ភ្នំពេញ៖ ដង្កោ គឺជាខណ្ឌមួយក្នុងចំណោមខណ្ឌទាំង12 នៅទូទាំងរាជធានីភ្នំពេញ ដែលមានភាពពុះកញ្ជ្រោលខ្លាំងទៅលើវិស័យដីធ្លី ជាពិសេស យុទ្ធនាការនៃការពុះដីឡូត៍យ៉ាងកក្រើក ជាមួយនឹងតម្លៃខ្ពស់គួរសម បើប្រៀបធៀបទៅនឹងតម្លៃដីឡូត៍ដែលស្ថិតនៅក្នុងខណ្ឌផ្សេងទៀតនាតំបន់ជាយក្រុង។
យ៉ាងណាក៏ដោយ បើទោះជាតម្លៃដីក្នុងខណ្ឌមួយនេះហាក់មានកម្រិតថ្លៃជាងគេក៏ពិតមែន ប៉ុន្តែចំពោះទស្សនៈរបស់អ្នកវិនិយោគលើវិស័យនេះវិញ នៅតែមានសុទិដ្ឋិនិយមខ្ពស់ដដែល ក្រោមហេតុផលថា ខណ្ឌដង្កោ គឺជាតំបន់ដែលមានភាពទាក់ទាញខ្លាំង ទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកសំណង់លំនៅដ្ឋាន ។
អគ្គនាយកក្រុមហ៊ុន ខ្មែរហ្វោនដេសិន អាប្រេស៊ល (KFA) លោកឧកញ៉ា នួន រិទ្ធី បានលោកឡើងថា ដង្កោ ជាខណ្ឌងាយស្រួលក្នុងការអភិវឌ្ឍន៍ ព្រោះខណ្ឌនេះមានសណ្ឋានដី និងអំណោយផលល្អច្រើន ម្យ៉ាងទៀតវាក៏មានទីតាំងស្ថិតនៅជិតទីប្រជុំជននៃរាជធានីភ្នំពេញ ដែលជាបណ្តុំនៃមណ្ឌលពាណិជ្ជ ហើយវាក៏មានងាយស្រួលក្នុងការពង្រីកខ្លួនទៅដល់ស្រុកកណ្ដាលស្ទឹង ដែលឃុំមួយចំនួនស្ថិតក្នុងស្រុកមួយនេះ ត្រូវបានកាត់ចូលមកក្នុងខណ្ឌដង្កោ។
លើសពីនេះទៅទៀត ក្រៅពីមានទំនោរទៅលើទីផ្សារលំនៅដ្ឋាន ខណ្ឌដង្កោ ក៏មានសួនឧស្សាហកម្មមួយចំនួននៅទីនោះផងដែរ រហូតត្រូវបានគេចាត់ទុកថា ជាតំបន់មានការអភិវឌ្ឍចម្រុះ ។ ម្យ៉ាងទៀត ចំពោះទិសដៅនៃការអភិវឌ្ឍន៍នាពេលអនាគត វានឹងឆ្ពោះទៅរកតំបន់ជាយក្រុង ដែលស្ថិតនៅជុំវិញរាជធានីភ្នំពេញចម្ងាយប្រមាណ30គីឡូម៉ែត្រ ព្រោះបច្ចុប្បន្នតំបន់កណ្ដាលក្រុងភ្នំពេញស្ទើរតែអស់ដីក្នុងការអភិវឌ្ឍគម្រោងលំនៅឋានទៅហើយនោះ ដែលធ្វើឱ្យអចលនវត្ថុកាន់តែមានតម្លៃខ្ពស់។
លោកឧកញ៉ា នួន រិទ្ធី បញ្ជាក់ទៀតថា អ្វីដែលធ្វើឱ្យ ខណ្ឌដង្កោ ដែលស្ថិតតំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញមានសក្ដានុពល ក៏ព្រោះតែតំបន់នេះមានប្រព័ន្ធទឹក ភ្លើង និងមានហេដ្ឋារចនាសម្ពន្ធខ្វាត់ខ្វែង ដែលអាចតភ្ជាប់ពីរាជធានីភ្នំពេញទៅតំបន់នេះ ងាយស្រួលក្នុងការធ្វើចរាចរណ៍ អាចកាត់បន្ថយការកកស្ទះបានយ៉ាងប្រសើរផងដែរ ។
ជាមួយគ្នានេះ លោកឧកញ៉ាក៏បានបញ្ជាក់ថា ៖ «ហេតុផលមួយទៀតដែលធ្វើឱ្យមនុស្សជាច្រើន ក៏ដូចជាបណ្តាអ្នកធ្វើជំនួញលើវិស័យអចលនទ្រព្យមានទំនោរទៅលើការវិនិយោគក្នុងខណ្ឌដង្កោ ជាពិសេសនៅប៉ែកខាងត្បូងតែម្ដង ក៏ព្រោះវាមានភាពល្អប្រសើរជាច្រើនដូចជា ស្ថិតនៅក្បែរផ្លូវ60ម៉ែត្រ ដែលបែងចែកទៅកាន់ផ្លូវជាតិលេខ2 និងផ្លូវជាតិលេខ3 មានមជ្ឈមណ្ឌលពាណិជ្ជកម្ម ស្ថិតនៅជិតគម្រោងផ្សារទំនើប AEON 3 , ផ្សារទំនើបប៉េងហួត Eco Mall អាចធ្វើដំណើរត្រឹមជាង10នាទី មកដល់រាជធានីភ្នំពេញ ។ ជាងនេះទៅទៀតតំបន់អភិវឌ្ឍន៍មួយនេះមានប្រព័ន្ធទឹក ភ្លើង និងផ្លូវ ជាចំណុចពិសេសអាចធ្វើឱ្យខណ្ឌដង្កោមានសក្ដានុពល។
នាយកផ្នែកទីផ្សារនៃបុរី VIP លោកយ៉ែន សុខលីនមានទទួលស្គាល់ថា ដង្កោពិតជាខ័ណ្ឌមានការរីកចម្រើនលឿន ដោយសារគំរោងសាងសង់ហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល ពិសេសផ្លូវ៦០ម៉ែត្រ ឬមហាវិថីសម្តេរចតេជោសាងសង់ចប់ បានធ្វើឲ្យតំបន់នេះរីកចម្រើនលឿន និងទាក់ទាញការចាប់អារម្មណ៍កាន់តែខ្លាំងពីអ្នកវិនិយោគជាតិ និងអន្តរជាតិ ពិសេសគំរោងផ្សារទំនើប AEON MALL3កំពុងត្រៀមសាងសង់នៅតំបន់នេះនាពេលខាងមុខ។
លោកបន្តថា “ការរីកចម្រើននៃខ័ណ្ឌដង្កោ ដោយសារខ័ណ្ឌនេះមានសណ្ឋានដីល្អប្រសើរ ជាខ័ណ្ឌដែលនៅកៀកនឹងរាជធានីភ្នំពេញ និងជាតំបន់ថ្មីងាយស្រូលក្នុងការរៀបចំគម្រោង និងហេដ្ឋារចនាសម្ព័ន្ឋនានា”។ លោកបន្តថា “ខ័ណ្ឌនេះមានហេដ្ឋារចនាសម្ព័ន្ឋពិសេសភ្ជាប់រវាងរាជធានីភ្នំពេញ ទៅកាន់ផ្លូវជាតិលេខ២ លេខ៣ និងផ្លូវជាតិលេខ៤ ដែលជាតំបន់ប្រទាក់ក្រឡាគ្នា លើផ្នែកហេដ្ឋារចនាសម្ព័ន្ឋ ទើបខ័ណ្ឌនេះបាននិងកំពុងទទួលការចាប់អារម្មណ៍កាន់តែច្រើន”៕
ប្រភព : Property area