ភ្នំពេញ៖ បើទោះបីជាសកម្មភាពនៃការសាងសង់ហាក់មានភាពថមថយបន្តិចបន្តួច បើប្រៀបទៅនឹងឆ្នាំកន្លងទៅដោយសារវឌ្ឍនភាពក្នុងវិស័យនេះក៏ពិតមែន ប៉ុន្តែបើផ្អែកតាមសូចនាករសំខាន់ៗដូចជា ការនាំចូលនូវសម្ភារសំណង់គ្រប់ប្រភេទ និងការបញ្ចេញឥណទានចំពោះវិស័យសំណង់ ក៏ដូចជាគម្រោងវិនិយោគនានានៅតែបង្ហាញពីកំណើនដដែល។
យោងតាមរបាយការណ៍ក្រសួងដែនដី និងសំណង់ ដែលត្រូវបានគណនាដោយស្ថាប័នពាក់ព័ន្ឋបង្ហាញថា បរិមាណនៃការនាំចូលសម្ភារសំណង់មានកំណើនប្រមាណជា ២៧% នៅឆមាសទី១ ឆ្នាំ២០១៨នេះ។ កំណើនវិនិយោគក្នុងវិស័យសំណង់ វាគឺជាសូចនាករមួយទៀតដែលបង្ហាញពីភាពរីកចម្រើននៃវិស័យនេះ ដែលបានកើនឡើង១៤% ដល់ប្រមាណ ១.៧៤២គម្រោង ដែលក្នុងនោះសំណង់លំនៅដ្ឋានបានរួមចំណែកដល់ទៅ៨៥% នៃគម្រោងសាងសង់សរុបកំពុងដំណើរការ។
កំណើននៃសំណង់លំនៅដ្ឋាន គឺដោយសារតែសំណង់ថ្មីៗ ភាគច្រើនផ្តោតលើសំណង់ដែលមានតម្លៃទាបជាងមុន ដើម្បីផ្គត់ផ្គង់តម្រូវការរបស់ប្រជាជន ដែលមានចំណូលមធ្យមនិងទាប។ កំណើននេះសម្រេចបានដោយសារវិនិយោគិនបន្តមានទំនុកចិត្ត មកលើស្ថានភាពនយោបាយនៅកម្ពុជា ជាពិសេសចាប់តាំងពីពេលដែលកម្ពុជា ឈានឡើងពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបតាំងចាប់ពីឆ្នាំ២០១៥មក រួមជាមួយ ការអនុវត្តគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់គុណភាពសេវាកម្ម ក្នុងវិស័យសំណង់ដូចជាការសម្រួលសេវានិងពេលវេលា និងការស្នើសុំគម្រោងសាងសង់ជាដើម៕
ប្រភព : Property area