ភ្នំពេញ៖ ក្រុមអ្នកជំនាញក្នុងវិស័យទេសចរណ៍បានអះអាងថា ការមកដល់សណ្ឋាគារថ្មីៗ លំដាប់ពិភពលោកនៅកម្ពុជាជាបន្តបន្ទាប់ មិនសម្លាប់សណ្ឋាគារក្នុងស្រុកទេ ផ្ទុយទៅវិញវានឹងជួយដល់ឧស្សាហកម្មនេះនៅកម្ពុជា។
ប្រធានសមាគមសណ្ឋាគារកម្ពុជា លោកឌិន សុមេធារិទ្ឋបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៣១ កក្កដានេះថា ការមកដល់សណ្ឋាគារលំដាប់អន្តរជាតិល្បីៗដូចជា Marriot, Rosewoodជាដើម ជាការជួយលើកកំពស់មុខមាត់កម្ពុជា ព្រោះនៅពេលពួកគេចូលមកកម្ពុជា ពួកគេនឹងផ្សព្វផ្សាយពីកម្ពុជាទៅកាន់ពិភពលោក និងទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកធុរកិច្ចមកកាន់កម្ពុជាកាន់តែច្រើន។
លោកបន្តថា “ពួកគេប្រៀបដូចជាពេជ្រ មិនអាចមកប្រកួតជាមួយមាស ឬប្រាក់នោះទេ ហេតុនេះយើងស្វាគមន៍ពួកគេចូលមកកាន់តែច្រើន កាន់តែល្អប្រសើរ”។លោកបន្តថា “សណ្ឋាគារធំៗទាំងនោះ ពួកគេមិនមកចងមុងទេ គឺមានន័យថា ទាល់តែទីផ្សារកម្ពុជាមានភាពរួចរាល់ ឬទាក់ទាញរួចហើយទើបពួកគេចូលមកកាន់ទីផ្សាររបស់យើង”។
លោកឌិន សុមេធារិទ្ឋបានបន្តថា ដូចជាហាងកាហ្វេ STARBUCK ពួកគេមិនចូលមកទីផ្សារកម្ពុជាទេ ប្រសិនជាទីផ្សារនេះមិនទាន់មានភាពទាក់ទាញ។ ដូច្នេះប្រសិនជាហាងអាហារហ័សទាន់ចិន McDonald ចូលមកទៀត ពិតជាប្រសើរណាស់សម្រាប់ទីផ្សារកម្ពុជា។
លោកបន្តថា ទាក់ទងនឹងតម្លៃបន្ទប់សណ្ឋាគារវិញ គឺមិនបានឡើងថ្លៃទេ ដោយសារការផ្គត់ផ្គង់កើនឡើង ហើយគុណភាពសេវាកម្ម និងបដិសណ្ឋារកិច្ចក៏កាន់តែមានភាពល្អប្រសើរផងដែរ។
ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកហូ វណ្ឌីបានថ្លែងថា ការមកដល់នៃសណ្ឋាគារ Rosewood, Marriot ជាដើមសុទ្ឋតែជារឿងល្អសម្រាប់កម្ពុជា ព្រោះនៅពេលពួកគេមកដល់ ពួកគេនឹងចូលរួមផ្សព្វផ្សាយពីកេរ្ត៍ឈ្មោះកម្ពុជាដោយឥតគិតថ្លៃ ទៅកាន់ពិភពលោក។
លោកបន្តថា ការមកដល់សណ្ឋាគារទាំងនោះឆ្លុះបញ្ចាំងពីទំនុកចិត្ត ដែលធ្វើឲ្យកម្ពុ ជានឹងទាក់ទាញបានភ្ញៀវទេសចរណ៍អន្តរជាតិ និងទាក់ទាញអ្នកជំនួញច្រើនថែមទៀតមកកាន់ប្រទេសនេះ”៕
ប្រភព : Property area