Register Already an agent ? Login

រាជរដ្ឋាភិបាល បានសម្ពោធដាក់ឱ្យប្រើប្រាស់ វិថីតេជោសន្តិភាពឆ្នេរអង្កោលប្រវែង១,២គ.ម តម្លៃជាង១០លានដុល្លារ

កែប៖ វិថីតេជោសន្តិភាពឆ្នេរអង្គោលប្រវែងសរុប ១២ ៦៤៥ម៉ែត្រ ស្ថិតនៅភូមិកែប និងភូមិអង្គោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ក្រោមកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ីជាង ១០លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។

ពិធីសម្ពោធដែលកំពុងរៀបចំឡើងនៅព្រឹកនេះ គឺជាសក្ខីភាពនៃសមិទ្ធផលថ្មីមួយបន្ថែមទៀត របស់ជាតិស្ថិតនៅក្នុងភូមិសាស្ត្រតំបន់ទេសចរណ៍ខេត្តកែប ដែលបានលេចចេញជារូបរាងឡើ ង នៅក្នុងយុគសម័យតេជោសន្តិភាព និងជាការបង្ហាញឱ្យឃើញពីការសម្រេចចិត្តរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល។

វិថីតេជោសន្តិភាពឆ្នេរអង្កោល មានប្រវែងសរុប ១២,៦៤៥ម៉ែត្រ គឺជាអនុគម្រោងនៃគម្រោងហេដ្ឋា​រចនា​សម្ព័ន្ធ​​ទេសចរណ៍​សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គជំហាន​ទី២ ដែល​គ្រប់គ្រងដោយក្រសួងទេសចរណ៍។

គម្រោងនេះបានអនុវត្តការងារបច្ចេកទេស សាងសង់រួមមាន ការងារចាក់ក្រាលបេតុងកៅស៊ូប្រភេទ AC មានកម្រាស់ ១០សង់ទីម៉ែត្រ មានទទឹង ៥,៥ម៉ែត្រ សម្រាប់ផ្លូវឯកទិស និងទទឹង ១០ម៉ែត្រ សម្រាប់ផ្លូវដែលមាន ២គន្លង (១គន្លងទៅ ១គន្លងមក) និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗ។

ផ្លូវមួយខ្សែនេះ ត្រូវបានអនុវត្តការងារសាងសង់ដោយក្រុមហ៊ុន KIRI Dangrek Construction Co., Ltd. និង M.T.A Construction Co., Ltd. និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុន Renardet S.A. សហការជាមួយ SBK Research and Development ដែលបានប្រើ​ប្រាស់​រយៈពេលសាងសង់ចំនួន ២៤ខែ ចាប់ផ្ដើមក្នុងខែមករា ឆ្នាំ២០២២ និងបញ្ចប់ក្នុងខែមករា ឆ្នាំ២០២៤​។

គួរបញ្ជាក់ថា វិថីនេះ បាននិងកំពុងជួយសម្រួលដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ប្រមាណជាង ៦ ០០០គ្រួសារ ក្នុងការធ្វើចរាចរណ៍ដឹកជញ្ជូន និងការធ្វើដំណើរផ្សេងៗបានឆាប់រហ័ស និងមានសុវត្ថិភាព ជាពិសេសជួយទាក់ទាញសក្តានុពលទេសចរណ៍ និងជំរុញការអភិវឌ្ឍផ្សេងៗនៅតាមតំបន់ឆ្នេរមាត់សមុទ្រទាំងមូលឱ្យកាន់តែរីកចម្រើន និងល្អប្រសើរឡើងបន្ថែមទៀត។

វិថីនេះ ក៏បាននិងកំពុងដើរតួនាទីជាខ្សែផ្លូវលើកសម្រស់ទេសចរណ៍ខេត្តកែបឱ្យកាន់តែស្រស់ស្អាត និងមានរបៀបរៀបរយ តាមរយៈការបង្កើតឱ្យមានចំណតរថយន្ត ផ្លូវជិះកង់ និងផ្លូវថ្មើរជើងសម្រាប់ការដើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិនានា។

បន្ថែមពីនេះ វិថីនេះ ក៏ជាខ្សែផ្លូវតភ្ជាប់ពីក្រុងកែបទៅកាន់តំបន់សហគមន៍ទេសចរណ៍និងនេសាទនៅក្នុងឃុំអង្កោល និងលាតសន្ធឹងឆ្លងកាត់តំបន់កសិកម្ម តំបន់ស្រែអំបិល តំបន់ព្រៃកោងកាង និងតភ្ជាប់ជាមួយផ្លូវខេត្តលេខ១៣៣២ ក្នុងទិសដៅទៅមក រវាងស្រុកដំណាក់ចង្អើរ និងច្រកលក ខេត្តកំពត(ព្រំដែនកម្ពុជា-វៀតណាម) រួមទាំងតភ្ជាប់ជាមួយហេដ្ឋារចនាសម្ព័ន្ធខ្សែផ្លូវមួយចំនួននៅក្នុងភូមិសាស្រ្តខេត្តកែប ដើម្បីភ្ជាប់ទៅកាន់តំបន់ទីប្រជុំជន តំបន់ភូមិឋាន និងតំបន់ផ្សេងៗទៀតនៅក្នុងខេត្តកែប៕

ដោយ៖ មឿន ឌីណា (Moeun Dyna)