ភ្នំពេញ៖ បន្ទាប់ពីគំរោងផ្លូវក្រវ៉ាត់ក្រុងទី៣ត្រូវបានគូសវាស និងទទួលបានហិរញ្ញប្បទានសម្រាប់ដំណើរការសាងសង់ រដ្ឋាភិបាលតាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូន កំពុងសិក្សាលទ្ឋភាពសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤មួយទៀត ដើម្បីសម្រួលការដឹកជញ្ជូននូវតំបន់ជាយក្រុងភ្នំពេញ។
អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោក វ៉ាស៊ីម សូរិយា បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣នឹងចាប់ផ្តើមឆាប់ៗនេះ ដោយផ្លូវនេះចាកចេញពីតំបន់ទំនប់កប់ស្រូវ មកបញ្ចប់នូវទីតាំងកំពង់ផែស្វ័យត្នភ្នំពេញ និងផ្លូវក្រវ៉ាត់ក្រុងទី៤នឹងចាប់ផ្តើមចេញពីកំពង់ផែនេះ ឆ្ពោះទៅកាន់ស្ពានព្រែកតាមាក់ ដោយឆ្លងកាត់ស្រុកល្វាឯម និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
លោកបន្តថា តាមគំរោងផ្លូវនេះ អាចវាងចេញពីកំពង់ផែភ្នំពេញ ឆ្ពោះមកកាន់គំរោងស្ពានក្តីតាកុយ ឆ្ពោះទៅតំបន់អរិយក្សត្រ ប៉ុន្តែអាចមានលទ្ឋភាពមួយទៀត គឺការសាងសង់ស្ពានកាត់ទន្លេនៅស្រុកកៀនស្វាយមួយទៀត ឆ្ពោះទៅកាន់ស្រុកខ្សាច់កណ្តាល។ លោកបន្តថា ទោះជាយ៉ាងណាផែនការលំអិត ទាក់ទងគំរោងផ្លូវខ្សែក្រវ៉ាត់ក្រុងទី៤ មិនទាន់មានសិក្សាលំអិតនៅឡើយទេ។
ផ្លូវក្រវ៉ាត់ក្រុងទី៤ នឹងរត់មកប្រសព្វគ្នាជាមួយផ្លូវជាតិលេខ៨សព្វថ្ងៃនេះផងដែរ។
ដើមឡើយផ្លូវក្រវ៉ាត់ក្រុងទី១ ជាផ្លូវលខ២៧១សព្វថ្ងៃនេះ ប៉ុន្តែដោយសាររាជធានីភ្នំពេញមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ទើបផ្លូវក្រវ៉ាត់ក្រុងទី២បានសាងសង់ឡើងហើយបានបញ្ចប់កាលពីប៉ុន្មានឆ្នាំមុន។ ហេតុនេះការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ នឹងមិនគ្រប់គ្រាន់ទេ សម្រាប់ផែនការតភ្ជាប់និងសម្រួលការដឹកជញ្ជូន។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាធ្លាប់បានមានប្រសាសន៍រួចហើយថា ដើម្បីធ្វើឲ្យខ្សែសង្វាក់ដឹកជញ្ជូន និងតភ្ជាប់ផ្លូវក្រវ៉ាត់ក្រុង រដ្ឋាភិបាលនឹងសាងសង់ស្ពានពីក្តីតាកុយ ឆ្ពោះទៅតំបន់អរិយក្សត្រ និងស្ពានពីតំបន់ជ្រោយចង្វារទៅកាន់តំបន់ស្វាយជ្រុំនាពេលខាងមុខនេះ៕
ប្រភព : Property area