ភ្នំពេញ៖ ថ្នាក់ដឹកនាំក្រុមហ៊ុនអចលនទ្រព្យ និងអ្នកជំនាញក្នុងវិស័យនេះជាច្រើនបានចាប់ផ្តើមធ្វើសកម្មភាពសប្បុរសធ៌ម តាមរយៈការរៀបចំ”សិក្ខាសាលាសប្បុរសធម៌ដ៏ធំប្រចាំឆ្នាំ2018 “ចក្ខុវិស័យ អចលនទ្រព្យ និង បច្ចេកវិទ្យា” សម្រាប់ប្រមូលថវិកាជូនមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា”។
កម្មវិធីនេះនឹងធ្វើឡើងនៅល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ នៅអាគារ AIS សាលប្រជុំ ផលគួច មានកម្មវិធីសិក្ខាសាលាសប្បុរសធម៌មួយបង្កើតឡើងសម្រាប់ស្វែងរកថវិកា ជួយដល់មន្ទីរពេទ្យ ដោយមានការចូលរួមពីលោក ជា ច័ន្ទបរិបូរណ៌រដ្ឋលេខាធិការក្រសួងព័ត៌មាន និងវត្តមានរបស់មន្រ្តីរាជរដ្ឋាភិបាល វិនិយោគិន រួមទាំង សហវាគ្មិនល្បីៗ និង ជោគជ័យលើអាជីវកម្ម និងអចលនទ្រព្យប្រមាណ450នាក់ ក្រោមកិច្ចសហការរួម រវាង ទូរទស្សន៍ ច្ចុប្បន្នភាពអចលនទ្រព្យ(CTR.tv), ក្រុមហ៊ុនមយូរ៉ា រេស៊ីឌិន អ៊ិនវេសម៉ិន,ភូមិឋានសំណាង ,ក្រុមហ៊ុន R’ Investment ,សាលាជំនាញគណនី និងក្រុមហ៊ុនហួតជា សំណង់ ។
លោក ម៉ូត ទូល័សអគ្គនាយកទូរទស្សន៍ CRT. និងជាអ្នករៀបចំកម្មវិធីបានលើកឡើងថា ដោយសារបានមើលឃើញពីការលំបាក ខ្វះខាតរបស់មន្ទីរពេទ្យគន្ធបុប្ផា ទើបយើងបង្កើតកម្មវិធីនេះឡើង ដោយទទួលបានការសហការពីសហគ្រិន ដែលជាម្ចាស់អាជីវកម្មជំនួញ ដើម្បីចូលរួមចែករំលែកចំនេះដឹង និងថវិកាផ្ទាល់ខ្លួន ព្រមទាំងធ្វើជាវាគ្មិនផងដែរ មានដូចជា លោកឡាយ សំណាង ,លោក វេង ស៊ីគួរ,លោក តេង រិទ្ធី,លោក Dr.គា បូរ៉ា និងលោក ហួតជា ជាដើម។
ម្ចាស់ភូមិឋានសំណាង លោកឡាយ សំណាងបានមានប្រសាសន៍ថា យើងចង់រៀបចំធ្វើកម្មវិធីបែបនេះឲ្យបានរៀងរាល់ខែ ដោយយើងនឹងធ្វើការពិភាក្សាជាមួយនឹងវិនិយោគិន ទាំងឡាយណាដែលមានឆន្ទៈ ក្នុងការចូលរួមជួយដល់កិច្ចការសង្គម ពិសេសជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ លោកបានឲ្យដឹងទៀតថា ដោយសារពួកយើងធ្លាប់ក្រ ធ្លាប់ជួបនូវទុក្ខលំបាក ហេតុដូច្នេះ ទើបពួកយើងបង្កើតកម្មវិធីសិក្ខាសាលានេះឡើង ដើម្បីចូលរួមចំណែកជួយដល់សង្គមខ្មែរយើង ដែលកំពុងតែជួបការលំបាក។
លោកវេង ស៊ីគួរ អគ្គនាយកក្រុមហ៊ុន មយូរ៉ារេស៊ីឌិន ក៏បានឲ្យដឹងដែរថា ក្នុងរយៈពេលកន្លងមក លោកបានចូលរួមការចែករំលែកជាច្រើន ទាំងចំនេះដឹង និងការងារមនុ ស្សធម៌សង្គម តាមរយៈការផលិត កសាងកិត្តិយសជូនប្រទេសជាតិច្រើនរួចមកហើយ លោកក៏សប្បាយចិត្ត និងរីករាយក្រៃលែង ហើយសូមអរគុណ និងគាំទ្រចំពោះសិក្ខាសាលាសប្បុរសធម៌នាថ្ងៃនេះ ក៏ជាឆន្ទៈមួយរបស់មួយរបស់CRT.tv ដើម្បីស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងជួបប្រទះនូវការលំបាកក្នុងការពិនិត្យ និងព្យាបាលជំងឺជូនកុមារទូទៅ។
រដ្ឋលេខាធិការក្រសួងព៌តមាន លោកជា ច័ន្ទបរិបូរណ៌ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ CRT. ក៏បានសម្តែងនូវការកោតសរសើរ និងគាំទ្រនូវការរៀបចំកម្មវិធីនេះ ដោយលោកបានចាត់ទុកថា នេះជាការចូលរួមចំណែកមួយជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគិតគូរអំពីបញ្ហា សុខុមាលភាពរបស់ប្រជាពលរដ្ឋ ពិសេសគឺសុខមាលភាពកុមារទូទៅនៅកម្ពុជា៕
ប្រភព : Property area