ភ្នំពេញ៖ ខុនដូជាផ្នែកថ្មីមួយ ដែលស្ថិតនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា និយាយពីខុនដូ គេតែងនឹកឃើញដល់អាគារខ្ពស់ៗ ដែលកំពុងលេចវត្តមាននៅទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុ។
ហេតុអីបានជាអ្នកវិនិយោគជាតិ និងអន្តរជាតិវិនិយោគលើខុនដូ ដែលជា អាគារសហកម្មសិទ្ធច្រើន? លោកឧកញ៉ា សៀ រិទ្ធី អគ្គនាយកក្រុមហ៊ុន World Bridge Group ដែលបាននិងកំពុងសាងសង់ខុនដូ THe Bridge, The PeAk តំលៃជិត១០០០លានដុល្លារអាមេរិកបានថ្លែងថា មុនសម្រេចចិត្តសាងសង់ខុនដូ តំបូងគេត្រូវគិតពីទីតាំង ព្រោះទីតាំងមានសារៈសំខាន់ណាស់ ដើម្បីកំណត់ភាពជោគ ជ័យរបស់ក្រុមហ៊ុនណាមួយ។
ចំណុចមួយទៀត គេត្រូវសិក្សាទីផ្សារឲ្យបានច្បាស់លាស់ ដើម្បីកំណត់ថាអ្នកណាជាអតិថិជនរបស់ខ្លួន និងចំណុចចុងក្រោយ គឺនិយាយពីមូលធនថវិកា និងគុណភាពសំណង់។
លោកបន្តថា គំរោងដែលខ្ញុំធ្វើមិនដែលបរាជ័យទេ បើមិនជោគជ័យខ្ញុំមិនធ្វើនោះទេ”។
នេះជាពាក្យសម្តីប្រកបដោយភាពជឿជាក់ និងមានមូលដ្ឋានគ្រប់គ្រាន់សំរាប់ការអះអាងបែបនេះ ដោយលោកឧកញ៉ាបានបញ្ជាក់ថា ខុនដូរបស់លោកគឺលក់ lifestyle មិនមែនលក់បន្ទប់គេង និងគ្រែដេកមួយមុខទេ ព្រោះអ្នកទិញខុនដូភាគច្រើនជាអ្នកធ្លាប់ចេញទៅរស់នៅបរទេស ឬធ្លាប់ទៅកំសាន្តនៅបរទេស ហេតុនេះ ពួកគេនឹងពីការរស់នៅខុនដូមានសភាពដូចម្តេច។ លោកបន្តថា អ្នកស្នាក់នៅខុនដូចង់បានអ្វីដែលងាយស្រួល និងអាចរកបាននៅកន្លែងតែមួយ គឺOne Stock Service ដូចជា ពួកគេមានផ្សារទំនើប មានមន្ទីរសម្រាកព្យាបាល មានហាងថែររក្សាសម្រស់ មានភោជនីយដ្ឋាន មានសេវាកម្មមេធាវីនៅលើអាគារដែលពួកគេរស់នៅជាដើម។
លោកឧកញ៉ាសៀ រិទ្ឋីបានបញ្ជាក់ថា “នេះជាអ្វីដែលពួកគេចង់បាន ហើយជាអ្វីដែលអ្នកវិនិយោគខុនដូត្រូវគិតគូ ព្រោះនៅលើពិភពលោកបច្ចុប្បន្ន គេវិនិយោគលើភាពចម្រុះបែបនេះ”។លោកបន្តថា “ប្រសិនជាមានដីត្រឹមទំហំ២០គុណនឹង៣០ម៉ែត្រ ហើយសាងសង់ខុនដូលក់ ខ្ញុំមិនលើកទឹកចិត្តឲ្យធ្វើទេ ព្រោះបើសាងសង់តែបន្ទប់គេងលក់ គ្មានអ្នកណាទៅរស់នៅនោះទេ”៕
ប្រភព : Property area