ភ្នំពេញ ៖ នៅពេលបច្ចុប្បន្ននេះ ទីផ្សារអចលនទ្រព្យកំពុងតែមានសកម្មភាពយ៉ាងកក្រើក និងកើតមានស្ទើរពេញផ្ទៃប្រទេសតែម្ដង ជាពិសេស ការលក់ដីដោយការពុះឡូតិ៍តែម្ដង ដែលធ្វើឱ្យមនុស្សកាន់តែច្រើនចាប់អារម្មណ៍ និងចង់រកស៊ីក្នុងវិស័យមួយនេះ ទាំងដែលខ្លួនមិនធ្លាប់មានជំនាញពាក់ព័ន្ធនៅឡើយ។ ចង់ដឹងទេថា បើចង់អភិវឌ្ឍខ្លួនក្នុងនាមជាភ្នាក់ងារលក់ ឬជាអ្នកវិនិយោគដោយផ្ទាល់ ហើយទទួលបានជោគជ័យ គួរមានចំណេះដឹងអ្វីខ្លះជាមូលដ្ឋាន ? សូមស្វែងយល់ទាំងអស់គ្នាជាមួយការចែករំលែកបទពិសោធន៍របស់លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 Mekong ដែលលោកជាអ្នកជំនាញលើវិស័យមួយនេះ៖
ចំណេះដឹង
ចំណេះដឹង ជាការសំដៅលើការចេះ ប្រមូលព័ត៌មានយ៉ាងទូលាយ និងឱ្យបានគ្រប់ជ្រុងជ្រោយ ។ ត្រូវពង្រាយកំលាំងយ៉ាងម៉េចឱ្យបានគ្រប់កន្លែង ដើម្បីអាចទទួលបានព័ត៌មានពាក់ព័ន្ឋក្នុងវិស័យដែលយើងត្រូវផ្តល់សេវាកម្ម ឬវិនិយោគ។
ភាពឆ្លាតវៃ និងសមត្ថភាពផ្ទាល់ខ្លួន
យើងក៏ត្រូវយល់ដឹងពីខ្លួនឯងឱ្យបានច្បាស់ថា ខ្លួនយើងជាអ្នកណា មានជំនាញបែបណា និងចង់វិនិយោគលើវិស័យអ្វី? ឧទាហរណ៍ថា ចង់វិនិយោគលើដី យើងត្រូវដឹងថាដីកន្លែងណាល្អ និងងាយចំណេញប្រាក់។ ប្រសិនជាមានលុយតិច ហើយចង់វិនិយោគ យើងត្រូវវិនិយោគលើអចលនទ្រព្យណាដែលមានទីផ្សារខ្ពស់ ងាយទទួលបានទុកបង្វិលដើម្បីវិនិយោគទីតាំងផ្សេងថ្មីទៀត និងទទួលបានប្រាក់ចំណេញ បើទោះជាប្រាក់ចំណេញទាំងនោះមានចំណួនតិចក៏ដោយ ចៀសវាងបង្កកទុនចោលមួយកន្លែង។
កសាងទំនុកចិត្ត
ធ្វើជាក្រុមហ៊ុនអចលនទ្រព្យ អ្វីសំខាន់ត្រូវកសាងកេរ្ត៍ឈ្មោះ ព្រោះកេរ្ត៍ឈ្មោះជារឿងចាំបាច់សម្រាប់ជោគជ័យរយៈពេលវែង។ នៅក្នុងក្រុមហ៊ុនCentury 21 Mekong មុនចេញទៅធ្វើការ បុគ្គលិកត្រូវទទួលការបណ្តុះបណ្តាលចំនួន៤ចំណុចជាមុនសិន ដូចជា ជំនាញក្នុងការនិយាយ ជំនាញក្នុងការទំនាក់ទំនងភ្ញៀវ ជំនាញក្នុងការដោះស្រាយបញ្ហារបស់អតិថិជន និងជំនាញក្នុងការទិញ លក់ ជួលដោយជោគជ័យ។
ដូច្នេះដើម្បីធ្វើឲ្យភ្នាក់ងារអចលនទ្រព្យ មានចំណេះ ជំនាញ និងបទពិសោធន៍ដែលអាចធ្វើការបានក្នុងវិស័យនេះ គឺត្រូវការការបណ្តុះបណ្តាល និងពង្រីកភ្នាក់ងារឲ្យបានច្រើន ដើម្បីពង្រីកវិសាលភាពការងាររបស់យើងឲ្យបានទូលំទូលាយ។
រកអ្នកជំនាញជួយ
ប្រសិនជាយើងមិនសូវចេះ និងមិនមានជំនាញ យើងត្រូវធ្វើការប្រឹក្សាយោបល់ជាមួយអ្នកជំនាញអចលនទ្រព្យ ដែលមានជំនាញ និងបទពិសោធន៍ដើម្បីផ្តល់តំបូន្មានថា យើងគួរធ្វើយ៉ាងម៉េច រៀបចំយ៉ាងម៉េច ដើម្បីឲ្យការបំពេញការងារ ឬការវិនិយោគក្នុងវិស័យនេះ មានភាពល្អប្រសើរ និងបញ្ចៀសបាននូវហានិភ័យ។ យើងត្រូវចេះប្រមូលព័ត៌មាន និងផ្តល់ការប្រឹក្សាជាមួយអ្នកជំនាញអចលនទ្រព្យ ដើម្បីយកព័ត៌មានគ្រប់ជ្រុងជ្រោយ មុនធ្វើការសម្រេចចិត្តថា តើការសម្រេចចិត្តរបស់យើងមានភាពត្រឹមត្រូវឬអត់ផងដែរ។
ប្រសិនជាចង់ទិញផ្ទះនៅតាមបុរី ក្រុមហ៊ុន Century 21 Mekong ជាអ្នកមានជំនាញលើការងារនេះ និងមានព័ត៌មានគ្រប់ជ្រុងជ្រោយ ដែលអាចប៉ាវដាច់ក្នុងបុរីនានាដូចជា បុរីប៉េង ហួត បុរីពិភពថ្មី និងបុរីដទៃទៀត ដោយយើងអាចផ្តល់ព័ត៌មានត្រឹមត្រូវ ច្បាស់លាស់ និងអាចទុកចិត្តបាន។
ត្រូវមានឯកទេសអ្វីមួយជាក់លាក់
នៅក្នុងវិស័យអចលនទ្រព្យមានផ្នែកជាច្រើនខុសៗគ្នា ហេតុនេះយើងជាភ្នាក់ងារអចលនទ្រព្យ ឬចង់វិនិយោគក្នុងវិស័យនេះ ត្រូវមានជំនាញអ្វីមួយជាក់លាក់ ទើបយើងអាចធ្វើបានតាមគោលដៅរបស់យើង ទទួលបានប្រាក់ចំណេញ និងបញ្ចៀសបាននូវហានិភ័យចំពោះមុខ៕
ប្រភព : Property area