ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានដាក់ឲ្យប្រើតែសន្លឹកបណ្ណថ្មីដែលមានឈ្មោះថា “វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ” សម្រាប់ចុះបញ្ជីដីធ្លីដែលមានលក្ខណៈដាច់ដោយដុំការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ចាប់ពីឆ្នាំ២០១៩ តទៅ។
ដើម្បីសម្រួលដល់ការយល់កាន់តែច្បាស់ស្តីពី ការចុះបញ្ជីបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ គេហទំព័រ Propertyarea.asia សូមលើកយកគន្លឹះខ្លះនៃការចុះបញ្ជីនេះមាន៥ដំណាក់កាលដូចខាងក្រោមនេះ។
ដំណាក់កាលទី ១៖ អំពីការរៀបចំ
អភិបាលខេត្ត ក្រុងជាអ្នកប្រកាសតំបន់ ដែលក្រុមមន្ត្រីចុះបញ្ជីដីធ្លី ត្រូវកំណត់វាស់វែងព្រំដី និងវិនិច្ឆ័យ។ ក្រោយពីការកំណត់រួចមក អភិបាលខេត្តត្រូវធ្វើការប្រជុំវិនិច្ឆ័យដោយផ្តល់ព័ត៌មាន មកអាជ្ញាធរមូលដ្ឋានយ៉ាងតិច១៥ ថ្ងៃ និងសាធារណៈជនយ៉ាងតិច៧ ថ្ងៃមុនការប្រជុំ។ កិច្ចប្រជុំផ្សព្វផ្សាយត្រូវធ្វើឡើងក្នុងតំបន់ ធ្វើការវិនិច្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធ (មាត្រា៦ នៃអនុក្រឹត្យស្តីពីនីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជី)។
ដំណាក់កាលទី ២៖ អំពីប្រតិបត្តិការបច្ចេកទេស
១ ការងារវាល៖ ក្រុមមន្ត្រីចុះបញ្ជីដីធ្លីធ្វើការកំណត់ព្រំដី វាសវែងក្បាលដី និងធ្វើការវិនិច្ឆ័យទៅលើឯកសារ និងភ័ស្តតាងផ្សេងៗជាលក្ខណៈរូបជាលាយលក្ខណ៍អក្សរ ឬ ចម្លើយផ្ទាល់មាត់ទាក់ទងនឹងព្រំដី។
២ ការងារនៅការិយាល័យ ប្រសិនបើមិនមានទំនាស់ ក្នុងការកំណត់ព្រំដីនោះទេ ទិន្នន័យដែលប្រមូលបានត្រូវបញ្ចូលក្នុងកុំព្យូទ័រ ដើម្បីកសាងប្លង់សុរិយោដី បញ្ជីឈ្មោះម្ចាស់ដី និងសៀវភៅគោលបញ្ជីដីធ្លី។
ដំណាក់កាលទី ៣៖ ការបិតផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ
អាជ្ញាធរខេត្តក្រុង ត្រូវប្រកាសផ្សាយជាសាធារណៈ អំពីឯកសារនៃការវិនិច្ឆ័យទាំងអស់រយៈពេល៣០ថ្ងៃ ដើម្បីអោយបុគ្គលពាក់ព័ន្ធទាំងអស់ធ្វើការពិនិត្យឬតវ៉ា។ ប្រសិនបើគ្មានទំនាស់ទេ គណៈកម្មការរដ្ឋបាលត្រូវផ្តល់ការយល់ព្រម លើឯកសារនៃការវិនិច្ឆ័យទាំងនោះ ។ បន្ទាប់មកទៀត គណៈកម្មការរដ្ឋបាលត្រូវបញ្ចូនឯកសារ នៃការវិនិច្ឆ័យទៅរដ្ឋបាលសុរិយោដីថ្នាក់ខេត្ត ក្រុង ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងចុះហត្ថលេខាទទួលស្គាល់។
ប្រសិនបើមានការជំទាស់ ឬការតវ៉ាសាមីជន អាចដាក់ពាក្យបណ្តឹងទៅគណៈកម្មការសុរិយោដី ដើម្បីដោះស្រាយតាមនីតិវិធីដែលបានកំណត់។
ដំណាក់កាលទី ៤៖ អំពីការសម្រេចលើឯកសារ
ក្រោយពីផុតរយៈពេលបិទផ្សាយជាសាធារណៈ អភិបាលខេត្តក្រុង និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះហត្ថលេខាសម្តេចលើឯកសារនៃការវិនិច្ឆ័យ ហើយឯកសារនោះនឹងចាត់ទុកជាឯកសារផ្លូវការតាមច្បាប់។
ដំណាក់កាលទី ៥៖ អំពីការចេញប័ណ្ណ
នៅពេលដែលនីតិវិធី នៃការវិនិច្ឆ័យត្រូវបានបញ្ចប់ជាស្ថាពរ ឯកសារនៃការវិនិច្ឆ័យ និងឯកសាររណបពាក់ព័ន្ធទាំងអស់ ត្រូវបានបញ្ជូនទៅរដ្ឋបាលសុរិយោដី ដើម្បីចុះបញ្ជី ចេញប័ណ្ណ៕