉ុន្តែអ្វីជាហានិភ័យគឺការដាក់ផលិតផលមិនត្រូវចំណែកទីផ្សារ”។
រដ្ឋាភិបាលបានទទួលស្គាល់ពីបញ្ហានេះរួចទៅហើយ ក្នុងពេលវិស័យនេះកំពុងមានល្បឿនរីកចំរើនយឺតយ៉ាវជាងមុន។
លោកវង្សី វិស្សុតរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា ទីផ្សារអចលនទ្រព្យនៅតែបន្តរីកចំរើន ដោយស្ថិរភាព មិនកាត់បន្ថយបាននូវហានិភ័យហើយ ដោយសារអ្នកវិនិយោគបានងាកមកកាន់ទីផ្សារ សម្រាប់ប្រជាជនថ្នាក់កណ្តាល ស្របពេលការលក់លំនៅដ្ឋានតាមបុរីនានាបានធ្លាក់ចុះ ប៉ុន្តែតំលៃលំនៅដ្ឋាននៅតាបបុរីនិមួយៗនៅតែកើនឡើង។
ស្របពេលជាមួយគ្នានេះ គំរោងយក្សមួយស្ថិតនៅខាងមុខស្តាតអូឡាំពិកគឺគំរោង Olympia CITY ក៏បានប្រកាសពីការកាត់បន្ថយកំពស់អាគារខ្ពស់បំផុតក្នុងគំរោងនេះ ពី៦៥ជាន់មក៤៥ជាន់ និងកាត់បន្ថយអាគារមួយទៀតពីកំពស់៤៥ជាន់មកនៅត្រឹម៣៨ជាន់ផងដែរ។
លោកម៉េង ចំរើនប្រធានគំរោង Olympia CITY បានថ្លែងថា ការកាត់បន្ថយកំពស់អាគារនេះ ដោយសារស្ថានភាពទីផ្សារមិនអំណោយផល ដែលធ្វើឲ្យក្រុមហ៊ុនបារម្ភពីការលំបាកក្នុងការប្រមូលធនធានត្រលប់មកវិញ។
ទោះជាយ៉ាងណា ការបារម្ភនិងទិន្នន័យវិនិយោគជាក់ស្តែងហាក់ផ្ទុយគ្នាដូចមេឃនិងដី ជាក់ស្តែងទុនវិនិយោគក្នុងវិស័យនេះ កាលពីឆ្នាំ២០១៦មានទំហំរហូតដល់៨៥៣៤លានដុល្លារអាមេរិក កើនឡើង១៥៥,៦៨ ភាគរយធៀបរយៈពេលមួយឆ្នាំ ដូចគ្នាកាលពីឆ្នាំ២០១៥ ជាកំណើនមួយដែលអ្នកជំនាញក្នុងវិស័យនេះសុទ្ឋតែមានការភ្ញាក់ផ្អើល និងបានលើជាសំណួរថា តើទឹកប្រាក់ប៉ុន្មានពិតប្រាកដដែលបានហូរចូលមកប្រទេសនេះ។
តាមការកំណត់និយមន័យរបស់ធនាគារពិភពលោកបានបង្ហាញថា ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលចន្លោះពី១.០៤៥ ដល់៤.១២៥ ដុល្លារក្នុងមួយឆ្នាំ ត្រូវចាត់ចូលជាប្រជាជនមានប្រាក់ចំណូលមធ្យមកម្រិតទាប និងប្រជាជនមានប្រាក់ចំណូលចន្លោះពី៤.១២៥ ដល់១២.៧៤៦ ដុល្លារក្នុងមួយឆ្នាំត្រូវចាត់ចូលជាប្រជាពលរដ្ឋមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់ និងប្រជាជនដែលមានប្រាក់ចំណូលក្នុងមួយឆ្នាំច្រើនជាង១២.៧៤៦ដុល្លារ ត្រូវបានគេចាត់ចូលជាប្រជាជនមានប្រាក់ចំណូលខ្ពស់។
ក្រុមហ៊ុនក្នុងស្រុកមួយ ទំនងជាបានចាប់យកឳកាសទីផ្សារខុនដូសម្រាប់ប្រ ជាជនមានប្រាក់ចំណូលមធ្យមមុនគេ និងមើលឃើញទីផ្សារនេះសម្រាប់គំរោងវិនិយោគរបស់ខ្លួន។
លោកទុយ ប៊ុន អគ្គនាយកទទួលបន្ទុកផ្នែកបច្ចេកទេសនៃក្រុមហ៊ុនលំនៅឋាន L កម្ពុជាភ្នំពេញ ដែលបានសាងសង់ខុនដូសម្រាប់ប្រជាពលរដ្ឋមានប្រាក់ចំណូលមធ្យមនៅទីតាំងខុសៗគ្នាជាច្រើនបានថ្លែងថា ការវិនិយោគខុនដូរបស់ក្រុមហ៊ុនលោកដែលផ្តោតលើប្រជាជនថ្នាក់កណ្តាល ដោយសារហេតុផលចំនួនពីរ ទី១ ទីតាំងរបស់លោកមិនអាចទាក់ទាញអ្នកមានប្រាក់ច្រើន និងទី ២ ផ្តោតលើប្រជាជនមានជីវភាពមធ្យម ដែលប្រជាជនក្នុងស្រទាប់នេះមានចំនួនច្រើនជាងទីផ្សារសម្រាប់អ្នក មានជីវភាពធូរធារ។
ខុនដូLបានលក់ចាប់ពីតម្លៃ៤ ដល់៨ម៉ឺនដុល្លារអាមេរិក អាស្រ័យលើចំនួនបន្ទប់ និងជាន់និមួយៗ។
លោកទុយ ប៊ុនបានបន្តថា“ប្រជាជនកម្ពុជានឹងអាចរស់នៅខុនដូច្រើននាពេលអនាគត តាមទីកន្លែងការងារដែលពួកគេធ្វើការ ហេតុនេះទើបក្រុមហ៊ុនបានផ្តល់ការបង់រំលស់នូវលក្ខខណ្ឌសមស្រប ដែលអតិថិជនមានប្រាក់ចំណូលមធ្យមអាចមានលទ្ធភាពបង់បាន”។
លោកបន្តថា “ការវិនិយោគខុនដូរបស់យើងធ្វើឡើង សម្រាប់គ្រួសារតូច ព្រោះបន្ទប់មានទំហំចាប់ពី៣០ ម៉ែត្រ ទៅ៥០ម៉ែត្រការ៉េប៉ុណ្ណោះ ដូច្នេះគ្រួសារដែលមានសមាជិកត្រឹម៣នាក់ ជាការសមស្របក្នុងការរស់នៅខុនដូបែបនេះ”។
ទំហំគ្រួសារកម្ពុជាកាន់តែមានការបង្រួមតូចពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារស្ថានភាពសង្គម និងសេដ្ឋកិច្ចរបស់ប្រទេសនេះ ព្រោះយោងតាមការអង្កេតប្រជាសាស្ត្រ និងសុខភាពរបស់ក្រសួងសុខាភិបាលបានរកឃើញថា អត្រាមានកូនក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា ជាមធ្យមបានថយចុះពី៣នាក់កាលពីឆ្នាំ២០១០ មកនៅត្រឹម២,៧០នាក់នៅឆ្នាំ២០១៤៕
ប្រភព : Property area