ភ្នំពេញ៖ ក្រុមហ៊ុនជីពម៉ុង គ្រុបបានប្រកាសវិនិយោគទឹកប្រាក់២៥២លានដុល្លារអាមេរិកលើគំរោងជាច្រើនរបស់ខ្លួន ដែលភាគច្រើនជាគំរោងលំនៅដ្ឋាន និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិ។
លោកឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង បានឲ្យដឹងក្នុង ពិធីបញ្ចុះបឋមសិលាសាងសង់ផ្សារទំនើបលំដាប់អន្តរជាតិរបស់ខ្លួន ជីព ម៉ុងមេហ្កាម៉លនាព្រឹកថ្ងៃទី៣០ សីហានេះថា រហូតមកទល់ពេលនេះ ក្រុមហ៊ុនជីបម៉ុងគ្រុបបានវិនិយោគលើគម្រោងទាំងអស់របស់ខ្លួន គិតជាទឹកបា្រក់ចំនួន២៥២លានដុល្លារអាមេរិក ដែលការវិនិយោគនេះផ្តោតលើគំរោងជាច្រើន ដូចជា ជីពម៉ុងមុន្នីវង្សស៊ុភើម៉ាឃីត ជីពម៉ុងបាក់ទូកម៉ល ជីព ម៉ុងសែនសុខម៉ល ជីព ម៉ុង៥៩៨ម៉ល និងជីបម៉ុង២៧១មេហ្គាម៉ល។
លោកបន្តថា “សម្រាប់គំរោងផ្សារទំនើបជីបម៉ុង២៧១មេហ្គាម៉ល នឹងលេចចេញជារូបរាងឡើងក្នុងឆ្នាំ២០២០ ដើម្បីបម្រើតម្រូវការសាធារណៈជន ក្នុងរាជធានីភ្នំពេញ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់ ដែលពោរពេញទៅដោយសក្តានុពលសេដ្ឋកិច្ចមួយនេះ”។
ផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជដ៏ធំនេះ នឹងត្រូវបានសាងសង់ក្នុងបរិវេណគម្រោងដឺលែនម៉ាក២៧១ ដែលហ៊ុព័ទ្ធទៅដោយតំបន់លំនៅដ្ឋានប្រណីត រាប់រយខ្នង អាគារពាណិជ្ជកម្ម សណ្ឋាគារលំដាប់អន្តរជាតិ ខុនដូទាន់សម័យ និងអគារការិយាល័យដ៏ទំនើបផងដែរ។
ទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រី្តក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងថា គម្រោងថ្មីដែលមានទំហំ២០០លានដុល្លារអាមេរិក នៅលើផ្ទៃដី៤១ហិចតា ចាត់ទុកថាជាគម្រោងមួយបានរៀបចំឌីហ្សាញ ក្នុងការធ្វើផ្សារទំនើបនេះមានភាពទាន់សម័យ ហើយចាត់ទុកថាទីតាំងនេះ ជាកន្លែងមកកាន់ទីផ្សារ និងកន្លែងជួបគ្នា ជាមួយនឹងគម្រោងសាងសង់នេះ។
លោកបន្តថា “គម្រោងនេះ បានរួមចំណែកជាមួយនឹងការអភិវឌ្ឍន៍ សេដ្ឋកិច្ចរបស់កម្ពុជា ដែលធ្វើឲ្យវិស័យសំណង់នៅក្នុងព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀត”៕
ប្រភព : Property area