ភ្នំពេញ៖ ការដ្ឋានរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី៣ គ្រោងបញ្ចប់និងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៧ ជាមួយនឹងការផលិតទឹកស្អាតបន្ថែមចំនួន ១៩៥.០០០ម៉ែត្រគូប ក្នុង១ថ្ងៃ។
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក ស៊ីរីល ប៊ែលលីយេ នាយកទី ភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ទទួលបន្ទុកតំបន់អាស៊ី មជ្ឈិមបូព៌ា និងអឺរ៉ុបខាងកើត ចុះពិនិត្យការដ្ឋានគម្រោងខាងលើនាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។
បើតាមគម្រោងនេះ បានបន្ថែមការផ្គត់ផ្គង់ជូនប្រជាពលរដ្ឋបានប្រមាណ ១៤៧.០០០គ្រួសារ និងធ្វើឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញអាចផលិតទឹកស្អាតបានប្រមាណ ១.១៧៧.០០០ម៉ែត្រគូប ក្នុង១ថ្ងៃ ដោយផ្គត់ផ្គង់ចេញពីរោងចក្រទាំង៥ សម្រាប់អតិថិជន គ្រោងសរុបប្រមាណ ៥៨៧.០០០គ្រួសារ និងមានបំពង់ចែកចាយប្រមាណ ៦.២០០គីឡូម៉ែត្រ នៅឆ្នាំ២០២៧។
គួររម្លឹកផងដែរថា គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ និងជំហានទី២ អនុវត្តពីពីឆ្នាំ២០២០-២០២៤ ស្ថិតក្នុងគម្រោងហិរញ្ញប្បទានពីសហភាពអឺរ៉ុប, ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ និងធនាគារវិនិយោគអឺរ៉ុបចំនួន ៣៥០អឺរ៉ូ។
ចំណែក គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី៣ ចាប់ពីឆ្នាំ២០២៤-២០២៧ ស្ថិតក្នុងគម្រោងហិរញ្ញប្បទានពីសហភាពអឺរ៉ុប ទីភ្នាក់ងារបារំាងសម្រាប់ការអភិវឌ្ឍន៍ និងធនាគារវិនិយោគអឺរ៉ុប ដើម្បីពង្រីកការផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុង និងខេត្តជាប់រាជធានីភ្នំពេញ សំដៅធានាឱ្យបានការប្រើប្រាស់ទឹកស្អាត សម្រាប់ទាំងអស់គ្នា។
គម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី៣ មានតម្លៃ ២៣៧លានដុល្លារ ក្នុងនោះ ហិរញ្ញប្បទានពីAFD មានចំនួន ២១០លានដុល្លារ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)