ភ្នំពេញ៖ ទីបំផុតទីតាំងរបស់ផ្សារទំនើប AEON MALL3 ស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោហ៊ុន សែនត្រូវបានបង្ហាញច្បាស់ហើយ។
មន្រ្តីមូលដ្ឋានបានប្រាប់ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ទីតាំងដែលក្រុមហ៊ុន AEON MALL3 គ្រោងសាងសង់ផ្សារទំនើបទី៣របស់ខ្លួន ស្ថិតនៅលើមហាវិថីសម្តេចតេ ជោហ៊ុន សែន គឺបើគិតពីតំបន់ច្រមុះជ្រូកក្បាលថ្នល់ ទីតាំងផ្សារទំនើបនេះគឺហួស បុរីប៉េង ហួត ប្រមាណមួយគីឡូម៉ែត្រ។ មន្រ្តីដែលនិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះបានបន្តថា ប្រសិនជាទៅហួសពីបុរីប៉េង ហួត គឺយើងនឹងទៅដល់ស្ពានមួយ ហើយចម្ងាយពីស្ពានទៅដល់ទីតាំងរបស់ផ្សារមានប្រវែងប្រហែល១០០ម៉ែត្រ។ ផ្សារនេះស្ថិតនៅស្តាំដៃ បើគិតពីច្រមុះជ្រូកក្បាលថ្នល់។
មន្រ្តីដដែលបានបន្តឲ្យដឹងថា ក្រុមហ៊ុននេះបានទិញដីទំហំ១៧ហិកតានៅតំបន់នេះ ដើម្បីសាងសង់ផ្សារទំនើបទី៣របស់ខ្លួន តែការសាងសង់ផ្សារទំនើបនេះនាពេលណាមិនទាន់ដឹងនៅឡើយទេ។
តាមការវិភាគរបស់អ្នកជំនាញបានឲ្យដឹងថាផ្សារទំនើបនេះអាចសាងសង់នៅរយៈពេល៥ឆ្នាំខាងមុខ ព្រោះទីតាំងរបស់ផ្សារនេះ មិនទាន់មានមនុស្សចូលទៅរស់នៅច្រើននៅឡើយទេ ខណៈបុរីជាច្រើនទើបបានចាប់ផ្តើមសាងសង់ លំនៅដ្ឋានរបស់ខ្លួននៅតំបន់នេះ មានដូចជាបុរីប៉េង ហួត បុរី WOODLAND ជាដើម។
តំបន់ជុំវិញផ្លូវ៦០ម៉ែត្រនាពេលអនាគតនឹងមានផ្សារទំនើបចំនួន៣ ដោយមួយជាផ្សារដែលវិនិយោគដោយបុរីប៉េង ហួតស្ថិតនៅលើផ្ទៃដីជាង៦ហិកតា និងបុរីជីព ម៉ុងលែនដ៏ក៏បានប្រកាសពីគំរោងផ្សារទំនើបដ៏ធំ របស់ខ្លួនកាលពីចុងខែសីហាកន្លងមកផងដែរ។
អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសថៃក្រុមហ៊ុន CBRE Cambodiaបានថ្លែងថា តំបន់ជុំវិញផ្លូវ៦០ម៉ែត្រនឹងត្រូវការពេលវេលា ដើម្បីប្រែក្លាយតំបន់នេះជាតំបន់ពាណិជ្ជកម្ម ដោយរយៈពេល៥ឆ្នាំខាងមុខ វាជាពេលសាងសង់លំនៅដ្ឋាន និងរយៈពេល៥ឆ្នាំទៀត តំបន់នេះនឹងក្លាយជាតំបន់ពាណិជ្ជកម្ម។
អ្នកនាងបន្តថា “វាជាតំបន់ថ្មី ដែលងាយស្រួលក្នុងការរៀបចំផែនការអភិវឌ្ឍន៍និងរៀបចំហេដ្ឋារចនាសម្ព័ន្ឋបានយ៉ាងប្រសើរ”។អ្នកនាងបន្តថា “វាជាតំបន់មានសក្តានុពលនិងមានការរីកចម្រើនលឿន ដោយសារតំបន់នេះស្ថិតនៅកៀករាជធានីភ្នំពេញជាងគេ”។
ទីក្រុងរណប ING CITY មានផ្ទៃដីជាង២០០០ហិកតា ដែលក្រុមហ៊ុន ING Holding គ្រោងប្រែក្លាយតំបន់នេះ ជាតំបន់ពាណិជ្ជកម្ម លំនៅដ្ឋាន កន្លែងកំសាន្ត មជ្ឈម ណ្ឌលកីឡា និងមានគោលដៅប្រែក្លាយជាទីក្រុងបៃតងគំរូមួយ៕
ប្រភព : Property area