ភ្នំពេញ៖ គំរោងសាងសង់ផ្លួវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ដែលនឹងចាប់ផ្តើមចេញពីចំណុចណា និងស្ថិតនៅផ្នែកខាងណាមួយនៃផ្លូវជាតិលេខ៤ ត្រូវបានបង្ហាញដោយមន្រ្តីជំនាញហើយ។
អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៧ សីហានេះថា ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ នឹងចាកចេញពីតំបន់អូរដឹម នៃចំណុចប្រសព្វរវាងផ្លូវទៅទំនប់កប់ស្រូវ និងអូសកាត់ផ្នែកខាងស្តាំដៃនៃផ្លូវជាតិលេខ៤។ លោកបន្តថា ចេញពីរាជធានីភ្នំពេញ ផ្លូវនេះនឹងស្ថិតនៅផ្នែកខាងស្តាំផ្លូវជាតិលេខ៤ប្រមាណ៣០គីឡូម៉ែត្រ ទើបផ្លូវនេះងាកមកឆ្វេងដៃវិញរហូតដល់ស្រុកព្រៃនប់ ទើបងាកមកខាងស្តាំដៃវិញរហូតដល់ក្រុងព្រះសីហនុ។
លោកបន្តថា “ផ្លូវដ៏សំខាន់នេះនឹងសាងសង់នៅខែវិច្ឆិកាហើយ នេះបើតាមការប្រកាលរបស់ឯកឧត្តមទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន”។លោកបន្តថា “ផ្លូវប្រវែងជាង១៩០គីឡូម៉ែត្រ និងចំណាយថវិកាសាងសង់១៩០០លានដុល្លារនេះ នឹងសាងសង់រយៈពេល៤ឆ្នាំ ហើយផ្លូវនេះនឹងមានរបងបិទជិតទាំងសងខាង ដើម្បីកុំឲ្យមានការរំខានពីការធ្វើចរាចរណ៍ឆ្លងកាត់ច្រើន”។
លោកវ៉ាស៊ីម សូរិយាបានបន្តថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កំពុងដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋលើគំរោងនេះ ប៉ុន្តែបញ្ចប់នាពេលណាលោកមិនទាន់ដឹងនៅឡើយ ហេតុនេះការសាងសង់ប្រហែលជាធ្វើបណ្តើរ ដោះស្រាយបណ្តើរ។
ផ្លូវល្បឿនលឿនឬ Express Wayនឹងមានទទឹង២៤ម៉ែត្រ ដោយរថយន្តអាចបើកបរបានពីរគន្លងទាំងទៅទាំងមក ហើយមានសួនច្បារនៅចំកណ្តាលតាំងពីរាជធានីភ្នំពេញ រហូតដល់ខេត្តព្រះសីហនុ៕
ប្រភព : Property area