ភ្នំពេញ៖ កម្ពុជា មានផ្ទៃដីដាំកៅស៊ូជាង ៤សែនហិកតា លាតសន្ធឹងលើខេត្តចំនួន១១ រួមមាន ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ បាត់ដំបង ប៉ៃលិន ឧត្តរមានជ័យ និងកំពត។ ខណៈ មានដើមកៅស៊ូចាស់នៅរស់ច្រើនជាងគេឈានចូលដល់អាយុ ១០០ឆ្នាំ ចំនួនជាង ៤០០ដើម លើផ្ទៃដីជាង ១០ហិកតា ក្នុងចម្ការកៅស៊ូជប់ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ បើតាម ក្រុមហ៊ុន សុភក្តិនីកា អ៊ិនវេសមេន គ្រុប ខូអិលធីឌី នៃប្រទេសកម្ពុជា។
ចម្ការកៅស៊ូជាប្រវត្តិសាស្រ្ត ដែលមានអាយុ ១០០ឆ្នាំនេះគឺជាចម្ការកៅស៊ូចាស់ជាងគេនៅកម្ពុជា និងជាចំនួនដើមកៅស៊ូចាស់នៅរស់ច្រើនជាងគេបំផុតក្នុងពិភពលោករហូតដល់ ៤៤៨ដើម លើផ្ទៃដីប្រមាណ១៤ហិកតា។ បើតាមការអះអាង ក្រុមហ៊ុនខាងលើ។
ផ្តើមចេញពីការជ្រើសរើសគ្រាប់កៅស៊ូចំនួន ២ ៥៦៣គ្រាប់ ចេញពីចម្ការកៅស៊ូចាស់នេះ វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា នៃអគ្គនាយកដ្ឋានកៅស៊ូ បានបណ្តុះនិងដាំពិសោធន៍តាមដានការលូតលាស់ទិន្នផលជំងឺ និងលក្ខណៈសរីរៈទឹកជ័រ ចាប់តាំងពីឆ្នាំ២០១១ រហូតរកឃើញសេណូទីប (ពូជ) កៅស៊ូចំនួនពីរ គឺ G12 និង G19 ដែលមានលក្ខខណ្ឌដុះ និងលូតលាស់ស្របតាមក្សេត្របរិស្ថានកម្ពុជា។
បច្ចុប្បន្ន ក្រសួងកសិកម្ម បានដាក់ស្នើសុំទៅគណៈកម្មការបញ្ចេញពូជដំណាំដើម្បីបញ្ចេញឱ្យប្រើប្រាស់ជាផ្លូវការ ដោយដាក់ឈ្មោះថា « CRRI 12 និង CRRI 19 »។
បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម ចំពោះផ្ទៃដីដាំដុះវិញមានចំនួន ៤០៧ ១៧២ហិកតា ក្នុងនោះ ៣២០ ១៨៨ហិកតា (ស្មើនឹង ៧៨,៦%) ជាដើមកៅស៊ូចាស់សម្រាប់ការចៀរយកជ័រ និងទទួលផលបាន។
ផ្អែកលើទិន្នន័យអគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម កាលពីឆ្នាំ២០២៣ ប្រាក់ចំណូលដែលកម្ពុជាទទួលបានពីផលិតផលកៅស៊ូមានសរុប ៥៣៦លានដុល្លារ ក្នុងនោះ ការនាំជ័រកៅស៊ូទៅទីផ្សារអន្តរជាតិ ៤៩០,៦លានដុល្លារ ការនាំចេញឈើកៅស៊ូ ១,៦ លានដុល្លារ និងការប្រើប្រាស់ជ័រកៅស៊ូក្នុងស្រុក ៤៣,៨លានដុល្លារ។
សម្រាប់បរិមាណជ័រកៅស៊ូ ដែលបាននាំចេញក្នុងឆ្នាំ២០២៣ សម្រេចបានចំនួន ៣៦៨ ០៤៨តោន ថយចុះ ៤ ៨៥៥ តោន នឹងធៀបឆ្នាំ២០២២ និងឈើកៅស៊ូមានចំនួន (ឈើចាស់ៗអស់ប្រសិទ្ធភាពសេដ្ឋកិច្ច) ៩ ៤១១ម៉ែត្រគុប ថយ ១៧ ០៧៨ម៉ែត្រគុប ចំណែក ផលិតផលកៅស៊ូប្រើប្រាស់ក្នុងស្រុកមានចំនួន ៣០ ៤៥២តោន៕
គួរបញ្ជាក់ថា ក្រុមហ៊ុន សុភក្តិនីកា និងក្រសួងកសិកម្ម នឹងចំកម្មវិធីប្រឡងចៀរជ័រ និងពិធីប្រារព្ធខួប១០០ឆ្នាំ ដើមកៅស៊ូចាស់ជាងគេនៅកម្ពុជា ដែលមានទីតាំងស្ថិតនៅចម្ការកៅស៊ូជប់ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)