ភ្នំពេញ៖ ក្រុមហ៊ុនកំពុងវិនិយោគផ្សារទំនើប MAKRO នៅក្រុងភ្នំពេញបាននិងកំពុងបោះទុនវិនិយោគចំនួនជិត ១៩លានដុល្លារអាមេរិក ដើម្បីសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មនិងផ្សារទំនើបនៅទីក្រុងសៀមរាប។
យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)បានឲ្យដឹងនៅដើមសប្តាហ៍នេះថា គណកម្មាធិការវិនិយោគនៃ CDC បានអនុម័តឲ្យក្រុមហ៊ុន MAKRO (CAMBODIA) COMPANY LIMITED. គម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិគោកត្នោត ឃុំសណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានទុនវិនិយោគ១៨,៧៦៥,២៣៧ដុល្លារអាមេរិក និងអាចបង្កើតការងារបាន១៧៩កន្លែង។
ការបង្កើតផ្សារទំនើបនៅខេត្តសៀមរាប ជាការឆ្លើយតបនឹងកំនើនសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តនេះកាន់តែមានភាពប្រសើរឡើង ពិសេសកំនើនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។
អគ្គនាយកក្រុមហ៊ុន Goal Property Service ដែលមានមូលដ្ឋាននៅខេត្តសៀមរាប លោក ចៅ សេងថៃ បានមានប្រសាសន៍ថា ខេត្តសៀមរាបកំពុងចាប់ផ្តើមរកចម្រើនកាន់តែខ្លាំងហើយ ដោយសារការចាប់ផ្តើមហូរចូលនូវអ្នកវិនិយោគចិន និងគំរោងព្រលានយន្តហោះថ្មីកំពុងសាងសង់ កំនើនភ្ញៀវទេសចរណ៍បានកើនឡើងជាប្រចាំ។លោកបន្តថា ការមកដល់នៃផ្សារ MAKRO ដែលស្ថិតនៅលើផ្លូវជាតិលេខ៦ នឹងធ្វើឲ្យខេត្តនេះកាន់តែមានភាពទាក់ទាញនិងរសរវើក ព្រោះកំនើនទេសចរណ៍ កំណើនប្រាក់ចំណូលប្រជាពលរដ្ឋ នឹងធ្វើឲ្យផ្សារដែលផ្តោតលើសេវាកម្មលក់ទំនិញចម្រុះនេះទទួលបានជោគជ័យ។
លោកបន្តថា “ការមកដល់នៃផ្សារទំនើប MAKRO ជាការជ្រើសរើសទីតាំងត្រឹមត្រូវ ពេលវេលាត្រឹមត្រូវ និងសមត្ថភាពអភិវឌ្ឍន៍របស់ក្រុមហ៊ុននេះអាចធ្វើឲ្យគំរោងនេះទទួលបានភាពជោគជ័យ”។លោកបន្តថា “បើផ្សារនេះមកកាលពី២ទៅ៣ឆ្នាំមុន មិនទាន់ដល់ពេលទេ តែពេលនេះជាពេលវេលាស័ក្តិសមហើយ”។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកលោកធួន ស៊ីណានបានមានប្រសាសន៍ឲ្យដឹងផងដែរថា គ្រប់ផ្សារទំនើបធំៗ គួរដល់ពេលមានវត្តមាននៅក្រុងសៀមរាបហើយ ដោយសារកំនើនទេសចរណ៍ និងតម្រូវការរបស់ភ្ញៀវទេសចរណ៍។ ដើម្បីឲ្យភ្ញៀវទេសចរ ណ៍ស្នាក់នៅកាន់តែយូរ គួរមានផ្សារទំនើបៗធំៗនិងមានស្តង់ដាច្រើន ព្រោះShopping Mallជាចំណីរបស់ទេសចរណ៍។
លោកបន្តថា “ផ្សារទំនើប AEON MALL និងផ្សារទំនើបសូរិយា គួរមានវត្តមាននៅខេត្តនេះហើយ ដើម្បីឆ្លើយតបនិងបំពេញតម្រូវការរបស់ភ្ញៀវទេសចរណ៍”។លោកបន្តថា “ផ្សារទំនើបឬផ្សារនានានៅក្រុងសៀមរាប មានលក្ខណៈចាប់ឆាយ មិនទាន់មានស្តង់ដាអន្តរជាតិ ដែលអាចទាក់ទាញអារម្មណ៍ភ្ញៀវអន្តរជាតិទេ”៕
ប្រភព : Property area