ភ្នំពេញ៖ ដោយសារតម្រូវការនៃការសាងសង់អគារការិយាល័យ អគារខុនដូរខ្ពស់ៗ និងផ្សារទំនើបជាដើមនោះ បានធ្វើឱ្យតម្លៃដីនៅរាជធានីភ្នំពេញបានកើនឡើងយ៉ាងខ្លាំង នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
យោងតាមរបាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុន Key Real Estate បានបង្ហាញថា នៅឆាមាសទី1 ឆ្នាំ2018នេះ តម្លៃដីធ្លីនៅក្នុងខណ្ឌដូនពេញ មានតម្លៃខ្ពស់ជាងគេ ក្នុងរាជធានីភ្នំពេញ ដោយសារខណ្ឌមួយនេះ ជាមជ្ឈមណ្ឌលពាណិជ្ជកម្មមានតម្លៃថ្លៃបំផុត ហើយដីលំនៅដ្ឋានត្រូវបានលក់ក្នុងតំលៃ 3,500ដុល្លារក្នុងម៉ែត្រការ៉េ និងដីសម្រាប់ធ្វើពាណិជ្ជកម្មតម្លៃមធ្យមគឺ 6,100ដុល្លារក្នុងមួយម៉ែត្រការ៉េ។
ដីដែលមានតម្លៃថ្លៃស្ថិតនៅតាមសង្កាត់មួយចំនួន ដូចជាសង្កាត់ផ្សារថ្មី1 ផ្សារថ្មី2 និង ផ្សារថ្មី3 ក្នុងខណ្ឌដូនពេញមានដីពាណិជ្ជកម្មថ្លៃបំផុត ដែលអាចលក់បានក្នុងតម្លៃ 9,000 ដុល្លារក្នុងមួយម៉ែត្រការ៉េ រីឯដីលំនៅដ្ឋានសង្កាត់ផ្សារចាស់ មានតម្លៃខ្ពស់ជាង 4,000ដុល្លារក្នុម៉ែត្រការ៉េ។`
លោកសន សៀប ស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Key Real Estate បានពន្យល់ថា ហេតុផលសំខាន់បំផុតដែលនាំឱ្យដីក្នុងខណ្ឌនេះ មានតម្លៃថ្លៃជាងគេគឺទីផ្សារអចលនទ្រព្យ ដែលមានភាពចាស់ទុំនិងតម្លៃដីធ្លីខ្ពស់នៅក្នុងខណ្ឌនីមួយ។ លោកបានសង្កត់ធ្ងន់ថា វាជាតំបន់អភិវឌ្ឍចាស់ជាងគេហើយវាមានទីផ្សារធំ។ គោលដៅទេសចរណ៍ក៍ពេញនិយម ដូចជា ព្រះបរមរាជវាំង និងតំបន់មាត់ទន្លេផងដែរនៅក្នុងតំបន់នោះ។
តើដីនៅក្នុងខ័ណ្ឌណាមានតម្លៃទាបជាងគេ? តាមការសិក្សារបស់ក្រុមហ៊ុនដដែលនេះបានរកឃើញថា ដីដែលមានតម្លៃថោកជាងគេ គឺស្ថិតក្នុងខណ្ឌដែលនៅជាយក្រុង ពិសេសខណ្ឌដែលទើបង្កើតថ្មី នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដូចជា ខណ្ឌព្រែក ព្នៅ ខណ្ឌសែនសុខ ខណ្ឌពោធិសែនជ័យ ខណ្ឌដង្កោជាដើម ដែលគេអាចរកទិញដីបានក្នុងចន្លោះពី100ដុល្លារទៅ200ដុល្លារ ដែលជាប្រភេទដីលំនៅដ្ឋាន ហើយដីស្រែដែលនៅសេសសល់ មានតម្លៃប្រមាណពី20ដុល្លារ ទៅដល់60ដុល្លារក្នុងមួយម៉ែត្រការ៉េក៍មាន៕
ប្រភព : Property area