ភ្នំពេញៈ អ្នកជំនាញទីផ្សារសម្ភារៈសំណង់នៅក្នុងប្រទេសកម្ពុជាបានអោយដឹងថា ការប្រើប្រើសសម្ភារៈ គ្រឿងសំណង់ផ្សេងៗកំពុងមានការកើនឡើងខ្ពស់គួរអោយកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈ ស្ថេរភាពនយោបាយ សេដ្ឋកិច្ចក្នុងប្រទេសមានស្ថានភាពល្អ និង វិស័យសំណង់ក្នុងប្រទេសកម្ពុជា ក៏កំពុងមាន ការរីកលូតលាស់ខ្លាំងទាំងនៅក្នុងទីប្រជុំជន និងជនបទ។
ថ្លែងនៅក្នុងពិធីសម្ពោធម៉ាក់សញ្ញាផលិតផលសម្ភារៈសំណង់ MC ពីប្រទេសម៉ាឡេស៊ីនៅថ្ងៃទី ១៨ ខែសីហានេះ នៅសណ្ឋាគារមួយនៅក្នុងទីក្រុងភ្នំពេញ លោក ហ៊ួត ជា អគ្គនាយកក្រុមហ៊ុន ហ៊ួត ជា បានអោយដឹងថា ប្រទេសកម្ពុជានៅពេលនេះ មានស្ថេរភាពនយោបាយ មានសេដ្ឋកិច្ចល្អ កំណើនការសាងសង់ច្រើននៅក្នុងប្រទេស កម្ពុជា ក៏សម្ភារៈគ្រឿងសំណង់ក៏កំពុងមានតម្រូវការការខ្លាំងណាស់ផងដែរ។
លោកបន្តថា ដោយមើលឃើញពីតម្រូវការទីផ្សារខ្ពស់នេះ ហើយទើបក្រុមហ៊ុនរបស់លោកបន្តនាំយកគ្រឿងសំណង់មក ពីក្រៅប្រទេសមកផ្គត់ផ្គង់នៅក្នុងទីផ្សារកម្ពុជា។
លោកបញ្ជាក់ថា សម្រាប់ទីផ្សារគ្រឿងសំណង់នៅតែបន្តបោះជំហ៊ានទៅមុខឥតឈប់ឈរ ដោយក្នុងនោះ ក្រុមហ៊ុយរបស់លោកទាំង ២៣ សាខានៅទូទាំងប្រទេសនៅតែដំណើរការ និងមានការបញ្ជាទិញពីអតិថិជនជាច្រើន ពុំមានអ្វីប្រែប្រួលនោះទេ។
លោកអគ្គនាយកក្រុមហ៊ុន ហួតជា រូបនេះ បានញ្ជាក់ទៀតថា ការផ្គត់ផ្គន់ទីផ្សារសម្ភរៈគ្រឿងសំណង់មិនមានអ្វីខ្វះខាតនោះទេ តែអ្វីដែលខ្វះខាតគឺការទទួលខុសត្រូវពីម្ចាស់ក្រុមហ៊ុនផ្គត់ផ្គង់ទៅវិញទេ ដូច្នេះហើយបានជាក្រុមហ៊ុនរបស់លោក បាននាំចូលតែសម្ភារៈសំណង់ណាដែលមានគុណភាព និងធនាដល់ការប្រើប្រាស់រយៈពេលវែង ។
តែយ៉ាងណាទន្ទឹមនឹងការរីកចម្រើនទីផ្សារសម្ភារៈសំណង់យ៉ាងណាក្តី ក៏ការប្រកួតប្រជែងក្នុងវិស័យនេះនៅតែមានខ្លាំងណាស់ដែរទាំងនៅក្នុងស្រុក និងក្រៅស្រុក ដែលតម្រូវអោយក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសំណង់នីមួយៗមានការធានាដល់ផលិតផលអោយមានគុណភាព និងស្តង់ស្តារខ្ពស់ផ្គត់ផ្គង់ជូនដល់អតិថិជនរបស់ខ្លួន។
របាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បង្ហាញថា ក្នុងរយៈពេល ០៦ខែ ដើមឆ្នាំ២០១៨ ក្រសួងបានផ្ដល់លិខិតអនុញ្ញាតសាងសង់បានចំនួន ១ ៦៤៣ គម្រោង មានផ្ទៃក្រឡាសំណង់សរុប ៥ ៣៥២ ៤២២ ម៉ែត្រការ៉េ មានតម្លៃវិនិយោគប៉ាន់ស្មាន ២ ១៥៣ ២១១ ១១៨ ដុល្លារសហរដ្ឋអាមេរិក ក្នុងនោះ ទុនវិនិយោគមកពីបរទេសចំនួន ៨ ប្រទេស មាន ២១ គម្រោង មានផ្ទៃក្រឡាសំណង់សរុប ៩២៨ ២៦៧ ម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មាន ៣៩៤ ៣៣២ ៣០០ ដុល្លារ។
វិស័យសំណង់ផ្ដល់ការងារ ដល់អ្នកជំនាញ និងកម្មករ ប្រមាណ ១៨ ម៉ឺននាក់ក្នុងមួយថ្ងៃនៅតាមការដ្ឋានសំណង់នៅទូទាំងប្រទេសព្រមទាំងទទួលបានប្រាក់ឈ្នួលពី ៤០០ដុល្លារ ទៅ ២ ៥០០ដុល្លារ ក្នុងមួយខែ។ នេះ សបញ្ជាក់នូវជំនឿជឿជាក់ និងសុទិដ្ឋិនិយម របស់វិនិយោគិន ក៏ដូចជាប្រជាពលរដ្ឋ មកលើសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍នៅកម្ពុជាក្នុងគ្រប់កាលទេសៈ ទាំងអស់
ប្រភព : Property area