ភ្នំពេញ៖ ក្រុមអ្នកជំនាញអចលនទ្រព្យបានលើកឡើងថា តំបន់ភ្នំប្រសិទ្ឋនឹងមានការរីកចម្រើនលឿននាពេលអនាគតឆាប់ៗខាងមុខនេះ ដោយសារតំបន់មាននេះមានលក្ខអំណោយផលជាច្រើន។
អគ្គនាយកក្រុមហ៊ុន Century21 Mekong លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងនារសៀលថ្ងៃទី៣ សីហាកន្លងមកថា តំបន់ភ្នំប្រសិទ្ឋនឹងមានការរីកចម្រើនលឿននាពេលឆាប់ៗខាងមុខនេះ ដោយសារតំបន់នេះស្ថិតនៅកៀកនឹងរាជធានីភ្នំពេញ ពិសេសខ័ណ្ឌព្រែកព្នៅ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋទៅកាន់តំបន់នេះកាន់តែច្រើន ហើយផ្លូវមួយកាត់បឹងកប់ស្រូវឬបឹងតាមោឃត្រូវបានតភ្ជាប់ នឹងធ្វើឲ្យមានការសាងសង់បុរីឬលំនៅដ្ឋានផ្សេងៗកាន់តែច្រើននៅតំបន់នេះ។
លោកបន្តថា “តំបន់នេះមានសក្តានុពលខ្ពស់ ដោយស្ថិតនៅក្បែររាជធានីផង និងស្ថិតនៅក្បែរមណីយដ្ឋាន ដែលប្រជាពលរដ្ឋងាយទៅកំសាន្ត ឬលំហែរកាយចុងសប្តាហ៍ផង”។
ជាមួយគ្នានេះលោកលាងគង់ យិនស្ថាបនិកនិងជាអគ្គនាយកគេហទំព័រអចលនទ្រព្យឈានមុខគេនៅកម្ពុជា Propertyarea.asia បានថ្លែងថា ដោយសារភាពអំណោយផលទាំងនេះ រួមទាំងលក្ខខ័ណ្ឌអាកាសធាតុល្អប្រសើរ សណ្ឋានដីខ្ពស់មិនប្រឈមមុខនឹងការលិចទឹក បានធ្វើឲ្យមានការចាប់អារម្មណ៍វិនិយោគពីអ្នកវិនិយោគជាតិ អន្តរជាតិកាន់ តែច្រើនទៅកាន់តំបន់នេះ។ លោកបន្តថា តម្លៃដីធ្លីពីមុនមានត្រឹម៥ទៅ១០ដុល្លារ បច្ចុប្ប ន្នបានកើនដល់១៥ទៅ៣០ដុល្លារក្នុងមួយម៉ែត្រការ៉េ អាស្រ័យតាមតំបន់និមួយៗ ទំហំដី និងសណ្ឋានផ្លូវនៅតំបន់នេះ។
លោកបន្តថា “ខ្ញុំគិតថារយៈពេលបីទៅ៥ឆ្នាំខាងមុខ ការអភិវឌ្ឍនៅតំបន់នេះនឹងកញ្រ្ជោលខ្លាំង ហើយតម្លៃដីធ្លីនឹងកើនឡើងទ្វេរដង ធៀបនឹងបច្ចុប្បន្ន”។លោកបន្តថា “តាមប្រភពព៌តមានខ្ញុំទទួលបានគឺឯកឧត្តមជា សុផារ៉ាទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ កំពុងជម្រុញឲ្យមានការវិនិយោគលំនៅដ្ឋានតម្លៃសមរម្យនៅតំបន់នេះនាពេលឆាប់ៗ”។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកបណ្ឌិតគីម ហ៊ាងបានថ្លែងថា ជាការពិតតំបន់ភ្នំប្រសិទ្ឋពិតជាមានសក្តានុពលនាពេលអនាគត ព្រោះវាជាតំបន់ដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់លឿន ទៅកាន់តំបន់នេះ ដែលធ្វើឲ្យការធ្វើដំណើរចេញពីតំបន់ពាណិជ្ជកម្មក្នុងក្រុង ចេញទៅតំបន់នេះចំណាយពេលប្រមាណ១៥ទៅ២០នាទីប៉ុណ្ណោះ។
លោកបន្តថា “ការអភិវឌ្ឍនៅតំបន់នេះនឹងមានកម្រិតលឿន ដោយសារដីនៅទំនេរច្រើន សណ្ឋានដីល្អ ហេដ្ឋារចនាសម្ព័ន្ឋគាំទ្រមានភាពប្រសើរ”។លោកបន្តថា “តម្លៃដីនៅតំបន់នេះមានភាពសមស្របនាពេលបច្ចុប្បន្ន ប៉ុន្តែវានឹងកើនឡើងខ្ពស់ថែមទៀតនាពេលអនាគត”៕
ប្រភព : Property area