Register Already an agent ? Login

ទីក្រុងរណបតម្លៃ ៣០០០លានដុល្លារ ចាប់ផ្តើមសកម្មភាពអភិវឌ្ឍន៍យ៉ាងសកម្ម

ភ្នំពេញ៖ ទីក្រុងរណបថ្មីមួយ ដែលមានតម្លៃទុនវិនិយោគ៣០០០លានដុល្លារ ​បានចាប់ផ្តើមសកម្មភាពនៃការអភិវឌ្ឍរបស់ខ្លួនហើយ បន្ទាប់ពីហេដ្ឋារច​នាសម្ព័ន្ឋនានាបានបញ្ចប់ និងមួយចំនួនទៀតបាននិងកំពុងស្ថាបនា។

បច្ចុប្បន្នទីក្រុងរណប ដែលស្ថិតនៅកៀករាជធានីភ្នំពេញជាងគេនេះ បានបញ្ចប់ការស្ថាបនាផ្លូវមេ ដែលលូនកាត់ចំកណ្តាលទីក្រុងនេះ និងកំពុងសាងសង់ផ្លូវមួយទៀត ស្ថិតនៅក្បែរផ្លូវជាតិលេខ៦អា និងសាងសង់ហេដ្ឋារចនាសម្ព័ន្ឋមួយ​ចំនួនទៀតផងដែរ។

អគ្គនាយកក្រុមហ៊ុន OCIC លោកទូច សំណាងបានថ្លែងឲ្យដឹងតាមទូរស័ព្ទ កាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនកំពុងចាប់ផ្តើមបុកគ្រឹះ សាងសង់ការិយាល័យកណ្តាលរបស់ OCIC កំពស់២០ជាន់ នៅក្នុងទីក្រុងរណបជ្រោយចង្វារទីក្រុង នៃអ នាគតហើយ ហើយដើមឆ្នាំក្រោយក្រុមហ៊ុននឹងចាប់ផ្តើមសាងសង់ផ្ទះល្វែង និងមជ្ឈមណ្ឌលពាណិជ្ជកម្ម រួមមានផ្សារទំនើប អាគារការិយាល័យនៅក្នុងទីក្រុងនេះផងដែរ។

លោកបន្តថា “រហូតមកទល់ពេលនេះ ក្រុមហ៊ុនបានចាប់ផ្តើមលក់ផ្ទះល្វែង​បណ្តើរៗហើយ ដោយផ្ទះនិមួយៗមានតម្លៃចាប់ពីជាង២០ម៉ឺនដុល្លារអាមេរិក”។

លោកទូច សំណាងបានបន្តថា គំរោងក្នុងដំណាក់កាលទី១នេះមានផ្ទៃដី ជាង៣ហិកតា ប៉ុន្តែយើងមិនទាន់គណនាពីតម្លៃ នៃការវិនិយោគនៅឡើយទេ។លោកបន្តថា ទោះជាយ៉ាងណាបើគិតពីតម្លៃ នៃអាគារការិយាល័យកណ្តាលរបស់គំរោងនេះមានទឹកប្រាក់២០លានដុល្លារអាមេរិក។

តំបន់ជ្រោយចង្វារ និងតំបន់ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A មានសកម្មភាពអភិវឌ្ឍន៍ខ្លាំង បន្ទាប់ពីស្ពានជ្រោយចង្វារទី២ បានសាងសង់រួចនិងដាក់ឲ្យដំណើរការ។ តំបន់នេះមានបុរីធំៗជាច្រើនកំពុងសាងសង់ ដូចជា បុរីប៉េង ហួត បុរី The Mekong Royal បុរីអ័រគីដេ បុរីឌឹ ផ្លារ៉ា និងបុរីវិមានភ្នំពេញ ដែលសាងសងលំនៅដ្ឋានតម្លៃមធ្យម។

បច្ចុប្បន្នក្រុមហ៊ុន OCIC កំពុងសាងសង់ស្ពានចំនួនពីរ ភ្ជាប់ទៅកាន់តំបន់ជ្រោយចង្វារផងដែរ ដូចជា ស្ពានបាឡេដែលគ្រោងចំណាយពេលសាងសង់៦ខែ និងស្ពានយោងដោយខ្សែកាប ដែលគ្រោងចំណាយរយៈពេលសាងសង់២៤ខែ។

នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Cambodia Angkor Real Estate លោកពឹង សេរីបានថ្លែងថា ការអភិវឌ្ឍទីក្រុងរណបថ្មីនេះជារឿងល្អ ព្រោះវានឹងជួយធ្វើ ឲ្យតម្លៃដីធ្លី និងសកម្មភាពសេដ្ឋកិច្ចនៅតំបន់នោះ កាន់តែមានភាពរីកចម្រើន ពិ​សេសការកសាងទីក្រុងរណបបែបនេះ ក៏ជួយសម្រូលបញ្ហាចរាចរណ៍ និងពង្រា​យប្រជាជនកាន់តែទៅតំបន់ផ្សេងៗច្រើន ដើម្បីកុំឲ្យពួកគេប្រមូលផ្តុំតែមួយកន្លែ​ងធ្វើឲ្យមានការកកស្ទះចរាចរណ៍ និងបំពុលបរិស្ថាន។

លោកបន្តថា “កម្ពុជាត្រូវការទីក្រុងរណបកាន់តែច្រើន ដើម្បីពង្រីកការអភិវឌ្ឍន៍ផង និងជំរុញកុំឲ្យប្រជាពលរដ្ឋប្រមូលផ្តុំតែនៅមួយកន្លែងផង ពិសេសវា​ជួយធ្វើឲ្យវិស័យអចលនទ្រព្យកាន់តែមានភាពរីកចម្រើន”។លោកបន្តថា “ខ្ញុំគិតថាគំរោងនេះនឹងទទួលបានជោគជ័យ ព្រោះវាជាតំបន់មានលក្ខខ័ណ្ឌអាកាសធាតុល្អ ដោយសារមានទន្លេរពីអមសងខាង”។

លោកច្រឹក សុខនីមអគ្គនាយកក្រុមហ៊ុន Century21 Cambodia បានថ្លែងថា ទីក្រុងរណបជ្រោយចង្វារ ជាទីក្រុងស្ថិតនៅកៀករាជធានីភ្នំពេញជាងគេ និងមាន​លក្ខខ័ណ្ឌភូមិសាស្រ្ត និងអាកាសធាតុអំណោយផលបំផុត ដោយសារវានៅជាប់នឹងដងទន្លេ ដែលអំណោយផលដល់ការរស់នៅ។លោកបន្តថា បច្ចុប្បន្នតំបន់នេះ មិនទាន់មានមនុស្សរស់នៅច្រើននៅឡើយទេ ប៉ុន្តែនាពេលអនាគតបន្ទាប់ពី គំរោងអភិវឌ្ឍន៍នានាបានសាងសង់ ចំនួនប្រជាជនចូលទៅរស់នៅទីក្រុងនេះនឹង​កើនឡើងខ្លាំង។

លោកបន្តថា “គំរោងនេះនឹងទទួលបានជោគជ័យ ហើយខ្ញុំជឿជាក់ថាប្រជាជនចាប់អារម្មណ៍ចង់រស់នៅតំបន់នេះច្រើន នាពេលអនាគតឆាប់ៗនេះ”៕

ប្រភព : Property area