ភ្នំពេញ សក្តានុពលសំខាន់ៗចំនួន៥ បាន និងកំពុងជំរុញខេត្តព្រះសីហនុ ក្លាយជាប៉ូលសេដ្ឋកិច្ចទី២ជំនួសខេត្តសៀមរាប ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។
សក្តានុពលដែលត្រូវគេមើលឃើញទាំងនោះ រួមមាន តំបន់ឆ្នេរដ៏ទាក់ទាញ តំបន់សេដ្ឋកិច្ចពិសេស នៃគំនិតផ្តួចផ្តើមក្រវ៉ាត់មួយ ផ្លូវមួយ ផ្លូវល្បឿនលឿន និងបណ្តាញផ្លូវដែក កំពង់ផែទឹកជ្រៅ ដែលតភ្ជាប់សកម្មភាពពាណិជ្ជកម្មកម្ពុជាទៅកាន់ទីផ្សារពិភពលោកនាពេលអនាគតឆាប់ៗនេះ។
អគ្គនាយកក្រុមហ៊ុន Century21 Mekong លោក ច្រឹក សុខនីម បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ខេត្តព្រះសីហនុពិតជាមានសក្តានុពល ដោយសារមានការភ្ជាប់ជើងហោះហើរពីប្រទេសចិន និងពីខេត្តសៀមរាបមកកាន់ទីនោះកាន់តែច្រើន ពិសេសអ្វីដែលលោកភ្ញាក់ផ្អើលនោះ គឺលោកឃើញវត្តមានជនជាតិចិនកាន់តែច្រើនមកទស្សនា និងវិនិយោគនៅខេត្តជាប់មាត់សមុទ្រមួយនេះ។ លោកបន្តថា ខេត្តនេះនៅមានសក្តានុពល សម្រាប់អភិវឌ្ឍន៍ច្រើន ដោយសារមានដីទំនេរច្រើន ដែលផ្តល់ជំរើសដល់អ្នកអភិវឌ្ឍន៍កាន់តែមានភាពងាយស្រួល។ លោកបន្តថា “និយាយពីការសាងសង់ខុនដូនៅខេត្តព្រះសីហនុ យើងត្រូវសួរថា តើអ្នកអភិវឌ្ឍន៍ផ្តោតលើអ្នកណាជាគោលដៅ។ បើអ្នកវិនិយោគផ្តោតលើប្រជាជនក្នុងស្រុកខ្ញុំមិនសូវមានជំនឿចិត្តនោះទេ”។ លោកបន្តថា “ប្រជាពលរដ្ឋខេត្តព្រះសីហនុទំនងមិនសូវចាប់អារម្មណ៍ខុនដូច្រើនទេ ពួកគេនៅតែចាប់អារម្មណ៍លំនៅដ្ឋានផ្ទាល់ដី ដោយសារខេត្តនៅសល់ដីទំនេរច្រើន និងមានតម្លៃធូរថ្លៃនៅឡើយ”។
ខេត្តព្រះសីហនុបច្ចុប្បន្នបានក្លាយជាប៉ូលទី២ ដែលអ្នកវិនិយោគបរទេសបាននិងកំពុងសាងសង់ខុនដូនៅតំបន់នេះច្រើន ដូចជា គំរោង Sea Gate Suite,D seaview, Sunshine Bay, Royal Bay view, Blue Bay និងគំរោងខុនដូជាច្រើនទៀត ដែលបាននិងកំពុងសាងសង់ជាបន្តបន្ទាប់។
លោក ច្រឹក សុននីម បានបន្តថា ដោយសារខេត្តព្រះសីហនុជាតំបន់ទេសចរណ៍ ហើយរដ្ឋាភិបាលកំពុងរៀបចំតំបន់នេះ ទៅជាតំបន់ពាណិជ្ជកម្មនាពេលអនាគត អ្នកវិនិយោគ ដែលមានគោលដៅធ្វើការវិនិយោគរយៈពេលវែង បានងាកទៅកាន់តំបន់នេះ ដោយសារវាជាតំបន់ដែលមានសក្តានុពលសម្រាប់ពេលអនាគត។ លោកបន្តថា “រដ្ឋាភិបាលបាន និងកំពុងផ្តោតការយកចិត្តទុកដាក់នៅតំបន់នេះ តាមរយៈការរៀបចំឆ្នេរឲ្យមានសោភ័ណភាព និងរៀបរៀបរយជាងមុន គម្រោងសាងសង់ផ្លូវហាយវេពីរាជធានីភ្នំពេញ ទៅកាន់ខេត្តនេះ ការមានព្រលានយន្តហោះលំដាប់អន្តរជាតិ និងកំណើនភ្ញៀវទេសចរ សុទ្ឋតែជាកត្តាហុចសក្តានុពលដល់អ្នកវិនិយោគសាងសង់ខុនដូនៅខេត្តនេះ”។ លោកបន្តថា “ពេលបុណ្យទានម្តងៗពិបាករកផ្ទះសំណាក់ និងសណ្ឋាគារសម្រាប់ស្នាក់នៅ ដូច្នេះការទិញខុនដូសម្រាប់លំហែរនឹងជាជំរើសមួយផងដែរ”។
អ្នកវិនិយោគខុនដូមួយរូប ដែលបាន និងកំពុងវិនិយោគខុនដូមួយក្នុងចំណោមខុនដូខាងលើបាននិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា “ខេត្តព្រះសីហនុជាខេត្តតំបន់ឆ្នេរមួយ ដែលមានភាពស្រស់ស្អាត និងជាប៉ូលទាក់ទាញភ្ញៀវទេសចរលំដាប់ទី២បន្ទាប់ពីខេត្តសៀមរាប ដូច្នេះខ្ញុំគិតថាអ្វីៗវានឹងប្រសើរឡើងសម្រាប់ខុនដូរបស់ខ្ញុំ ព្រោះទីនោះមិនសូវមានខុនដូ និងអូតែលលំដាប់ប្រណីតនៅឡើយ។ យើងសាងសង់ខុនដូសម្រាប់ទាក់ទាញជនបរទេស មកប្រទេសរបស់យើង ហើយនៅឆ្នាំ២០១៨ ការចម្រាញ់យកប្រេងកាតពីសមុទ្ររបស់យើង នឹងចាប់ផ្តើមដែលនេះជាផ្នែកមួយដ៏សំខាន់ ក្នុងការទាក់ទាញអ្នកវិនិយោគបន្ថែមមកកាន់ទីនេះ”។ នេះបើតាមសម្ដីអ្នកវិនិយោគរូបនោះបន្ថែម។
លោក ហូ វណ្ឌី អគ្គលេខាធិការសម្ព័ន្ឋទេសចរណ៍ជាតិកម្ពុជាបានថ្លែងថា បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួនពីរ គឺក្រុមហ៊ុន កម្ពុជាអង្គរអ៊ែរ និងក្រុមហ៊ុន បាយ័នអ៊ែរ បានធ្វើការហោះហើររវាងខេត្តសៀមរាប និងរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុជារៀងរាល់ថ្ងៃ និងមានអាកាសចរណ៍មកពីបរទេសធ្វើការហោះហើរលក្ខណៈជួល និងយូរៗម្តងមកកាន់ខេត្តព្រះសីហនុផងដែរ។ លោកបន្តថា “ខេត្តនេះនឹងកាន់តែមានសក្តានុពល និងមានការរីកចំរើនកាន់តែខ្លាំង ប្រសិនជាអាជ្ញាធររក្សាបាននូវហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថាន ព្រមទាំងសម្បត្តិ ធម្មជាតិទាំងលើគោក និងក្នុងទឹកបានល្អ”។ លោកបន្តថា “ជោគជ័យ ឬមិនជោគជ័យលើការសាងសង់ខុនដូ និងអចលនវត្ថុនៅទីនេះ វាអាស្រ័យលើការអភិរក្សធនធានធម្មជាតិ និងការរៀបចំតំបន់នេះឲ្យកាន់តែមានភាពទាក់ទាញ”។
លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា បច្ចុប្បន្នមានខុនដូចំនួនបីបាន និងកំពុងសាងសង់នៅតាមតំបន់ឆ្នេរក្នុងខេត្ត ដែលជាការវិនិយោគរបស់ក្រុមហ៊ុនក្នុងស្រុក និងបរទេស។ លោកបន្តថា ខេត្តព្រះសីហនុចេះតែបន្តអភិវឌ្ឍន៍ទៅមុខ កាន់តែលឿន ដោយសាររដ្ឋាភិបាលបានរៀបចំខេត្តនេះ ឲ្យក្លាយជាតំបន់ពាណិជ្ជកម្មពហុវិស័យ ព្រោះខេត្តនេះមានឆ្នេរស្អាត មានកំពង់ផែទឹកជ្រៅតែមួយគត់នៅកម្ពុជា និងមានជើងហោះហើរត្រង់កាន់តែច្រើនឆ្ពោះមកកាន់ខេត្តនេះ។ លោកបន្តថា “ដោយសារសន្តិភាព ទើបមានអ្វីៗទាំងអស់នេះ។ ប្រជាជនក្នុងខេត្តព្រះសីហនុ មានការចាប់អារម្មណ៍លើខុនដូខុនដូច្រើន”។
ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា លោកបណ្ឌិត សុក ស៊ីផាន់ណា បានថ្លែងថា តាមរយៈគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មរបស់រដ្ឋាភិបាល ដែលបានដាក់ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ច និងឧស្សាហកម្មបានធ្វើឲ្យខេត្តនេះមានសកម្មភាពអភិវឌ្ឍន៍យ៉ាងលឿន ដោយសារហេដ្ឋារចនាសម្ព័ន្ឋអំណោយផលនានា ដូចជាតំបន់សេដ្ឋកិច្ចពិសេស ដែលងាយស្រួលក្នុងការដឹកជញ្ជូន ដោយសារវាជាប់កំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា ការពង្រីកព្រលានយន្តហោះកងកេង ក្លាយជាព្រលានយន្តហោះលំដាប់អន្តរជាតិ ការតភ្ជាប់ផ្លូវគោក និងផ្លូវល្បឿនលឿនជាដើម សុទ្ឋតែជាសក្តានុពលរបស់ខេត្ត។ លោកបន្តថា “ខ្ញុំគិតថារយៈពេល៥ឆ្នាំខាងមុខ ខេត្តព្រះសីហនុនឹងជំនួសខេត្តសៀមរាប ដោយសារខេត្តសៀមរាបពឹងផ្អែកខ្លាំង តែលើវិស័យទេសចរណ៍តែមួយប៉ុណ្ណោះ”៕
ប្រភព : Property area