ភ្នំពេញ៖ តំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត បាននិងកំពុងទាក់ទាញអ្នកវិនិយោគជប៉ុនកាន់តែច្រើនមកកម្ពុជា ដែលជួយជំរុញឲ្យទីក្រុងនេះនឹងកាន់តែរីកចម្រើនខ្លាំងនាពេលអនាគត ហើយវានឹងក្លាយជាទីក្រុងដ៏ធំមួយនាពេលអនាគត។
កាលពីពេលថ្មីៗនេះក្រុមហ៊ុន Poipet PPSEZ Co. Ltd ដែលជាបុត្រសម្ព័ន្ឋរបស់ Phnom Penh SEZ PLC បានចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន B. Grimm Power Public Company Limited ដែលជាសមាជិករបស់ក្រុមហ៊ុន B. Grimm Group របស់ប្រទេសថៃ ក្នុងការផ្ដល់សិទ្ធិផ្ដាច់មុខឲ្យក្រុមហ៊ុនថៃមួយនេះធ្វើការអភិវឌ្ឍ និងប្រតិបតិ្តការសមត្ថភាពបញ្ជូនថាមពលអគ្គិសនី តាមរយៈកិច្ចព្រមព្រៀងជាវថាមពលអគ្គិសនី (PPA) សម្រាប់តំបន់សេដ្ឋកិច្ចពិសេស Poipet PP SEZ ដែលកំពុងស្ថិតក្នុងដំណាក់កាលសាងសង់នៅឡើយ។
ការចុះអនុស្សរណៈនេះ នឹងអនុញ្ញាត្តឲ្យក្រុមហ៊ុនទាំងពីរនឹងធ្វើការសិក្សាលទ្ធភាព សម្រាប់ការសាងសង់ខ្សែបញ្ជូន ថាមពលទំហំ២២គីឡូវ៉ុល ដែលមានចម្ងាយ១២,៤គីឡូម៉ែត្រ សម្រាប់ដំណាក់កាលដំបូងដែលតភ្ជាប់តំបន់សេដ្ឋកិច្ច ពិសេសនេះជាមួយអនុស្ថានីយចែកចាយថាមពលនៅក្រុងប៉ោយប៉ែត។
លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា តាមរយៈការចុះកិច្ចព្រមព្រៀងនេះ លោករំពឹងថាក្រុមហ៊ុនជប៉ុននៅប្រទេសថៃកាន់តែច្រើននឹងមកវិនិយោគនៅកម្ពុជា ដោយសារតំលៃពលកម្មនៅប្រទេថៃឡើងខ្ពស់ និងដោយសារប្រទេសថៃកំពុងជួបការខ្វះខាតលើកំលាំងពលកម្ម ដោយសារម៉ាស៊ីនសេដ្ឋកិច្ចរបស់ថៃ បានឡើងដល់កំពូលរួចទៅហើយ។
លោកបន្តថា “ក្រុមហ៊ុនវាយភ័ណ្ឌនៅប្រទេសថៃមានជាង២០០០ក្រុមហ៊ុន ពួកគេនឹងមកពង្រីកផលិតកម្មនៅកម្ពុជា បន្ទាប់ពីកិច្ចព្រមព្រៀងនៃការបញ្ជូនបណ្តាញអគ្គិសនីប្រកបដោយគុណភាពមកពីប្រទេសថៃ”។
លោកបន្តថា ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីថៃនេះ ជាក្រុមហ៊ុនឈានមុខគេមួយ ខ្លាំងជាងគេមួយក្នុងការចែកចាយបណ្តាញអគ្គិសនី ពេលក្រុមហ៊ុននេះទៅកាន់ទីណាក្រុមហ៊ុនជប៉ុននឹងទៅកាន់ទីនោះជាមួយគ្នា ហើយតាមរយៈអនុស្សរណៈនេះខ្មែរក៏ចំណេញ ថៃក៏ចំណេញ តាមរយៈការសហការគ្នាក្នុងរូបភាពកម្ពុជាជាកូនពៅ ថៃជាកូនច្បង ហើយជប៉ុនជាអ្នកមកវិនិយោគ។
លោកបណ្ឌិតម៉ី កល្យាណបានបន្តថា “គំរោងនេះមិនផ្តល់ផលចំណេញតែផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាផ្តល់ផលចំណេញដល់សង្គមផងដែរ តាមរយៈការកាត់បន្ថយការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋកម្ពុជាទៅកាន់ប្រទេសថៃ ដូច្នេះរដ្ឋាភិបាលគួរតែជំរុញការងារនេះបន្តទៀត ព្រោះនេះជាផ្នែកមួយនៃការអនុវត្តន៍គោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥ ២០២៥”។
លោកស្រីលឹម ឈីវហូ ប្រធានក្រុមហ៊ុន Phnom Penh SEZ PLCបានថ្លែងថា កិច្ចព្រមព្រៀងថាមពលនេះ នឹងជួយឲ្យមានការអភិវឌ្ឍកាន់តែធំនេះ ផលិតកម្មជំនាញខ្ពស់ដូចជាគ្រឿងអេឡិចត្រូនិកជាដើម នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Poipet PP SEZ នេះ។ លោកស្រីបន្ថែមថា ក្រុមហ៊ុនកំពុងសម្លឹងមើលការវិនិយោគពីក្រុមហ៊ុនផលិតកម្មរបស់ប្រទេសជប៉ុនដែលត្រូវការអគ្គិសនី ដែលក្រុមហ៊ុនភាគច្រើន ក្នុងចំណោមក្រុមហ៊ុនទាំងនោះប្រតិបត្តិការរួច ហើយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។
បច្ចុប្បន្នទីក្រុងប៉ោយប៉ែតបាននិងកំពុងរីកចម្រើន ដោយសាការសាងសង់សណ្ឋាគារ និងមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារទំនើប និងការអភិវឌ្ឍបុរីលំនៅដ្ឋាននៅតំបន់នេះកើនឡើងកាន់តែច្រើន។
លោក លាងគង់ យិន ស្ថាបនិកនិងជាអគ្គនាយកនៃគេហទំព័រ Propertyarea.asia បានថ្លែងថា ការរីកចម្រើននៃក្រុងប៉ោតប៉ែត មិនទាន់អស់សក្តានុពលនៅឡើយទេ ដោយសារទីក្រុងនេះមានកត្តាជាច្រើនដែលងាយទាក់ទាញការវិនិយោគពីបរទេស សមស្របនឹងអ្វីជាគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មរបស់រដ្ឋាភិបាល ដែលបានដាក់បញ្ចូលក្រុងប៉ោតប៉ែតជាតំបន់ឧស្សាហកម្មពិសេសមួយ ដូចគ្នានឹងខេត្តព្រះសីហនុ។
លោកបន្តថា ហេតុផលដែលក្រុងប៉ោយប៉ែតរីកចម្រើនខ្លាំង ដោយសារកត្តាមួយចំនួនដូចជា ទី២ កត្តាភូមិសាស្រ្ត ព្រោះក្រុងប៉ោយប៉ែតមានទីតាំងជាប់ជាមួយប្រទេសថៃ ដែលងាយនឹងទាក់ទាញការវិនិយោគពីប្រទេសថៃ និងអ្នកវិនិយោគបរទេសនៅប្រទេសថៃ មកវិនិយោគនៅទីក្រុងនេះ ដោយសារកំលាំងពលកម្មនៅកម្ពុជាមានតម្លៃទាប ទី២ កំនើនប្រជាសាស្រ្ត មានន័យថានៅទីណាមានមនុស្សរស់នៅច្រើន នឹងមានសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្មកើនឡើង ទី៣ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋ ដែលបច្ចុប្បន្នរដ្ឋាភិបាលកំពុងពង្រីកផ្លូវជាតិលេខ៥ ចេញពីក្រុងភ្នំពេញឆ្ពោះទៅកាន់ទីក្រុងនេះ ទី៤ ការតភ្ជាប់ខ្សែរថភ្លើងរវាងប្រទេសថៃ និងកម្ពុជា ដែលជាខ្សែរថភ្លើងតភ្ជាប់និងសមាហរណកម្មផ្ទៃក្នុងអាស៊ាន។ ខ្សែរថភ្លើងនេះនឹងនាំមកនូវភ្ញៀវទេសចរណ៍ ការដឹកជញ្ជូន លំហូរពាណិជ្ជកម្ម និងការវិនិយោគជាដើម៕
ប្រភព : Property area