ភ្នំពេញ៖ ផ្សារទំនើប Olympia Mall តម្លៃ៨០លានដុល្លារអាមេរិក បានផ្តោតលើអតិថិជនវ័យក្មេងជាគោលដៅ ដើម្បីពង្រីកឧត្តមភាពរបស់ខ្លួន ដែលមានទីតាំងនៅកណ្តាលក្រុងភ្នំពេញ។
តំណាងផ្សារទំនើបនេះ បាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះដឹងនាព្រឹកថ្ងៃទី៦ សីហានេះថា តាមគំរោងផ្សារទំនើបនេះនឹងបើកដំណើរការនៅខែធ្នូ ចុងឆ្នាំនេះ ជាមួយនឹងស្តង់សរុប១០៤ និងមានផ្ទៃក្រឡា១៥០០០ម៉ែត្រការ៉េ កំពស់៧ជាន់ក្នុងដំណាក់កាលទី១ ប៉ុន្តែដំណាក់កាលទី២អាចមានទំហំធំជាងនេះ។លោកបន្តថា អ្វីដែលផ្សារនេះមានឧត្តមភាព គឺមានបីចំណុចទី១ ជាទីតាំងស្ថិតនៅកណ្តាលក្រុង ជាតំបន់ពាណិជ្ជកម្មរសរវើក ទី២ មានផ្ទះអាជីវកម្ម និងខុនដូសរុប១៨០០ផ្ទះ ស្ថិតនៅក្នុងគំរោងនេះគាំទ្រ ដល់ផ្សារនេះ និងទី៣ អ្វីផ្តោតសំខាន់មួយទៀត គឺការរៀបចំប្រព័ន្ឋលក់ឲ្យមានភាពទាក់ទាញពិសេសអតិថិជនវ័យក្មេង និងអ្នកកំពុងបំពេញការងារ។
លោកបន្តថា “អ្វីដែលផ្សារនេះផ្តោតជាចំបងគឺអាហារដ្ឋាន ភោជនីយដ្ឋានគ្របដណ្តប់៦៥ភាគរយ និងអ្វីក្រៅពីនោះគឺការ fashion និងទំនិញដទៃទៀត”។ លោកបន្តថា “យើងរំពឹងថាផ្សារនេះនឹងទទួលបានជោគជ័យ ដោយសារលក្ខខ័ណ្ឌពិសេសខាងលើនិងកំនើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ”។
ក្រុមហ៊ុន OCIC បាននិងកំពុងត្រៀមអនុញ្ញាត្តឲ្យអតិថិជន ជួលស្តង់ក្នុងគំរោងនេះចូលដេគ័រស្តង់របស់ខ្លួននៅថ្ងៃទី១៥ សីហាខាងមុខនេះហើយ។
លោកទូច សំណាងអគ្គនាយករងក្រុមហ៊ុន OCIC ដែលកំពុងវិនិយោគគំរោង Olympia City បានថ្លែងថា ផ្សារទំនើបនេះគ្រោងបោះទុនវិនិយោគ ៨០លានដុល្លារអាមេរិក ជាគំរោងធំមួយដែលនឹងជួយធ្វើឲ្យតំបន់នេះកាន់តែរសរវើក។ គំរោងនេះល្អ និងទាក់ទាញ ហើយផ្សារទំនើបនេះនឹងទទួលបានជោគជ័យ។
យោងតាមការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia បានរកឃើញថា នៅឆ្នាំ២០១៨នេះផ្សារទំនើបចំនួន១៣បាន និងកំពុងគ្រោងបើកដំណើរការនៅរាជធានីភ្នំពេញ ហើយរហូតមកទល់ពេលនេះ ផ្សារមួយចំនួនបានបើករួចហើយ ដូចជាផ្សារទំនើបលំដាប់អន្តរជាតិ AEON MALL2, Eden Garden ជាដើម៕
ប្រភព : Property area