Register Already an agent ? Login

អង្ករម៉ាកសមូហភាព SKO ពូជសែនក្រអូប០១ របស់កម្ពុជា បានឈ្នះពានរង្វាន់មាសលើកទី២ នៅចិន

ភ្នំពេញ៖ អង្ករម៉ាកស​មូហភាព SKO ពូជសែនក្រអូប ០១ របស់កម្ពុជាបានឈ្នះពានរង្វាន់មាស នៅក្នុងកម្មវិធីវាយតម្លៃគុណភាពរសជាតិ ប្រភេទអង្ករសគ្រាប់វែង ចិន-អាស៊ាន លើកទី២ នៅប្រទេសចិន។ បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា។

កម្មវិធីនេះ រៀបចំឡើងដោយវិទ្យាស្ថានវិទ្យាសាស្ត្រស្រូវនៃបណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្មខេត្ត Guangxi និងមណ្ឌលការគ្រប់គ្រងគ្រាប់ពូជនៃតំបន់ស្វយ័ត Guangxi Zhuang របស់ប្រទេសចិន នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

អង្ករម៉ាក សមូហភាព SKO ដែលមានពូជស្រូវឈ្មោះសែនក្រអូប ត្រូវបានទទួលស្គាល់ជាពូជស្រូវល្អ និងមានរសជាតិឆ្ងាញ់ ព្រមទាំងបានជាប់ពានរង្វាន់មាស ក្នុងចំណោមពានមាសរបស់ពូជស្រូវរបស់ប្រទេសផ្សេងទៀត។

ការទទួលបាននូវពានរង្វាន់មាសនេះ នឹងជួយឱ្យតម្លៃអង្ករសែនក្រអូបមានការទទួលស្គាល់កាន់តែច្រើនឡើង និងមានទីផ្សារកាន់តែធំទូលាយថែមទៀត។

សហព័ន្ធស្រូវអង្ករកម្ពុជា បានអំពាវនាវដល់ប្រជាកសិករទាំងអស់ ខិតខំបន្តនូវការងារដាំដុះដែលប្រកបដោយគុណភាព និងមោទកភាពនេះជាបន្តទៀត។

គួបញ្ជាក់ថា ពូជស្រូវសែនក្រអូបជាពូជស្រូវមិនប្រកាន់រដូវដែលត្រូវបានដាំដុះដោយប្រជាកសិករតាំងពីពាក់កណ្តាលទស្សវត្ស៩០។ ឆ្លើយតបទៅកាន់ទីផ្សារ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា សកលវិទ្យាល័យភូមិន្ទកសិកម្ម សហព័ន្ធស្រូវអង្ករកម្ពុជា សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ និងកម្មវិធីខ្សែច្រវ៉ាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី បានរៀបចំកិច្ចព្រមព្រៀងសហប្រតិបត្តិការលើបច្ចេកទេស និងហិរញ្ញវត្ថុ។

រៀបចំឱ្យមានពូជស្រូវសែនក្រអូបមួយច្បាស់លាស់ ឆ្លងតាមការសិក្សានិងកិច្ចខិតខំរបស់អ្នកវិទ្យាសាស្ត្រស្រូវនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា បានសម្រាំងឡើងដោយជម្រើសឯកទត្តចេញពីពូជស្រូវក្រអូបផ្សេងៗ រហូតទទួលបានពូជស្រូវសែនក្រអូបមួយដែលល្អ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងឆ្នាំ២០១៩ ក្រោមឈ្មោះជាផ្លូវការថា សែនក្រអូប ០១៕

ដោយ៖ មឿន ឌីណា (Moeun Dyna)