ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានអះអាងថា តម្លៃដីធ្លីនៅកម្ពុជាបន្តកើនឡើងមុន និងក្រោយការបោះឆ្នោតអាណត្តិទី៦នេះ។
ក្នុងជំនួបជាមួយកម្មករ និយោជិតរាប់ម៉ឺននាក់នៅតំបន់ផ្លូវវេងស្រេង នាព្រឹកថ្ងៃទី២ សីហានេះ សម្តេចតេជោបានមានប្រសាសន៍ថា មានឈ្មួញដីធ្លីខ្លះបានទិញដីធ្លីច្រើនទាំងមុន និងក្រោយការបោះឆ្នោត ហើយឈ្មួញខ្លះបានទិញនៅមុនការបោះឆ្នោត ដោយសារពួកគេដឹងថា ការបោះឆ្នោតដីនឹងឡើងថ្លៃទៀតហើយ ហើយការប្រមូលពន្ឋដាបានបន្តកើនឡើង។
សម្តេចបន្តថា អាជីវករនៅតាមបណ្តាទីផ្សារនានាបាននិយាយថា អស់ពួកអាចង្រៃនោះ (សំដៅអតីតបក្សប្រឆាំង) ពួកគេលក់ដូរបានធម្មតា ហើយពួកគេមិនបារម្ភពីការត្រូវរើតូបផ្សារ និងជ្រួលច្របល់នោះទេ។
នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាងអាន សុធីតាបានយល់ស្របនឹងការលើកឡើងរបស់ប្រមុខរដ្ឋាភិបាល ប៉ុន្តែបានអះអាងថា ការឡើងតម្លៃដីធ្លីនៅឆ្នាំ២០១៨នេះ បើមើលជាទូទៅគឺឡើងថ្លៃទាបជាងឆ្នាំមុន និងឡើងតាមតំបន់ដោយតំបន់ខ្លះកើនឡើងខ្លាំង ហើយតំបន់ខ្លះក៏ស្ថិតក្នុងសភាពទ្រឹងផងដែរ។អ្នកនាងបន្តថា ផ្ទុយទៅវិញ តម្លៃដីធ្លីនៅខេត្តព្រះសីហនុបានកើនខ្លាំង ដែលតំបន់ខ្លះដូចជាតំបន់អូរឈើទាល តំបន់អូរត្រេះជាដើម តម្លៃដីបានកើនរហូតដល់១០០ទៅ២០០ភាគរយក៏មាន។
អ្នកនាងបន្តថា “ជាទូទៅតម្លៃដីធ្លីក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បានកើនឡើងយ៉ាងល្អប្រសើរ ដោយសារកំនើនសេដ្ឋកិច្ច ស្ថិរភាពនយោបាយ និងកំនើននៃលំហូរវិនិយោគផ្ទាល់ពីបរទេស”៕
ប្រភព៖ Property area