ភ្នំពេញ៖ ព័ត៌មានទាក់ទងនឹងការសាងសង់ផ្សារទំនើប AEON MALL3 បាន និងកំពុងធ្វើឲ្យតម្លៃដីនៅតំបន់នេះឡើងថ្លៃ និងជួយធ្វើឲ្យគំរោងអភិវឌ្ឍន៍នានា នៅក្បែរតំបន់នេះទទួលបានផលប្រយោជន៍ផងដែរ។
តាមប្រភពព៌តមានច្បាស់ការណ៍បានឲ្យដឹងថា ក្រុមហ៊ុន AEON MALL Group បានចាប់ផ្តើមទិញដីនៅលើដងផ្លូវ 60ម៉ែត្រ ឬមហាវិថី សម្តេច តេជោ ហ៊ុន សែន ប៉ុន្មានឆ្នាំមកហើយ ពោលគឺក្រុមហ៊ុននេះបានទិញដីនៅតំបន់នេះ តាំងពីដីមានតម្លៃចន្លោះពី 500 ទៅ600ដុល្លារក្នុងមួយម៉ែត្រការ៉េម៉្លេះ ខណៈបច្ចុប្បន្នដីនៅតាមបណ្តោយផ្លូវនេះ មានតម្លៃខ្ទង់ពាន់លានដុល្លាររួចហើយក្នុងមួយម៉ែត្រការ៉េ។
បើតាមលោកឧកញ៉ា នួន រិទ្ឋី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុន AEON MALL GROUP បានទិញដីក្នុងតម្លៃរហូតដល់ជាង100លានដុល្លារនៅតំបន់នេះ ដើម្បីសាងសង់ផ្សារទំនើបរបស់ខ្លួន ដែលនេះជាគំរោងវិនិយោគដ៏ធំមួយទៀតរបស់ក្រុមហ៊ុនជប៉ុន ហើយផ្សារទំនើបទី៣នេះអាចមានទំហំជាងផ្សារទំនើប AEON MALL1 និង AEON MALL2 ផងដែរ។ លោកឧកញ៉ាបានបន្តថា “ការមកដល់នៃក្រុមហ៊ុនលំដាប់អន្តរជាតិល្បីៗ ពិសេសក្រុមហ៊ុនជប៉ុន ដែលបានមកវិនិយោគនៅកម្ពុជា ឆ្លុះបញ្ចាំងពីទំនុកចិត្ត និងបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែល្អប្រសើរ”។ លោកបន្តថា “អ្នកវិនិយោគជប៉ុន ពួកគេមិនងាយចូលទៅវិនិយោគនៅប្រទេសណានោះទេ ហេតុនេះនៅពេលពួកគេទៅវិនិយោគមានន័យថា ប្រទេសនោះមានបរិយាកាសនយោបាយល្អ និងបរិស្ថានវិនិយោគដែលអាចផ្តល់ភាពកក់ក្តៅដល់ពួកគេហើយ”។
តាមប្រព័ត៌មានមានមួយទៀតបានបង្ហើបថា ទីតាំងសាងសង់ផ្សារទំនើប AEONMALL3 ស្ថិតនៅភាគខាងត្បូងបុរីប៉េង ហួរប្រមាណ1គីឡូម៉ែត្រ និងស្ថិតនៅស្របតាមបណ្តោយមហាវិថី សម្តេច តេជោ ហ៊ុន សែន។
ប្រធានផ្នែកលក់នៃបុរី VIP លោក យ៉ែន សុខលីន បានមានប្រសាសន៍ឲ្យដឹងផងដែរថា តំបន់ភាគខាងត្បូងក្រុងភ្នំពេញកំពុងមានភាពរីកចម្រើនខ្លាំង ដោយសារគំរោងវិនិយោគធំៗជាច្រើនបានឆ្ពោះទៅតំបន់នេះ ហើយគំរោងអភិវឌ្ឍន៍ជាច្រើន ពិសេសបុរីនានាដែលមានទីតាំងនៅជិតតំបន់នេះ ក៏កំពុងទទួលបានផលប្រយោជន៍ពីគំរោងធំៗ នៅតំបន់នេះផងដែរ។ លោកបន្តថា តម្លៃដីនិងលំនៅដ្ឋាននៅតំបន់នេះកំពុងកើនឡើងតម្លៃ និងមានតម្លៃកើនឡើងបន្ថែមទៀតនាពេលអនាគត។ លោកបន្តថា “ប្រជាពលរដ្ឋដែលមានបំណងទិញផ្ទះមានតម្លៃមធ្យម ពួកគេអាចសិក្សាពីគំរោង VIP ដែលផ្តោតលើគុណភាពសំណង់ និងហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ ដែលផ្តល់ផាសុខភាពដល់អ្នករស់នៅ”។
លោកបន្តថា “តម្លៃលំនៅដ្ឋាននៅតំបន់នេះ នឹងឡើងថ្លៃខ្ពស់នាពេលអនាគត ក្រោយពេលគំរោងអភិវឌ្ឍន៍ធំៗនៅតាមបណ្តោយផ្លូវ271 ដូចជាគំរោង The Park Land របស់ក្រុមហ៊ុន ជីព ម៉ុង សាងសង់ និងផ្សារទំនើប AEON MALL3 ដំណើរការនាពេលខាងមុខ។ លោក យ៉ែន សុខលីន បានបន្តថា តំបន់ភាគខាងត្បូង ឈៀងខាងលិចក្រុងភ្នំពេញកំពុងបង្ហាញសក្តានុពលកាន់តែខ្លាំង និងក្លាយជាតំបន់ពាណិជ្ជកម្ម និងលំនៅដ្ឋានយ៉ាងរសរវើកនាពេលអនាគត់ ដោយសារតំបន់នេះមិនសូវមានរោងចក្រ សហគ្រាសនានាបំពុលផ្សែង ធ្វើឲ្យប៉ះពាល់សុខភាពមនុស្ស និងបរិស្ថានទេ។ លោកបន្តថា អតិថិជនដែលមានបំណងទិញលំនៅដ្ឋានក្នុងបុរី VIP នឹងទទួលបានលក្ខខ័ណ្ឌបង់ប្រាក់ពិសេស ដោយបង់មួយខែអាចបង់ប្រាក់ចន្លោះពី168ដុល្លារ ដល់351ដុល្លារប៉ុណ្ណោះ នឹងទទួលបានលំនៅដ្ឋានដ៏ស្រស់ស្អាតសម្រាប់រស់នៅជាមួយសហគមន៍ដ៏រីករាយ៕
ប្រភព : Property area