ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែងថា រដ្ឋាភិបាលមានគំរោងសាងសង់ស្ពានមួយទៀត ភ្ជាប់ពីតំបន់កំពង់ផែភ្នំពេញនៃស្រុកកៀនស្វាយ ទៅកាន់ស្រុកល្វាឯម ក្នុងខេត្តកណ្តាលនាពេលខាងមុខ។
អគ្គនាយកនៃអគ្គនាយកដ្ឋានផ្លូវថ្នល់ នៃក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក នូ វឌ្ឍនៈ បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ក្រៅពីគំរោងសាងសង់ស្ពានក្តីតាកុយ ទៅតំបន់អរិយក្សត្រក្នុងស្រុកល្វាឯម រដ្ឋាភិបាលនឹងសាងសង់ស្ពានមួយទៀតដែលតភ្ជាប់នៅមូលដ្ឋានខាងលើនេះ ដែលវាជាការតភ្ជាប់ផ្លូវក្រវ៉ាត់ក្រុងទី៣។ ប៉ុន្តែយ៉ាងណាក៏ដោយលោកមិនទាន់ បញ្ជាក់ឲ្យដឹងពីពេលវេលាសាងសង់ស្ពាននោះនៅឡើយទេ។
លោកបន្តថា គំរោងសាងសង់ស្ពានក្តីតាកុយ ឆ្ពោះទៅតំបន់អរិយក្សត្រជាគំរោងស្ថិតក្នុងផ្លូវក្រវ៉ាត់ក្រុងទី២ ប៉ុន្តែគំរោងសាងសង់ស្ពានពីតំបន់កំពង់ផែស្វយ័តភ្នំពេញ ស្ថិតក្នុងស្រុកកៀនស្វាយ ទៅកាន់ស្រុកល្វាឯម ទើបជាគំរោងផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលស្ថិតក្នុងផែនការសាងសង់នាពេលឆាប់ៗនេះ ព្រោះរដ្ឋាភិបាលបានចុះហត្ថលេខាទទួលឥណទានសម្បទានពីរដ្ឋាភិបាលចិន ក្នុងទឹកប្រាក់២៥៨លានដុល្លាររួចហើយ។
ផ្លូវក្រវ៉ាត់ក្រុងទី៣ដែលចេញមកពីតំបន់ទំនប់កប់ស្រូវ កាត់ផ្លូវជាតិលេខ៤ លេខ៣ លេខ២ ផ្លូវលេខ១១០ និងឆ្ពោះមកកាន់ឃុំឈើទាល ក្នុងស្រុកកៀនស្វាយដោយឆ្ពោះមកកាន់តំបន់កំពង់ផែស្វយ័ត្នភ្នំពេញ។
បន្ទាប់ពីគេហទំព័រចុះផ្សាយពីគំរោងផ្លូវក្រវ៉ាត់ក្រុង និងការតភ្ជាប់ស្ពានពីជ្រោយចង្វារ ទៅកាន់តំបន់ស្វាយជ្រុំ និងស្ពានពីក្តីតាកុយ ឆ្ពោះទៅតំបន់អរិយក្សត្រកាលពីចុងខែសីហាកន្លងមកនេះ បានធ្វើឲ្យតម្លៃដីនៅតំបន់នោះឡើងថ្លៃចន្លោះពី២០ ទៅ៤០ភាគរយ។ នេះបើតាមអ្នករកស៊ីគួកជេដីនៅតំបន់នោះបញ្ជាក់ឲ្យដឹង។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក គីម ហ៊ាង បានមានប្រសាសន៍ឲ្យដឹងថា ហេតុផលដែលដីឡើងថ្លៃដោយសារកត្តាសំខាន់ៗជាច្រើនរួមមាន គំរោងសាងសង់ហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល កំនើនប្រជាសាស្រ្តនៅតំបន់នោះ លំហូរវិនិយោគបរទេស និងកត្តាមិនអាចខ្វះបានគឺសន្តិភាព ស្ថេរភាពនយោបាយ និងកំនើនសេដ្ឋកិច្ចដ៏រ៉ឹងមាំរបស់កម្ពុជា។
យោងតាមការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia បានរកឃើញថា តម្លៃដីធ្លីនៅក្រុងភ្នំពេញបានកើន៦,៦ភាគរយគិតជាមធ្យមក្នុងមួយឆ្នាំ៕
ប្រភព : Property area