ភ្នំពេញ : ជាមួយនឹងការប្រកាសពង្រីកផ្លូវជាតិលេខ៣ ពីរាជធានីភ្នំពេញទៅកាន់ខេត្តកំពត ទីក្រុងនៃខេត្តដែលធ្លាប់ស្ងប់ស្ងាត់នេះ បានបង្ហាញសកម្មភាពលេចធ្លោយ៉ាងខ្លាំងនៅឆ្នាំ២០១៨នេះ។
ជាមួយនឹងការប្រកាសសាងសង់កំពង់ផែលំដាប់អន្តរជាតិរបស់លោកឧកញ៉ា ទ្រី ភាព ការប្រកាសសាងសង់កំពង់ទេសចរណ៍តម្លៃ១០លានដុល្លារ ដែលផ្តល់ជំនួយដោយធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងការប្រកាសសាងសង់អាគារពាណិជ្ជកម្មកប់ពពកកំពស់៤៥ជាន់ ជាលើកតំបូងនៅក្នុងទីក្រុងកំពត របស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង បានធ្វើឲ្យខេត្តនេះ កំពុងទទួលការចាប់អារម្មណ៍ពីអ្នកវិនិយោគជាតិ និងអន្តរជាតិកាន់តែច្រើន ដោយគំរោងលំនៅដ្ឋានបែបលំហែរកាយ ចរន្តពុះដីឡូត៍លក់បានកើនឡើងយ៉ាងគំហុក។
លោក លាងគង់ យិន ស្ថាបនិក និងអគ្គនាយកគេហទំព័រ Propertyarea.asia ដែលបានតាមដានការវិវត្ត វិស័យអចលនទ្រព្យនៅកម្ពុជាបានថ្លែងថា ខេត្តកំពតជាខេត្តមានសក្តានុពលយ៉ាងខ្លាំងលើវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ដោយសារខេត្តនេះមានទីតាំង និងបរិយាកាសល្អប្រសើរ ហើយជាខេត្តមួយមានព្រែកធំជាងគេដែលហូរចាក់ទៅកាន់សមុទ្រ ធៀបជាមួយខេត្តតំបន់ឆ្នេរដទៃទៀត។
លោកបន្តថា “ខេត្តកំពតនឹងផ្លាស់ប្តូរមុខមាត់ស្ទើរមិនគួរឲ្យជឿនៅរយៈពេល៥ឆ្នាំខាងមុខ តាមរយៈការទៅដល់នៃការវិនិយោគរបស់អ្នកវិនិយោគក្នុងស្រុក និងអ្នកវិនិយោគអន្តរជាតិ”។ លោកបន្តថា “មជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើនបាននិងកំពុងសាងសង់ ដើម្បីបំពេញតម្រូវការរបស់ភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគនានា ដែលស្វែងរកឳកាសវិនិយោគនៅទីនោះ”។
ទោះជាយ៉ាងណាលោកលាងគង់ បានជំរុញឲ្យអាជ្ញាធរខេត្តបង្កើនការប្រុងប្រយ័ត្នទាក់ទងនឹងក្រុមហ៊ុនពុះដីឡូត៍លក់ ព្រោះគំរោងពុះដីឡូត៍លក់ នឹងបង្កបញ្ហាជាច្រើននៅពេលអនាគត ដូចជាសំណង់មិនរៀបរយ ទីតាំងគ្មានការអភិវឌ្ឈ ពិសេសតំបន់ដីឡូត៍ធ្វើឲ្យប៉ះពាល់គំរោងអភិវឌ្ឍន៍ធំៗ។
ខេត្តកំពតបច្ចុប្បន្នមានរមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងរមណីយដ្ឋានទេសចរណ៍កែច្នៃចំនួន១៨ ដែលបាននិងកំពុងក្លាយជាខេត្តមួយទាក់ទាញភ្ញៀវទេសចរ ណ៍យ៉ាងខ្លាំង។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតធ្លាប់បានមានប្រសាសន៍ថា ខេត្តនេះត្រូវការការវិនិយោគពីអ្នកវិនិយោគច្រើនថែមទៀត ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ឋនានា ពិសេសផ្នែកបដិសណ្ឋារកិច្ចសម្រាប់ភ្ញៀវទេសចរណ៍ ព្រោះបច្ចុប្បន្ននៅទូទាំងខេត្តមានបន្ទប់សណ្ឋាគារ និងផ្ទះសំណាក់សរុបប្រមាណ៤០០០បន្ទប់ប៉ុណ្ណោះ ដែលធ្វើឲ្យខេត្តប្រឈមនឹងកង្វះ បន្ទប់សណ្ឋាគារជាប់ជាប្រចាំនាចុងសប្តាហ៍ ឬពិធីបុណ្យទាននានា។
លោកបន្តថា “កង្វះសម្បទាទេសចរណ៍ជាបញ្ហាប្រឈមមួយ ដែលខេត្តត្រូវការការវិនិយោគកាន់តែច្រើន ដើម្បីឆ្លើយតបនឹងកំនើនទេសចរណ៍ និងអ្នកធុរកិច្ចនានា”។
លោកឧកញ៉ា នួន រិទ្ឋី អគ្គនាយកក្រុមហ៊ុន KFA បានមានប្រសាសន៍ថា ខេត្តកំពតនឹងមានការរីកចម្រើនខ្លាំងផ្នែកឧស្សាហកម្ម និងលំនៅដ្ឋាននៅពេលអនាគត ដោយសារខេត្តនេះមានទីតាំងនៅកៀកនឹងរាជធានីភ្នំពេញ ប៉ុន្តែខេត្តនេះមិនសល់ដីទំនេរច្រើនសម្រាប់អភិវឌ្ឍន៍ទេ បើធៀបនឹងខេត្តកែបដែលនៅជាប់គ្នានេះ។
លោកបន្តថា “ខេត្តកំពតនឹងមានការរីកចម្រើននាពេលអនាគត ដោយសារការពង្រីកហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល និងកំនើននៃការវិនិយោគរបស់អ្នកវិនិយោគជាតិ និងអន្តរជាតិ”។
ខេត្តកំពតមានស្រុកចំនួន៧ និងក្រុង១ ដូចជា ស្រុកកំពត ទឹកឈូ ជុំគិរី ដងទង់ កំពង់ត្រាច អង្គរជ័យ បន្ទាយមាស និងក្រុងកំពតដែលមានប្រជាពលរដ្ឋរស់នៅសរុបចំនួនជាង៦០ម៉ឺននាក់។ ដោយឡែកក្រុងកំពត មានប្រជាពលរដ្ឋរស់នៅជាង៧ម៉ឺននាក់៕
ប្រភព : Property area