ភ្នំពេញ ផ្សារទំនើបលំដាប់អន្តរជាតិថ្មីមួយឈ្មោះ MIDTOWN MALL ស្ថិតនៅតាមបណ្តោយផ្លូវលេខ២០០៤ បាននិងកំពុងត្រៀមបើកដំណើរការជាផ្លូវការនៅថ្ងៃទី២៤ ធ្នូខាងមុខនេះ ប្រសិនជាមិនមានអ្វីប្រែប្រួលទេនោះ។
អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia ដែលជាក្រុមហ៊ុនតំណាងផ្នែកជួលផ្តាច់មុខ នៃគំរោងផ្សារទំនើបនេះ បានមានប្រសាសន៍ឲ្យដឹង ក្នុងកម្មវិធីជួបជុំជាមួយអតិថិជន ដែលបានមកជួលស្តង់នៅផ្សារទំនើបនាព្រឹកថ្ងៃទី៨ កញ្ញានេះថា តាមគំរោងផ្សារទំនើបនេះ នឹងបើកដំណើរការបណ្តោះអាសន្ននៅដើមខែធ្នូ និងបើកដំណើរការជាផ្លូវការនៅថ្ងៃទី២៤ ធ្នូ ដែលចំថ្ងៃបុណ្យគ្រូស្មាសនាចុងឆ្នាំនេះ។
អ្នកនាងបន្តថា “ផ្សារនេះស្ថិតនៅទីតាំងសមស្របមួយ ដែលជាបណ្តុំលំនៅដ្ឋាននិងជាតំបន់ដែលមានប្រជាជនមានជីវភាពមធ្យមរស់នៅច្រើន ហើយយើងរំពឹងថាគំរោងនេះមានភាពទាក់ទាញ និងទទួលបានជោគជ័យ”។អ្នកនាងបន្តថា “ឆ្នាំ២០១៨ជាឆ្នាំនៃផ្សារទំនើប ដោយផ្សារចំនួន១៣គ្រោងបើកដំណើរការ ប៉ុន្តែវាមិនលើសតម្រូវការទេ ដោយសារផ្សារនិមួយៗបានចាប់យកចំណែកអតិថិជនខុសៗគ្នា”។
ផ្សារទំនើបនេះត្រូវបានវិនិយោគដោយ ក្រុមហ៊ុន Kao Cheng International Enterprise Co. Ltd ជាក្រុមហ៊ុនអភិវឌ្ឍន៍ មានមូលដ្ឋាននៅកោះតៃវ៉ាន់ ដែលមានបទពិសោធន៍ខ្ពស់ជាមួយនឹងកំណត់ត្រា ដែលមានរយៈពេលជាង២៥ឆ្នាំមកហើយ។
យោងតាមព៌តមានរបស់ក្រុមហ៊ុន ដែលបានវិនិយោគផ្សារទំនើបនេះបានឲ្យដឹងថា MIDTOWN MALL មិនត្រឹមតែមានបំណងផ្តល់ជូន នូវជម្រើសអាហារពេលល្ងាច សេវាកម្ម និងការកម្សាន្តដែលមានគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែក៏មានបំណងបង្កើតអារម្មណ៍ជាក់ស្តែងដល់សហគមន៍ និងភាពងាយស្រួលដើម្បីបង្កើនបទពិសោធន៍ នៃការដើរទិញដូរសម្រាប់ទាំងអស់គ្នា។
តាមរយៈការបង្កើតបរិយាកាសសម្រាក ដោយមានទីធ្លាបៃតង និងបរិក្ខារឈើ ដែលមានលក្ខណៈស្ថាបត្យកម្មទំនើប ដើម្បីបង្កើតនូវបទពិសោធន៍លក់រាយចុងក្រោយសម្រាប់អតិថិជន។ តំបន់ធំៗត្រូវបានគេកំណត់ ដោយមានទាំង កន្លែងសំដែង និងការកម្សាន្ត ដើម្បីបង្កើនបរិយាកាសទាក់ទាញដែលអតិថិជនអាចរីករាយនឹងបទពិសោធន៏ ដោយមិនមានអារម្មណ៍ថាពួកគេស្ថិតនៅក្នុងផ្សារទំនើបមួយនោះទេ។
ផ្សារទំនើបនេះ ទទួលបានបទពិសោធន៍ពីអ្នកអភិវឌ្ឍន៍ ដែលមានការគោរពខ្ពស់ជាមួយនឹងអ្នកច្នៃប្រឌិត និងអ្នកពិគ្រោះយោបល់សំណង់ ប្រកបដោយការច្នៃប្រឌិតខ្ពស់បំផុតរបស់ប្រទេសកម្ពុជា ក៏ដូចជា ចំណេះដឹងនិងការបញ្ចូលចំណេះដឹងពីអ្នកជំនាញ ដែលកំពុងឈានមុខគេនៅក្នុងទីផ្សារលក់រាយនៅក្នុងទីក្រុងភ្នំពេញ៕
ប្រភព : Property area