ភ្នំពេញ៖ ទីក្រុងប៉ោយប៉ែត ស្ថិតនៅព្រំប្រទល់ប្រទេសថៃបាន និងកំពុងរីកចម្រើនយ៉ាងលឿន ដោយមានអាគារខុនដូភ្លោះកំពស់២១ជាន់ជាលើកដំបូង ដែលគំរោងនេះត្រូវបានវិនិយោគដោយក្រុមហ៊ុនសុខា រ៉េស៊ីដិន។
យោងតាមព៌តមានរបស់ក្រុមហ៊ុននេះ ដែលបានបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនបានឲ្យដឹងថា ក្រុមហ៊ុនសូមនាំមកនូវគំរោងថ្មីនិងតំបូងគេបង្អស់នៅទីក្រុងប៉ោយប៉ែត ជាកន្លែងដែលកំពុងមានការលូតលាស់ផ្នែកសេដ្ឋកិច្ច នោះគឺគំរោងអាគារសហកម្មសិទ្ឋឬខុនដូកំពស់២១ជាន់ ត្រូវបានគាំទ្រយ៉ាងពេញទំហឹងពីអភិបាលខេត្តនិងអាជ្ញាធរដែនដី។
ខុនដូនេះមានបន្ទប់គេងមួយ ដល់បន្ទប់គេងបី និងលក់ក្នុងតម្លៃចាប់ពីតម្លៃ ២៧,៨៦៤ដុល្លារ ដល់ជាង១លានដុល្លារអាមេរិក។
គំរោងនេះស្ថិតនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
រដ្ឋាភិបាលបានដាក់ក្រុងប៉ោយប៉ែត ជាទីក្រុងពិសេសនិងជាតំបន់ឧស្សាហកម្មតាមរយៈគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ ដើម្បីធ្វើយ៉ាងណាឲ្យតំបន់នេះទាក់ទាញការវិនិយោគ។ បច្ចុប្បន្នក្រុងប៉ោយប៉ែត កំពុងទាក់ទាញអ្នកវិនិយោគជប៉ុន និងចិនជាច្រើន ទៅបើករោងចក្រ សហគ្រាសជាច្រើននៅទីនោះ ដើម្បីផលិតនិងនាំចេញទៅកាន់ប្រទេសថៃ ដោយសារកំលាំងពលកម្មនៅកម្ពុជាមានតម្លៃទាប ធៀបជាមួយប្រទេសថៃ៕
ប្រភព : Property area