ភ្នំពេញ៖ គំរោងអភិវឌ្ឍន៍ចម្រុះ The PeAk ដែលគ្រោងបោះទុនវិនិយោគ៥០០លានដុល្លាររហូតមកទល់ពេលនេះ សាងសង់បានដល់កម្រិតកំពស់២៩ជាន់ ក្នុងកំពស់គោលដៅ៥៥ជាន់។
នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន FURI Real Estate ដែលជាក្រុមហ៊ុនបានទិញអាគារការិយាល័យក្នុងគំរោងនេះ កញ្ញាលឹម សុខាដាវីនបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា គំរោងនេះបាននិងកំពុងសាងសង់យ៉ាងសកម្ម ដោយធ្វើទាំងយប់ទាំងថ្ងៃ ជាលទ្ឋផលគឺមួយអាទិត្យក្រុមហ៊ុនសាងសង់ អាចសាងសង់ឡើងមួយជាន់បានក្នុងមួយអាទិត្យ។ កញ្ញាបន្តថា រហូតមកទល់ពេលនេះ គំរោងនេះសាងសង់បានដល់ជាន់ទី២៩ហើយ ខណៈគំរោងនេះគ្រោងបញ្ចប់នៅឆ្នាំ២០២០ខាងមុខនេះ។
កញ្ញាបន្តថា “គំរោងនេះជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ដែលរួមមានខុនដូជាង១១០០យូនីត ផ្សារទំនើប សណ្ឋាគារShangri_Laកម្រិតផ្កាយ៥លំដាប់អន្តរជាតិ អាងហែលទឹក និងអាគារការិយាល័យកម្រិតផ្កាយ៥ Plusផងដែរ”។
THe PeAk ជាគំរោងអភិវឌ្ឍន៍រួមគ្នាដោយក្រុមហ៊ុនWorld Bridge Landនិងក្រុមហ៊ុនOxley Holdingដែលមានមូលដ្ឋាននៅប្រទេសឹង្ហបុរី។
លោកឧកញ៉ាសៀ រិទ្ឋីប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនWorld Bridge Landធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា រហូតមកទល់ពេលនេះការលក់របស់យើងបានសម្រេចគោលដៅហើយ ដោយយើងផ្តោតអតិថិជនជាជនជាតិខ្មែរជាអាទិភាព”។លោកបន្តថា គំរោងរបស់លោកតែងតែទទួលបានជោគជ័យ ព្រោះបើមិនជោគជ័យយើងមិនធ្វើនោះទេ។
លោកបន្តថា “ការសាងសង់ខុនដូត្រូវផ្តោតលើទីតាំង ទីតាំង និងទីតាំង ហើយយើងអាចផ្តល់ជូនអតិថិជននូវសេវាកម្មចម្រុះ ដែលអាចឲ្យពួកគេអាចរកសេវាកម្មចាំបាច់បាននៅក្នុងអាគារដែលពួកគេស្នាក់នៅ”។លោកបន្តថា “ជាក់ស្តែងគំរោងThe PeAkត្រូវបានអភិវឌ្ឍន៍តាមទស្សនទានថ្មី ដោយមានស្ទើរគ្រប់សេវាកម្មនៅទីនេះ ដែលមានទាំងផ្សារទំនើប ក្លឹបហាត់ប្រាណ ការិយាល័យធ្វើការ និងសណ្ឋាគារជាដើម”។
គំរោងThe PeAkស្ថិតនៅក្បែរកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ៕
ប្រភព : Property area