ភ្នំពេញ៖ ការអភិវឌ្ឍន៍ឆ្ពោះទៅគ្រប់ទិសនៃរាជធានីភ្នំពេញ ដើម្បីពង្រាយរបាយប្រជាជនឲ្យទៅរស់នៅគ្រប់ទិស ស្របតាមផែនការអភិវឌ្ឍន៍ក្រុងសម្រាប់ឆ្នាំ២០៣៥ ជាអ្វីដែលសាលារាជធានីកំពុងធ្វើ ខណៈល្បឿននៃការអភិវឌ្ឍឆ្ពោះទៅទិសខាងជើងកំពុងមានល្បឿនគួរឲ្យចាប់អារម្មណ៍។
លោកម៉ម សិរីបញ្ញាអគ្គនាយកក្រុមហ៊ុន Easy Property Investment Co, Ltd បានថ្លែងឲ្យ Propertyarea.asia ដឹងកាលពីពេលថ្មីៗនេះថា ភាគខាងជើងក្រុងភ្នំពេញបាន និងកំពុងក្លាយជាទីតាំងដ៏មានសក្តានុពល តាមរយៈគំរោងអភិវឌ្ឍន៍ជាច្រើនបាននិងកំពុងធ្វើឡើង និងការកសាងហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាលកាន់តែច្រើន និងកាន់តែមានរបៀបរៀបរយ។លោកបន្តថា គំរោង AEON MALL ទី២ បានលើកស្ទួយតំបន់ភាគខាងជើងឆៀងខាងលិចយ៉ាងសំបើម ដែលធ្វើឲ្យតំលៃដីធ្លីនៅតំបន់នោះឡើងថ្លៃខ្ពស់គួរឲ្យកត់សំគាល់។
លើសពីនេះតំបន់ភាគខាងជើងឆៀងខាងលិច ជាតំបន់ដ៏ទាក់ទាញ ប្រៀបបានដូចជាគ្រាប់ពេជ្រ ដោយសារតំបន់នេះមានការភ្ជាប់ផ្លូវជាតិធំៗចូលមកកាន់រាជធានីភ្នំពេញ ទាំងផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ៨ សុទ្ឋ តែជាផ្លូវឬសសៃឈាមសេដ្ឋកិច្ចចូលមកកាន់រាជធានីភ្នំពេញ។
លោកម៉ម សិរីបញ្ញាបានបន្តថា តំបន់ដែលមានទន្លេព័ទ្ឋជុំវិញនេះ ជាទីតាំងដ៏ល្អបំផុតសម្រាប់វិនិយោគ ជាក់ស្តែងនៅតាមបណ្តោយផ្លូវជាតិលេខ៦ មានគំរោងទីក្រុងរណបជាច្រើនកំពុងសាងសង់ ដូចជា ទីក្រុងរណបជ្រោយចង្វារដែលគ្រោងបោះទុនវិនិយោគ១៦០០លានដុល្លារ ទីក្រុងរណបនៃគំរោងអ័រគីដេវីឡា និងទីក្រុងរណបមិត្តភាពកម្ពុជា ចិន (CHINA TOWN)នៅតំបន់ទីក្រុងរណបតេជោមរកត ដែលមានតំលៃវិនិយោគ រហូតដល់១៥០០លានដុល្លារអាមេរិក និងបុរីមួយចំនួនទៀតកំពុងឆ្ពោះទៅកាន់តំបន់នេះ។
លោកបន្តថា “ហេដ្ឋារចនាសម្ព័ន្ឋ សណ្ឋានដីល្អ និងលក្ខខ័ណ្ឌអាកាសធាតុអំណោយផល មិនមានការបំពុលពីផ្សែងរោងចក្រ សហគ្រាសនានា នឹងធ្វើឲ្យតំបន់ភាគខាងជើងកាន់តែមានភាពរសរវើកនាពេលអនាគត”។លោកបន្តថា “ខ្ញុំជឿជាក់ថាតំបន់នេះនឹងក្លាយជាប៉ូលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងលំនៅដ្ឋានដ៏រសរវើក និងទាក់ទាញថ្មីមួយទៀត សម្រាប់ក្នុងភ្នំពេញនាពេលអនាគត”។
ក្នុងផែនការមេ ទីក្រុងភ្នំពេញពីឆ្នាំ២០១៥ ដល់ឆ្នាំ២០៣៥ សាលារាជធានីភ្នំពេញមានគោលដៅ ពង្រីកការអភិវឌ្ឍន៍ទៅគ្រប់ទិសទាំងបួន នៃរាជធានីភ្នំពេញ ដោយសារពីមុន មកការអភិវឌ្ឍន៍បានរីកខ្លាំងទៅភាគខាងលិច និងខាងជើងក្រុងភ្នំពេញ ដែលធ្វើឲ្យចំនួនប្រជាពលរដ្ឋចូលទៅរស់នៅតំបន់នោះច្រើន ដោយមើលឃើញបែបនេះទើបអាជ្ញាធរក្រុងបានពង្រីកការអភិវឌ្ឍន៍ទៅភាគខាងត្បូង និងភាគខាងកើតរាជធានីភ្នំពេញ ដើម្បីកុំឲ្យប្រជាជនរស់នៅប្រមូលផ្តុំតែមួយកន្លែង ដែលនាំឲ្យមានបញ្ហាបរិស្ថានសង្គម និងធ្វើឲ្យមានការពិបាកគ្រប់គ្រង។នេះបើតាមលោកមាន ចាន់យ៉ាដាអភិបាលរងក្រុងភ្នំពេញលើកឡើង។
លោកបន្តថា “ប្រសិនជាមើលទៅភាគខាងជើងរាជធានី វាជាតំបន់មានការអភិវឌ្ឍន៍ខ្លាំងលើវិស័យលំនៅដ្ឋាន ពាណិជ្ជកម្មខ្លាំងនាពេលអនាគត”៕
ប្រភព : Property area