ភ្នំពេញ៖ ការវិនិយោគលើអចលនទ្រព្យមិនសុទ្ឋតែទទួលបានផលចំណេញនោះទេ ហេតុនេះមុនសម្រេចចិត្តវិនិយោគលើវិស័យនេះ គួរសិក្សាពីហានិភ័យទាំង៥ចំណុចនេះជាមុនសិន។
វិភាគសេដ្ឋកិច្ច និងអចលនទ្រព្យ លោកង៉ែត ជូ បានលើកឡើងក្នុងទំព័របណ្តាញទំនាក់ទំនងរបស់លោកកាលពីពេលថ្មីៗនេះថា ការវិនិយោគអចលនទ្រព្យមិនទទួលបានជោគជ័យ ដោយសារកត្តាសំខាន់ៗចំនួន៥ ដូចជា ទី១ មិនបានដឹងថាដីធ្លីជាទ្រព្យសកម្មរយៈពេលវែង (Long Term Asset) ហើយយល់ថាទិញ១រយៈពេលខ្លី រួចលក់យកចំណេញ។ តាមពិតទ្រព្យសកម្មរយៈពេលវែង មិនអាច (ឬពិបាក) លក់យកជាសាច់ប្រាក់ក្នុងរយៈពេលខ្លី (តិចជាង១ឆ្នាំ)ណាស់។
ទី២ វិនិយោគនៅពេលទីផ្សារពុះកញ្ជោលខ្លាំង: ចេះតែតាមគេតាមឯង គ្មានគោលដៅច្បាស់លាស់។ ខណៈបែបហ្នឹងងាយនឹងបរាជ័យណាស់។ សំរាប់ខ្ញុំ ខ្ញុំចូលចិត្តស្ទូចត្រីនៅកន្លែងដែលគ្មានអ្នកស្ទូច។ ទី៣ ទៅសំកុកចាំយូរពេក: កុំដាំដើមត្នោតយកផ្លែ គួរទិញដើមត្នោតដែលជិតផ្លែ ទើបងាយបានផល។ កុំវិនិយោគឆ្ងាយពេក នាំកប់យូរ។ ត្រឹម ៣០-៤០គម ពីក្រុងជាការល្អ។
ទី៤ ក្តាប់ពត៌មានមិនជុំដោយខ្វះបណ្តាញទំនាក់ទំនង: ដោយសារដីធ្លីជាទ្រព្យសកម្មរយៈពេលវែង មិនងាយលក់ ការក្តាប់បានពត៌មានសំខាន់ណាស់។ ទី៥ មិនយល់ពីសក្តានុពលរបស់ដី និងតំរូវការ អាចសមនឹងយកទៅអភិវឌ្ឍជាអ្វី? អ្នកណាជាអ្នកនឹងទិញបន្តរ? គេមានលទ្ធភាពផ្នែកហិរញ្ញវត្ថុបែបណា៕
ប្រភព : Property area